លោក កឹម សុខា ប្រធានស្ដីទីនៃគណបក្សសង្គ្រោះជាតិ ចេញទៅក្រៅប្រទេសជាលើកដំបូងនៅថ្ងៃទី១៦ ខែកុម្ភៈ ដើម្បីទៅពិនិត្យសុខភាព។
អនុប្រធានគណៈកម្មាធិការនាយកនៃគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង ថ្លែងថា លោក កឹម សុខា ចេញទៅក្រៅប្រទេសដើម្បីពិនិត្យសុខភាព ហើយលោកនឹងត្រឡប់មកវិញក្នុងពេលដ៏ខ្លី។ ប៉ុន្តែលោកមិនបានប្រាប់ថា ចេញទៅប្រទេសណានោះទេ។
ការចាកចេញរបស់លោក កឹម សុខា នេះ ជាលើកដំបូងហើយ បន្ទាប់ពីលោកឃុំខ្លួននៅក្នុងទីស្នាក់ការគណបក្សអស់ជាច្រើនខែ។ តាមទម្លាប់លោកតែងចេញទៅពិនិត្យសុខភាពនៅប្រទេសថៃ។
កាលពីថ្ងៃទី១៥ ខែកុម្ភៈ លោក កឹម សុខា បានទៅជួបពិភាក្សាគ្នាជាមួយមន្ត្រីទូតសំខាន់ៗ ដើម្បីពិភាក្សាអំពីការវិវឌ្ឍន៍នៃស្ថានការណ៍នយោបាយចុងក្រោយ និងសកម្មភាពនៅក្នុងរដ្ឋសភា រួមទាំងច្បាប់ស្ដីពីគណបក្សនយោបាយដែលកំពុងកើតឡើងនៅប្រទេសកម្ពុជា។
លោក អេង ឆៃអ៊ាង បន្តថា ជំនួបនោះមានមន្ត្រីស្ថានទូតបារាំង មន្ត្រីស្ថានទូតអាមេរិក និងមន្ត្រីស្ថានទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា។
រហូតមកដល់ថ្ងៃនេះ គណបក្សប្រឆាំងមិនទាន់សម្រេចថា នឹងចូលរួមប្រជុំសភា ដែលគ្រោងនឹងកោះប្រជុំវិសាមញ្ញនៅថ្ងៃទី២០ ខែកុម្ភៈ ខាងមុខ ដើម្បីអនុម័តសេចក្ដីស្នើច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីគណបក្ស នយោបាយនៅឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
