ថ្នាក់ដឹកនាំគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ចព្រមានថា នឹងធ្វើមហាបាតុកម្មប្រឆាំងនឹងគណបក្សសង្គ្រោះជាតិ ដោយស្នើឲ្យម្ចាស់ឆ្នោតចាត់ទុកជាមោឃៈនូវបេក្ខភាពជាប់ឆ្នោតនៃគណបក្សនេះចេញពីរដ្ឋសភា។
ការព្រមាននេះ ធ្វើឡើងបន្ទាប់ពីគណបក្សសង្គ្រោះជាតិ នៅតែប្រកាន់ជំហរមិនចូលក្នុងរដ្ឋសភាជាមួយគណបក្សប្រជាជនកម្ពុជា ហើយប្រកាសថា នឹងធ្វើមហាបាតុកម្ម ៣ថ្ងៃក្នុងសប្ដាហ៍នេះ ទាមទារឲ្យមានការបង្កើតគណៈកម្មការឯករាជ្យស្វែងរកការពិតពីភាពមិនប្រក្រតីនៃការបោះឆ្នោត។
ក្នុងសន្និសីទកាសែតធំដ៏កម្រមួយនៅថ្ងៃទី២១ ខែតុលា របស់គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ដែលមានបណ្ដាញទូរទស្សន៍ស្ទើរគ្រប់ប៉ុស្តិ៍ចូលរួម រួមមានទូរទស្សន៍បាយ័ន អប្សរា ទូរទស្សន៍ប៉ុស្តិ៍លេខ៥ ខេមរភូមិន្ទ និងវិទ្យុជាតិ និងមានការចូលរួមឃ្លាំមើលពីមន្ត្រីជាន់ខ្ពស់នៃទីស្ដីការគណៈរដ្ឋមន្ត្រីដែរនោះ លោក ហួន រាជចំរើន ប្រធានគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច បានថ្លែងដោយចាត់ទុកការគេចវេះរបស់គណបក្សសង្គ្រោះជាតិ មិនចូលរួមសភាជាមួយគណបក្សប្រជាជនកម្ពុជា ថាជាទង្វើក្បត់ឆន្ទៈពលរដ្ឋជាម្ចាស់ឆ្នោត។
គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច នឹងដាក់លិខិតមួយទៅគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី២២ ខែតុលា ដើម្បីស្នើសុំឲ្យគណបក្សនេះចូលរួមក្នុងសភា ហើយបញ្ឈប់រាល់ការប្រឆាំងទាមទារទាំងអស់ និងងាកមកបង្រួបបង្រួមជាតិ តាមច្បាប់រដ្ឋធម្មនុញ្ញ ព្រមទាំងព្រមានថា បើគណបក្សនេះមិនធ្វើតាមទេនោះ គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច នឹងកៀរគរពលរដ្ឋធ្វើបាតុកម្មប្រឆាំងនឹងគណបក្សសង្គ្រោះជាតិ។
លោកបញ្ជាក់ថា ការគេចវេះមិនចូលរួមរបស់គណបក្សប្រឆាំងនៅពេលនេះ កំពុងរុញច្រានឲ្យពលរដ្ឋធ្លាក់ចូលទៅក្នុងមហន្តរាយសេដ្ឋកិច្ច បាត់បង់សេដ្ឋកិច្ចគ្រួសារ ខាតពេលវេលាពេលមកចូលរួមធ្វើបាតុកម្ម ពិសេសធ្វើឲ្យបាត់ជំនឿចិត្តទៅលើគណបក្សនយោបាយ។
យ៉ាងណាបេក្ខជនជាប់ឆ្នោតជាតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក ឡុង រី បញ្ជាក់ដោយមានជំនឿថា គណបក្សតូចៗដែលមិនសូវមានសំឡេងគាំទ្រពីម្ចាស់ឆ្នោត មិនអាចកៀរគរកម្លាំងចលករពីពលរដ្ឋឲ្យមកប្រឆាំងនឹងគណបក្សសង្គ្រោះជាតិ ដែលមានការគាំទ្រពីពលរដ្ឋជិត ៣លាននាក់បានឡើយ។
គណបក្សសង្គ្រោះជាតិ មានសំឡេងគាំទ្រជិត ៣លាននាក់ អាចមានសមត្ថភាពកៀរគរពលរដ្ឋមកពីបណ្តាខេត្តនានាឲ្យមកចូលរួមធ្វើបាតុកម្មអហិង្សានៅទីលានប្រជាធិបតេយ្យជាច្រើនម៉ឺននាក់។ យ៉ាងណាគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ដែលមិនឈ្នះមួយអាសនៈក្នុងរដ្ឋសភា ទំនងក៏អាចរកសំឡេងគាំទ្រ ឬកម្លាំងមកធ្វើបាតុកម្មប្រឆាំងគណបក្សសង្គ្រោះជាតិបានច្រើនដូចការកៀរគររបស់លោក ជុំ ម៉ី ជនរងគ្រោះក្នុងរបបខ្មែរក្រហម ដែលមិនសូវមានប្រជាប្រិយភាព បែរជាអាចឲ្យមនុស្សជាង ២ម៉ឺននាក់ ធ្វើបាតុកម្មប្រឆាំងលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិមុនការបោះឆ្នោត បន្ទាប់ពីមានភ្លើងខៀវពីប្រមុខរដ្ឋាភិបាល។
ជុំវិញបញ្ហានេះ អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម លោក កែម ឡី យល់ឃើញថា ប្រសិនបើមានការធ្វើបាតុកម្មពីគណបក្សផ្សេងប្រឆាំងនឹងគណបក្សសង្គ្រោះជាតិនោះ ជាសិទ្ធិនយោបាយរបស់គណបក្សនីមួយៗ។
គណបក្សសង្គ្រោះជាតិ បានច្រានចោលលទ្ធផលបោះឆ្នោត ហើយនៅតែប្រកាន់ជំហរមិនចូលរួមសភាជាមួយគណបក្សប្រជាជនកម្ពុជា ប្រសិនបើគ្មានដំណោះស្រាយរកយុត្តិធម៌ជូនម្ចាស់ឆ្នោតជាមុន។ គណបក្សប្រឆាំងក៏បានចោទប្រកាន់រដ្ឋសភា និងរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ថាជាសភា និងរដ្ឋាភិបាលខុសច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
