បក្ស​ប្រឆាំង​ថា​មិន​ចុះ​ញ៉ម​ចំពោះ​ការ​គំរាម​របស់​បក្ស​កាន់​អំណាច

អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ដែល​ចាត់​ទុក​ការ​ឃុំ​ខ្លួន​យុវជន ៣​នាក់ និង​កោះ​ហៅ​មន្រ្តី​គណបក្ស​អោយ​បំភ្លឺ​ឡើង​វិញ ថា​ជា​ការគំរាម​កំហែង​ផ្នែក​នយោបាយ​នោះ អះអាង​ថា គណបក្ស​លោក​នឹង​មិន​ចុះញ៉ម​ចំពោះ​ការ​គំរាមកំហែង​នៅ​ពេលនេះ​ឡើយ។

លោក​បន្ត​ថា រាល់​ការ​ទាមទារ​របស់​គណបក្ស​នេះ​នឹង​មិន​មាន​ការ​បន្ធូរ​បន្ថយ​ទៀត​ទេ​ ដ្បិតអ្វី​ដែល​គណបក្ស​សង្គ្រោះ​ជាតិ ទាមទារ​ជា​កំរិត​អប្បរមា​ ហើយ​មិន​មែន​ជា​ការ​ទាមទារ​ដើម្បី​ប្រយោជន៍​បក្ស​ឡើយ គឺ​ដើម្បី​ប្រយោជន៍​ជាតិ៖ «សំឡេង»។

កន្លង​ទៅ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រកាន់​យក​លក្ខខណ្ឌ​ចម្បង​មួយ គឺ​ការ​កែទម្រង់​ស្ថាប័ន​រៀប​ចំ​ការបោះ​ឆ្នោត​អោយ​ឯករាជ្យ ជា​ថ្នូរ​នឹង​ការ​យល់​ព្រម​ចូល​សភា​របស់​អ្នក​តំណាងរាស្ត្រ​ជាប់​ឆ្នោត​នៃ​គណបក្ស​នេះ​ទាំង ៥៥​រូប។

ការ​អះអាង​របស់​លោក កឹម សុខា គឺ​បន្ទាប់​ពី​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ ៣​រូប ត្រូវ​បញ្ជូន​ទៅ​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​នៅ​ពន្ធនាគារ​ព្រៃស នៅ​រសៀល​ថ្ងៃ​ទី​២ ខែ​កក្កដា ដើម្បី​រង់​ចាំ​ស៊ើប​អង្កេត។ ពួក​គេ​ត្រូវ​ចោទ​ប្រកាន់​ពី​បទ​ព្រហ្មទណ្ឌ​ពាក់ព័ន្ធ​នឹង​អំពើ​ហិង្សា​នៅ​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ​កាលពី​ថ្ងៃ​ទី​១៥ ខែ​កក្កដា។

ចំណែក​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន ៩​នាក់ ក្នុង​នោះ​មាន​លោក កឹម សុខា ផង ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ កោះ​ហៅ​ឲ្យ​ចូល​ខ្លួន​ទៅ​បំភ្លឺ​ជា​ថ្មី ដើម្បី​សាកសួរ​អំពី​ការ​ដឹកនាំ​ធ្វើ​បាតុកម្ម​កាល​ពី​ថ្ងៃ​ទី​១៥ សីហា។
យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​បី​រូប​ ត្រូវ​ចោទ​ប្រកាន់​ពី​បទ​ចូល​រួម​កុបកម្ម បទ​ហិង្សា​ដោយ​ចេតនា និង​ប្រមាថ​មន្ត្រី​រាជការ។

យុវជន​ទាំង​រូប​នោះ​រួម​មាន​លោក លោក ឃិន ជំរឿន ប្រធាន​ចលនា​គណបក្ស លោក នាង សុឃុន ជា​ហិរញ្ញិក​ចលនា​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​ខណ្ឌ​ច្បារអំពៅ និង​លោក សាន គឹមហេង ជា​ប្រធាន​ចលនា​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ ខណ្ឌ​ទួលគោក។ ពួក​គេ​ត្រូវ​នគរបាល​ចាប់​ខ្លួន​បន្តបន្ទាប់​គ្នា​នៅ​ថ្ងៃ​ទី​២ ខែ​សីហា និង​ត្រូវ​បញ្ជូន​ទៅ​ស្នង​ការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បន្ទាប់​មក​ទៅ​តុលាការ និង​ចុង​ក្រោយ​ត្រូវ​បញ្ជូន​ទៅ​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន​នៅ​ពន្ធនាគារ​ព្រៃស​រង់ចាំ​ការ​សាកសួរ។

គណបក្ស​សង្គ្រោះ​ជាតិ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ភ្លាមៗ​នៅ​ថ្ងៃ​ដដែល​នេះ ដោយ​ថ្កោល​ទោស​ចំពោះ​ការ​ចាប់​ខ្លួន​នេះ និង​អំពាវនាវ​អោយ​ដោះលែង​អ្នក​ទាំង​នោះ​ដោយ​គ្មាន​លក្ខខណ្ឌ។ លើស​ពី​នេះ​គណបក្ស​នេះ​បាន​បញ្ជាក់​ទៅ​គណបក្ស​ប្រជាជន​អោយ​បញ្ឈប់​ការ​គំរាម​កំហែង។

អង្គការ​សង្គម​ស៊ីវិល ដែល​ឃ្លាំ​មើល​ចាត់​ទុក​ករណី​នេះ​ថា ជា​សម្ពាធ​នយោបាយ​ទៅ​លើ​គណបក្ស​ប្រឆាំង​ពី​សំណាក់​គណបក្ស​កាន់​អំណាច ដើម្បី​ចាប់​បង្ខំ​គណបក្ស​នេះ​អោយ​ទទួល​យក​កិច្ចព្រមព្រៀង​ចូល​សភា។ ពួកគេ​អំពាវ​នាវ​អោយ​គណបក្ស​ទាំង​២ ពិភាក្សា​គ្នា​ដោយ​សន្តិវិធី ដើម្បី​ចៀសវាង​បញ្ហា​ចម្រូងចម្រាស​ដែល​អាច​កើត​ឡើង​ក្នុង​សង្គម។

ទាក់ទង​នឹង​ករណី​អំពើ​ហិង្សា​នៅ​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ​កាល​ពី​ថ្ងៃ​ទី​១៥ កក្កដា បេក្ខជន​តំណាងរាស្រ្ត​គណបក្ស​ប្រឆាំង ៧​នាក់ និង​សកម្មជន​ម្នាក់ ដែល​ត្រូវ​រដ្ឋាភិបាល​ចាប់​ឃុំ​ខ្លួន​ចំនួន​១​សប្តាហ៍​ដោយ​ចោទ​ប្រកាន់​ពី​បទ​ដឹកនាំ​កុបកម្ម បទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ និង​បទ​ផ្ដើម​គំនិត​ក្នុង​អំពើ​ហិង្សា ប៉ុន្តែ​ត្រូវ​ដោះ​លែង​មក​វិញ​នៅ​ថ្ងៃ​ទី​២២ កក្កដា នៅ​ក្រោយ​មាន​កិច្ច​ព្រមព្រាង​បញ្ចប់​ភាព​ជាប់​គាំង​នយោបាយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។