លោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ គ្មានគម្រោងទៅគោរពសពលោកបណ្ឌិត កែម ឡី ដែលកំពុងតម្កល់នៅក្នុងវត្តចាស់នោះទេ។ នេះបើតាមឲ្យដឹងពីមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង ថ្លែងឲ្យវិទ្យុអាស៊ីសេរី ដឹងនៅរសៀលថ្ងៃទី១៦ ខែកក្កដា ដែលជាខួប ៧ថ្ងៃនៃការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង ប្រាប់ថា ការដែលលោក កឹម សុខា មិនអាចទៅគោរពវិញ្ញាណក្ខន្ធលោកបណ្ឌិត កែម ឡី ដោយផ្ទាល់នោះ មិនមែនលោក កឹម សុខា ខ្លាចសមត្ថកិច្ចចាប់ខ្លួនទេ ប៉ុន្តែព្រោះតែលោក កឹម សុខា កំពុងធ្វើកូដកម្មនយោបាយ ដោយមិនចាកចេញពីទីស្នាក់ការកណ្ដាលគណបក្សសង្គ្រោះជាតិ៖ « បាទអត់មានគម្រោងទេ លោក កឹម សុខា គាត់មិនចេញពីទីស្នាក់ការបក្សទេ។ ចឹងលោកគ្មានគម្រោងទៅគោរពវិញ្ញាណក្ខន្ធផ្ទាល់ឡើយ។ អ្វីដែលយើងខ្ញុំទៅចូលរួមគោរពវិញ្ញាណក្ខន្ធជាការសម្ដែងនូវការគោរពវីរភាពខ្ពស់នៃសិទ្ធិសេរីភាពសម្ដែងមតិរបស់លោកបណ្ឌិត កែម ឡី » ។
លោក អេង ឆៃអ៊ាង បន្តទៀតថា ទោះលោក កឹម សុខា មិនទៅគោរពសពដោយផ្ទាល់ ប៉ុន្តែលោកថា ជារៀងរាល់ល្ងាច លោក កឹម សុខា តែងតែដុតធូបបួងសួងឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធលោកបណ្ឌិត កែម ឡី៖ «លោក កឹម សុខា គោរពដោយប្រយោលការទៅចូលរួមជារូបភាព ប៉ុន្តែទឹកចិត្តឯកឧត្តម កឹម សុខា តែងគោរពជាប្រចាំរៀងរាល់ពេលល្ងាច ហើយពេលដែលលោកបណ្ឌិត កែម ឡី ត្រូវគេធ្វើឃាតភ្លាម ឯកឧត្តម កឹម សុខា និមន្តព្រះសង្ឃគោរពវិញ្ញាណក្ខន្ធនៅទីស្នាក់ការ»។
ក្នុងចំណោមមហាជនរាប់ម៉ឺននាក់ រួមទាំងប្រមុខទូត និងស្ថាប័នអន្តរជាតិនានា ទៅគោរពលោក កែម ឡី ក្នុងនោះក៏មានក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ទៅចូលរួមផងដែរ។
អ្នកសិក្សាការអភិវឌ្ឍសង្គម លោក មាស នី ការមិនបង្ហាញខ្លួនរបស់លោក កឹម សុខា គឺជាស្អំស្ថានការណ៍នយោបាយរវាងគណបក្សទាំងពីរ។ លោកបណ្ឌិត មាស នី គាំទ្រការមិនទៅគោរពសពលោក កែម ឡី ពីសំណាក់លោក កឹម សុខា៖ «បច្ចុប្បន្ន លោក កឹម សុខា គួរតែនៅស្ងៀមសិន ដើម្បីឲ្យស្ថានការណ៍នយោបាយត្រជាក់ៗទៅមុខទៀត បើកាលណាគាត់មក នឹងធ្វើឲ្យកម្ដៅហ្នឹងពុះកញ្ជ្រោលឡើងវិញ » ។
គណៈកម្មការបុណ្យសព លោក កែម ឡី និងភរិយារបស់លោកបណ្ឌិត កែម ឡី បានសម្រេចពន្យារពេលដង្ហែសពលោក កែម ឡី ចេញពីវត្តចាស់ ដោយមិនកំណត់ពេលវេលា។ ការពន្យារពេលនេះ ដោយសារមានការស្នើសុំសាធារណៈ ហើយពេលនេះសពរបស់លោក កែម ឡី ក៏ត្រូវថែរក្សាល្អជាងមុន បន្ទាប់ពីបានតម្កល់នៅក្នុងមឈូសទឹកកក។
ចំណែកមន្ត្រីអង្គការការពារសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អំ សំអាត យល់ថា លោក កឹម សុខា ក៏ចង់ទៅដុតធូបគោរពសពលោក កែម ឡី ដែរ ប៉ុន្តែប្រហែលភ័យព្រួយពីសុវត្ថិភាពផ្ទាល់ខ្លួន។ លោកបន្តថា នៅពេលលោក កឹម សុខា ធ្វើដូចនេះ គឺជៀសមិនផុតពីការចោទប្រកាន់ថា លោក កឹម សុខា កំសាក៖ «ខ្ញុំជឿថាអ្នកណាអាណិតស្រឡាញ់រាប់អានលោកបណ្ឌិត កែម ឡី កន្លងទៅ គឺតែងតែចង់គោរពវិញ្ញាណក្ខន្ធចុងក្រោយ ប៉ុន្តែខ្ញុំគិតថា ឯកឧត្តម កឹម សុខា ប្រហែលជាលោកមានបញ្ជា ឬក៏លោកភ័យព្រួយពីសុវត្ថិភាពរបស់គាត់ » ។
ចាប់តាំងពីសមត្ថកិច្ចប៉ុនប៉ងចាប់ខ្លួនលោក កឹម សុខា កាលពីចុងខែឧសភា លោក កឹម សុខា មិនបានចាកចេញពីទីស្នាក់ការកណ្ដាលគណបក្សសង្គ្រោះជាតិទេ។ ទោះលោក កឹម សុខា បន្តរក្សាភាពស្ងប់ស្ងៀមគ្រប់រឿងដូចនេះ ប៉ុន្តែប្រធានរបស់លោក គឺលោក សម រង្ស៊ី បានភ្ជាប់គណបក្សប្រជាជនកម្ពុជា ទៅនឹងករណីឃាតកម្មបាញ់សម្លាប់លោក កែម ឡី។ កាលពីថ្ងៃទី១៣ ខែកក្កដា លោក សម រង្ស៊ី ថា លោក កែម ឡី ជាមិត្តភ័ក្ដិស្និទ្ធស្នាលរបស់លោក កឹម សុខា។
លោកបន្តទៀតថា យើងដឹងហើយថា លោក ហ៊ុន សែន តែងតែចាត់វិធានការជាមុនចំពោះសភាពការណ៍បែបណាដែលអាចនាំមកនូវគ្រោះថ្នាក់សម្រាប់លោក ហ៊ុន សែន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
