មន្ត្រីគណបក្សកាន់អំណាចថា លោក កឹម សុខា អាចចេញទៅចុះឈ្មោះបោះឆ្នោតបានដោយគ្មានចំណាត់ការពីសំណាក់អាជ្ញាធរឡើយ ព្រោះសាលក្រមផ្ដន្ទាទោសរបស់សាលាដំបូងរាជធានីភ្នំពេញ មិនទាន់សម្រេចស្ថាពរនៅឡើយ។ លោក កឹម សុខា បានប្រកាសថា លោកនឹងចេញទៅចុះឈ្មោះបោះឆ្នោតក្រោយពិធីបុណ្យភ្ជុំបិណ្ឌ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ថា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា មិនទាន់ក្លាយជាទណ្ឌិតនៅឡើយ ព្រោះសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ នៅមិនទាន់ចូលស្ថាពរ ដូច្នេះលោក កឹម សុខា អាចចេញទៅចុះឈ្មោះបោះឆ្នោតបាន។
លោក សុខ ឥសាន ពន្យល់បន្ថែមថា តាមនីតិវិធី ក្រោយពេលកាត់សេចក្ដីនោះ គឺតុលាការផ្ដល់សិទ្ធិរយៈពេលពីរទៅបីខែ ដើម្បីឲ្យលោក កឹម សុខា ប្ដឹងទៅសាលាឧទ្ធរណ៍ និងតុលាការកំពូលដើម្បីប្រឆាំងនឹងសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ៖ « បើគាត់ចេញយូរហើយក៏បានដែរ វាមានបញ្ហាអី វាអត់ផង »។
ការលើកឡើងនេះ គឺបន្ទាប់ពីលោក កឹម សុខា បានសរសេរមតិយោបល់ (Comment) ថា លោកនឹងទៅចុះឈ្មោះបោះឆ្នោត បន្ទាប់ពីចប់ពិធីបុណ្យភ្ជុំបិណ្ឌនៅសប្ដាហ៍ក្រោយនេះ នៅលើទំព័រហ្វេសប៊ុក (Facebook) របស់លោក បន្ទាប់ពីលោកបានបង្ហោះវីដេអូ អំពាវនាវឱ្យប្រជាពលរដ្ឋទៅចុះឈ្មោះបោះឆ្នោតកាលពីថ្ងៃទី៣០ ខែកញ្ញា។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ មានប្រសាសន៍ថា លោកមិនទាន់ដឹងច្បាស់ថា លោក កឹម សុខា នឹងទៅចុះឈ្មោះបោះឆ្នោតនៅថ្ងៃណាជាក់លាក់នៅឡើយនៅសប្ដាហ៍ក្រោយនេះ៖ « គ្រាន់តែដឹងថា គាត់គ្រោងនឹងទៅ តែខ្ញុំមិនទាន់ដឹងច្បាស់ថាគាត់ទៅពេលណា ថ្ងៃណា ម៉ោងណា ហើយទៅចុះនៅកន្លែងណាឡើយ»។
កាលពីថ្ងៃទី៩ ខែកញ្ញា កន្លងទៅ ចៅក្រមជំនុំជម្រះនៃតុលាការក្រុងភ្នំពេញ សម្រេចផ្ដន្ទាទោសលោក កឹម សុខា ដាក់ពន្ធនាគាររយៈពេល ៥ខែ និងពិន័យលុយចំនួន ៨សែនរៀល ពីបទមិនចូលខ្លួនតាមដីកាកោះក្នុងនាមជាសាក្សី តាមដីកាកោះរបស់តុលាការជាច្រើនលើកច្រើនសាក្នុងសំណុំរឿងសញ្ចារកម្ម ទាក់ទិននឹងអ្នកនាង ខុម ចាន់តារាទី ហៅស្រីមុំ។ ជុំវិញសំណុំរឿងព្រហ្មទណ្ឌនេះ ក្រុមអង្គការមិនមែនរដ្ឋាភិបាលយល់ឃើញថា នេះជាករណីនយោបាយច្រើនជាងបទល្មើសដែលតុលាការត្រូវចោទប្រកាន់។
នាយកប្រតិបត្តិនៃគណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ដើម្បីបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា ហៅកាត់ថា និចហ្វិក (NICFEC) លោក សំ គន្ធាមី មានប្រសាសន៍ថា តាមផ្លូវច្បាប់លោក កឹម សុខា អាចទៅចុះឈ្មោះបោះឆ្នោតបាន ព្រោះសាលក្រមមិនទាន់ចូលជាស្ថាពរ ហើយមិនទាន់មានដីកាចាប់ខ្លួននៅឡើយ។
លោក សំ គន្ធាមី បន្តថា ការស្ងប់ស្ងាត់មួយរយៈក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ គឺមានអំណោយផលល្អសម្រាប់ដំណើរការបោះឆ្នោតទាំងមូល ជាពិសេសការចុះឈ្មោះបោះឆ្នោត។ ទន្ទឹមគ្នានេះ លោកជំរុញឲ្យគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ឆាប់វិលចូលតុចរចាដើម្បីដោះស្រាយបញ្ហានយោបាយកន្លងមក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
