លោក កឹម សុខា ផ្ញើ​លិខិត​ទៅ​លោក ហ៊ុន សែន សុំ​ដោះ​លែង​អ្នក​ជាប់​ឃុំ​ដោយ​ជម្លោះ​ដីធ្លី

អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​តំណាង​រាស្ត្រ​មណ្ឌល​កំពង់ចាម លោក កឹម សុខា ដាក់​លិខិត​ទៅ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន សុំ​ឲ្យ​ដោះ​លែង​ប្រជាពលរដ្ឋ​កំពុង​ជាប់​ឃុំ​ឃាំង​យ៉ាង​អយុត្តិធម៌​ក្នុង​ពន្ធនាគារ ដោយសារ​តែ​ទំនាស់​ដីធ្លី។

លិខិត​របស់ លោក កឹម សុខា ផ្ញើ​ទៅ លោក ហ៊ុន សែន តាម​រយៈ​ប្រធាន​រដ្ឋសភា លោក ហេង សំរិន នៅ​ថ្ងៃ​ទី​២១ សីហា ដោយ​យោង​លើ​ប្រសាសន៍​របស់ លោក ហ៊ុន សែន បាន​ថ្លែង​ក្នុង​ឱកាស​បើក​សិក្ខា​សាលា​ផ្សព្វផ្សាយ​យុទ្ធសាស្ត្រ​ជាតិ ស្ដីពី​សន្តិសុខ​ស្បៀង និង​អាហារូបត្ថម្ភ​កាល​ពី​ថ្ងៃ​ទី​១៨ សីហា។

លោក កឹម សុខា មាន​ប្រសាសន៍​រៀបរាប់​នៅ​ក្នុង​លិខិត​នោះ​ប្រាប់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថា ខ្ញុំ​សូម​ជម្រាប​សម្ដេច​តេជោ​ឲ្យ​បាន​ជ្រាប​ថា រហូត​មក​ទល់​ពេល​នេះ មាន​ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​បាន​រងគ្រោះ និង​កំពុង​ជាប់​ឃុំ​ឃាំង​ក្នុង​ពន្ធនាគារ​ដោយសារ​ទំនាស់​ដីធ្លី ហើយ​អាជ្ញាធរ​ដោះស្រាយ​វិវាទ​ដីធ្លី និង​អាជ្ញាធរ​មាន​សមត្ថកិច្ច​ខេត្ត​មួយ​ចំនួន មិន​បាន​អនុវត្ត​បទបញ្ជា​របស់​សម្ដេច ជា​ប្រមុខ​រាជ​រដ្ឋាភិបាល​ឲ្យ​បាន​ហ្មត់ចត់​ដូច​សម្ដេច​មាន​ប្រសាសន៍​នា​ពេល​ថ្មីៗ​នេះ និង​ជាពិសេស តុលាការ​ក៏​មិន​បាន​ចូលរួម​ដោះស្រាយ​ទំនាស់​ទាំង​នោះ ដើម្បី​ផ្ដល់​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ទាំង​នោះ​ឡើយ។

របាយការណ៍ ៦​ខែ​ដើម​ឆ្នាំ​២០១៤ របស់​សមាគម​អាដហុក (adhoc) ឲ្យ​ដឹង​ថា បញ្ហា​ជម្លោះ​ដីធ្លី​មាន​ជាង ១០០​ករណី និង​មាន​ប្រជាពលរដ្ឋ​ចំនួន ៩៥​នាក់ ជាប់​បណ្ដឹង​នៅ​តុលាការ ក្នុង​នោះ​មាន​មួយ​ចំនួន កំពុង​ជាប់​ពន្ធនាគារ​នៅ​ឡើយ និង​មួយ​ចំនួន​ទៀត​ត្រូវ​បាន​តុលាការ​ដោះ​លែង​វិញ ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។