អនុប្រធានទី១ គណបក្សខ្មែរឈប់ក្រ ប្រចាំខេត្តព្រៃវែង និងជាតំណាងរាស្ត្រលំដាប់លេខរៀងទី២ ប្រចាំខេត្តព្រៃវែង លោក ជីវ វិបុល បានចោទប្រកាន់អភិបាលរងស្រុកពាមរ លោក ប៉ៃ ម៉េង ថាបានដកស្លាកសញ្ញាគណបក្សរបស់លោក ព្រមទាំងបានប្រើពាក្យសម្ដីមើលងាយគណបក្សលោកទៀតផង៖ «គាត់ដកហ្នឹង ទី១ គាត់ថាដាក់នៅក្បែរដីកូនរបស់គាត់ ហើយទី២ គាត់ថាពួកលោកឯងទាំងអស់គ្នាហ្នឹង គាត់ឲ្យឈប់ធ្វើនយោបាយយូរហើយ នៅតែធ្វើ ហើយគាត់ប្រមាថមកលើបេក្ខជនតំណាងរាស្ត្រ គាត់ដៀលត្មះ ហើយគាត់ទៅច្រានបង្គោលគណបក្សខ្មែរឈប់ក្រ ឲ្យដួលរលំ»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងសុំការបំភ្លឺពីលោកអភិបាលរងស្រុកពាមរ នោះបានទេ ត្រឹមរសៀលថ្ងៃទី៦ កក្កដា។
ទោះបីយ៉ាងនេះក្តី ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតឃុំព្រែកខ្សាយខ លោក សាន់ សុផារិទ្ធ បានបញ្ជាក់ថា លោកអភិបាលរងស្រុករូបនោះមិនមានចេតនាដកស្លាកសញ្ញាគណបក្សខ្មែរឈប់ក្រ នោះទេ។ ដើមចមនៃរឿងហេតុ គឺបណ្ដាលមកពីគណបក្សនោះដាក់ស្លាកសញ្ញាគណបក្សខ្លួននៅកៀនរបងផ្ទះរបស់លោកអភិបាលរងស្រុក ទាំងមិនមានការអនុញ្ញាតពីម្ចាស់ដី។ លោកបានឲ្យដឹងថា ដីនោះជាដីអាស្រ័យផលរបស់លោក ប៉ៃ ម៉េង ព្រោះស្លាកអាជីវកម្មជួសជុលរថយន្តរបស់លោក ប៉ៃ ម៉េង ត្រូវបានស្លាកសញ្ញាគណបក្សនោះបាំងមិនអាចមើល៖ «ម្ចាស់ដីហ្នឹងជាអភិបាលរងស្រុកដែរ ហើយយើងយកទៅដាក់ឃ្លាតពីស្លាកអាជីវកម្មជួសជុលរថយន្តហ្នឹង។ ដាក់ទៅបាំងស្លាកគាត់។ ផ្លូវមកពីស្វាយរៀង ហ្នឹង មើលអត់ឃើញទេ បាំង។ តំណាងគណបក្សខ្មែរឈប់ក្រ ខុសច្រើនជាង»៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
