បក្ស​ប្រឆាំង​ខេត្ត​កំពង់ចាម​ថា​ការ​កោះ​ហៅ​មន្ត្រី​មូលដ្ឋាន​ខ្លួន​ទៅ​សួរ​បន្តបន្ទាប់​ជា​រឿង​នយោបាយ

0:00 / 0:00

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ខេត្ត​កំពង់ចាម មើល​ឃើញ​រូបភាព​នៃ​ការ​កោះហៅ​មន្ត្រី​របស់​ខ្លួន​ទៅ​សាកសួរ​ជា​បន្តបន្ទាប់ តាំង​ពី​ថ្នាក់​ឃុំ​រហូត​ដល់​ថ្នាក់​ក្រុង គឺ​ជា​រឿង​នយោបាយ។ ពួកគេ​បញ្ជាក់​ថា រឿង​ខ្លះ​អាច​សម្របសម្រួល​គ្នា​បាន ហើយ​រឿង​ខ្លះ​ទៀត​ស្ងាត់បាត់​រាប់​ឆ្នាំ ប៉ុន្តែ​ត្រូវ​បាន​តុលាការ​សើរើ​ឡើង​វិញ​ដែរ។ ការ​លើក​ឡើង​នេះ ក្រោយ​ពេល​តុលាការ​ចេញ​ដីកា​ជា​បន្តបន្ទាប់​កោះហៅ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ៤​រូប ចូល​បំភ្លឺ​ជុំវិញ​សំណុំ​រឿង​ផ្សេងៗ​គ្នា។

មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ខេត្ត​កំពង់ចាម យល់​ថា ការ​កោះហៅ​មន្ត្រី​របស់​ខ្លួន​ជា​បន្តបន្ទាប់​គឺ​ជា​ចេតនា​បំបាក់​ស្មារតី មន្ត្រី​ទាំង​នោះ​មិន​ចង់​ឱ្យ​ពួកគេ​បន្ត​ជីវិត​នយោបាយ​ជាមួយ​គណបក្ស​ប្រឆាំង។ ក្រៅ​ពី​នេះ គឺ​ជា​រូបភាព​គំរាមកំហែង​ដោយ​ប្រយោល​ទៅ​កាន់​មន្ត្រី​ឃុំ​ជាប់​ឆ្នោត​ថ្មី​នៅ​ខេត្ត​នេះ ដែល​បង្ក​ការ​លំបាក​ដល់​ដំណើរ​ការ​បំពេញ​ភារកិច្ច​ជូន​ពលរដ្ឋ​ជាដើម។

អនុ​ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​កំពង់ចាម លោក កៅ ចេស្តា មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១៣ ខែ​កក្កដា មាន​ប្រសាសន៍​ថា ស្ថានភាព​គំរាមកំហែង​មន្ត្រី​របស់​ខ្លួន ដោយ​ប្រើ​ប្រព័ន្ធ​តុលាការ និង​សមត្ថកិច្ច​កាន់​តែ​មាន​សភាព​អាក្រក់​ឡើងៗ។ លោក​បញ្ជាក់​ថា មាន​មន្ត្រី​របស់​ខ្លួន​ចំនួន ៤​រូប ដែល​ត្រូវ​បាន​តុលាការ​ចេញ​ដីកា​កោះហៅ​ឱ្យ​ចូល​បំភ្លឺ​ចាប់​តាំង​ពី​ថ្ងៃ​ទី​៥ ខែ​កក្កដា ដល់​ថ្ងៃ​ទី​៩ ខែ​សីហា ខាង​មុខ និង​មាន​មន្ត្រី​ឃុំ​ចំនួន ៣​រូប​ទៀត ត្រូវ​បាន​សមត្ថកិច្ច​ស្រុក​ហៅ​បំភ្លឺ​ជុំវិញ​សំណុំ​រឿង​មួយ​ចំនួន បើ​ទោះ​បី​ករណី​ខ្លះ​គ្រាន់តែ​ជា​កំហុស​ផ្នែក​រដ្ឋបាល​ក្តី៖ «ខ្ញុំ​ពិនិត្យ​រឿង​ទាំង​អស់​ហ្នឹង ដែល​កើត​ឡើង​តាំង​ពី​មុន​ពេល​បោះឆ្នោត​រហូត​មក​ហ្នឹង មក​ដល់​ការ​ចាប់​អនុវត្ត​ក្រោយ​ការ​បោះឆ្នោត​គឺ​ទទួល​បាន​ប្រភព​មក​ថា ជា​រឿង​នយោបាយ»

មន្ត្រី​តុលាការ​ខេត្ត​កំពង់ចាម សម្រេច​ចេញ​ដីកា​កោះហៅ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ជុំវិញ​សំណុំរឿង​មួយ​ចំនួន រួម​មាន​សមាជិក​ក្រុមប្រឹក្សា​ឃុំ​តាប្រុក ស្រុក​ចម្ការលើ លោក ស៊ុយ សុខឃីម ដែល​ត្រូវ​បាន​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត​កំពង់ចាម លោក ប្លង់ សុផល កោះ​ហៅ​ឱ្យ​ចូល​បំភ្លឺ​នៅ​ថ្ងៃ​ទី​៥ ខែ​កក្កដា ជុំវិញ​សំណុំរឿង​ហិង្សា​ដោយ​ចេតនា​ទៅ​លើ​សកម្មជន​គណបក្ស​ប្រជាជន​កម្ពុជា ប៉ុន្តែ​លោក​មិន​បាន​ចូល​បំភ្លឺ​ទេ ដោយ​សុំ​ពន្យារ​ពេល។

អនុ​ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​កំពង់ចាម លោក កៅ ចេស្ដា។ Photo provided
អនុ​ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​កំពង់ចាម លោក កៅ ចេស្ដា។ Photo provided (Photo provided)

មួយ​ទៀត សំណុំរឿង​អតីត​ប្រធាន​សហជីព​សេរី​កម្មករ អ្នកស្រី គិន ស្រីអូន និង​អតីត​ប្រធាន​សម្ព័ន្ធ​សហជីព​កម្ពុជា លោក ចន ធាង ដែល​ធ្លាប់​បំពេញ​ការងារ​នៅ​រោងចក្រ មេតថេក ខេមបូឌា (Metec Cambodia) ត្រូវ​បាន​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត លោក ប៉ុក សុវណ្ណមុនី្ន ចេញ​ដីកា​បង្គាប់​ឱ្យ​ចូល​ខ្លួន​បំភ្លឺ​ជុំវិញ​បទ​ចោទ​ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ និង​ប្រើប្រាស់​មធ្យោបាយ​ដើម្បី​ជា​ឧបសគ្គ​ដល់​ចរាចរណ៍​សាធារណៈ​ដែល​បាន​ធ្វើ​ឡើង​កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១៣។ អ្នក​ទាំងពីរ បច្ចុប្បន្ន​ម្នាក់ គឺ​អ្នកស្រី គិន ស្រីអូន ជា​សមាជិក​ក្រុមប្រឹក្សា​ក្រុង​កំពង់ចាម មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ និង​ម្នាក់​ទៀត គឺ​លោក ចន ធាង ជា​លេខា​ចលនា​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​កំពង់ចាម។

​ចំណែក​ករណី​មួយ​ទៀត គឺ​មេ​ឃុំ​បុសខ្នុរ ជាប់​ឆ្នោត​ថ្មី​មក​ពី​គណបក្ស​ប្រឆាំង លោក ហ៊ុន សុខគង់ ត្រូវ​បាន​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត លោក ស៊ន មុនី កោះ​ហៅ​ឱ្យ​ចូល​បំភ្លឺ​នៅ​ថ្ងៃ​ទី​៩ ខែ​សីហា ពាក់ព័ន្ធ​ជម្លោះ​បង្ក​ជា​អំពើ​ហិង្សា​ស្រាល រវាង​កូន​របស់​មេ​ឃុំ​ថ្មី​រូប​នេះ អាយុ ១២​ឆ្នាំ ជាមួយ​ក្មេង​ម្នាក់​ទៀត​ដែល​គេ​ដឹង​ថា ជា​កូន​សកម្មជន​គណបក្ស​ប្រជាជន​កម្ពុជា។ បញ្ហា​ទាំង​នេះ លោក កៅ ចេស្តា កាន់​តែ​បារម្ភ​ចំពោះ​ការ​បំពេញ​ភារកិច្ច​ជូន​ពលរដ្ឋ​នៅ​តាម​មូលដ្ឋាន ពីព្រោះ​មិន​បាន​បម្រើ​ការងារ​ជូន​ពួកគាត់​ឱ្យ​បាន​ពេញ​ដៃ​ពេញ​ជើង​ទេ ដោយសារ​មាន​ការ​ភ័យខ្លាច​ចំពោះ​ការ​តាម​ចាប់​កំហុស​ពី​ដៃគូ​នយោបាយ​ម្ខាង​ទៀត​ដោយ​ប្រើ​តុលាការ​ជា​បង្អែក៖ «ជំហាន​ទី​មួយ​នេះ គណបក្ស​សង្គ្រោះ​ជាតិ បាន​ពង្រឹង​មន្ត្រី​របស់​ខ្លួន​ឱ្យ​អនុវត្ត​ច្បាប់​ឱ្យ​បាន​ហ្មត់ចត់ ឱ្យ​ត្រឹមត្រូវ និង​ទី​ពីរ​ឱ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់»

សកម្មភាព​កោះហៅ និង​សើរើ​រឿង​ចាស់​របស់​មន្ត្រី​គណបក្ស​ជំទាស់​ពេល​នេះ ក្រោយ​ពេល​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-​សង្កាត់ អាណត្តិ​ទី​៤ កន្លង​ទៅ លទ្ធផល​បង្ហាញ​ថា នៅ​ខេត្ត​កំពង់ចាម គណបក្ស​សង្គ្រោះ​ជាតិ ឈ្នះ​ជា​មេឃុំ​ចំនួន ៧៤​ឃុំ-​សង្កាត់ ក្នុង​ចំណោម​ចំនួន​ឃុំ-​សង្កាត់​សរុប​ចំនួន ១០៩ គឺ​ឈ្នះ​ដាច់​គណបក្ស​កាន់​អំណាច និង​ស្រប​ពេល​អភិបាល​ខេត្ត​កំពង់ចាម​ថ្មី លោក គួច ចំរើន បាន​ចូល​មក​ដឹកនាំ​ខេត្ត​មួយ​នេះ។

សមាជិក​ក្រុមប្រឹក្សា​ក្រុង​កំពង់ចាម អ្នកស្រី គិន ស្រីអូន មិន​បារម្ភ​ចំពោះ​ការ​កោះហៅ​ទេ ព្រោះ​សកម្មភាព​ពួកគាត់​ធ្វើ​កាល​ពី​ឆ្នាំ​២០១៣ គឺ​ដើម្បី​ស្វែង​រក​ផលប្រយោជន៍​ជូន​កម្មករ ពោល​គឺ​ទាមទារ​ប្រាក់​ខែ​គោល​ចំនួន ១៦០​ដុល្លារ​ប៉ុណ្ណោះ មិន​បាន​ធ្វើ​ខុស​ច្បាប់​នោះ​ទេ។ អ្នកស្រី​ថា នឹង​ចូល​បំភ្លឺ​តាម​ការ​កោះ​ហៅ ប្រសិនបើ​មាន​ដីកា​នៅ​ក្នុង​ដៃ៖ «ខ្ញុំ​ចង់​ឱ្យ​សំណុំរឿង​ហ្នឹង វា​មិន​មែន​ពាក់ព័ន្ធ​អី​ធ្ងន់ធ្ងរ ហើយ​វា​បាន​កន្លង​ផុត​ទៅ​ច្រើន​ឆ្នាំ​ហើយ ខ្ញុំ​ចង់​ឱ្យ​ខាង​តុលាការ និង​និយោជក​ក្រុមហ៊ុន​អី​ទម្លាក់​ចោល​សំណុំរឿង​ហ្នឹង»

​មន្ត្រី​អង្កេត​សមាគម​អាដហុក (ADHOC) ខេត្ត​កំពង់ចាម លោក មាន ព្រហ្មមុនី ដែល​បាន​តាមដាន​ករណី​ទាំង​នេះ​បញ្ជាក់​ថា ពលរដ្ឋ​នឹង​វាយ​តម្លៃ​លើ​បញ្ហា​ដែល​កើត​ឡើង​ទៅ​លើ​មន្ត្រី​គណបក្ស​ប្រឆាំង​ថា ជា​រឿង​នយោបាយ ឬ​ជា​បទល្មើស​ពិតប្រាកដ។ លោក​យល់​ថា ករណី​ទាំង​នោះ គឺ​ជា​ការ​គំរាមកំហែង​ដល់​មន្ត្រី​គណបក្ស​ប្រឆាំង ដ្បិត​រឿង​ខ្លះ​កើត​ឡើង​តិចតួច ហើយ​អាច​សម្របសម្រួល​គ្នា​ក្រៅ​ប្រព័ន្ធ​តុលាការ​បាន៖ «ប៉ុន្តែ​គំរាមកំហែង​បែប​ហ្នឹង ខ្ញុំ​គិត​ថា វា​មិន​សូវ​មាន​ប្រសិទ្ធភាព​ទេ ព្រោះ​ឥឡូវ​នេះ​ប្រជាពលរដ្ឋ​គាត់​យល់​អស់​ហើយ»

​លោក​យល់​ថា ប្រសិនបើ​ដំណើរ​ការ​រឿង​ក្តី​ទាំង​នេះ​នៅ​តែ​បន្ត ពលរដ្ឋ​ទៅ​វិញ​ទេ​ដែល​ខាត​ប្រយោជន៍ ព្រោះ​មន្ត្រី​រាជការ​ដែល​ពួកគេ​បោះឆ្នោត​គាំទ្រ​មិន​បាន​បម្រើ​ការងារ​ពេញលេញ​ជូន​ពួកគាត់។ បន្ថែម​ពី​នេះ ធ្វើ​ឱ្យ​ប្រព័ន្ធ​តុលាការ​នៅ​តែ​រង​ការ​រិះគន់ និង​បាត់បង់​ជំនឿ​ពី​សាធារណជន ម្យ៉ាង​បង្ហាញ​ពី​រូបភាព​បែក​បាក់​ជាតិ​កាន់តែ​ធ្ងន់ធ្ងរ​ទៀត​ផង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។