លោក កឹម សុខា រិះគន់​រដ្ឋាភិបាល​ថា​បរាជ័យ​ក្នុង​ការ​ដោះស្រាយ​ជម្លោះ​ដីធ្លី​ជាង​២០​ឆ្នាំ

0:00 / 0:00

លោក កឹម សុខា រិះគន់​រដ្ឋាភិបាល​ថា បរាជ័យ​ក្នុង​ការ​ដោះស្រាយ​ជម្លោះ​ដីធ្លី​ក្នុង​រយៈពេល​ជាង ២០​ឆ្នាំ​នេះ។ ប៉ុន្តែ​មន្ត្រី​រដ្ឋាភិបាល​ឆ្លើយ​តប​ថា ការ​ថ្លែង​បែប​នេះ បង្ហាញ​ពី​ភាព​ល្ងង់ខ្លៅ​របស់ លោក កឹម សុខា ដែល​និយាយ​មិន​ពិនិត្យ​របាយការណ៍​របស់​រដ្ឋាភិបាល។

ថ្លែង​នៅ​ចំពោះ​មុខ​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ប្រមាណ ៤០០​នាក់​ក្នុង​ស្រុក​ឆ្លូង ខេត្ត​ក្រចេះ អនុប្រធាន​គណបក្ស​ប្រឆាំង ដែល​ធ្លាប់​តែ​រិះគន់​រដ្ឋាភិបាល​នោះ នៅ​ថ្ងៃ​ទី​៣ ខែ​ឧសភា នេះ លោក កឹម សុខា នៅ​តែ​បន្ត​លើក​ឡើង​ថា រដ្ឋាភិបាល​ពុំ​មាន​លទ្ធភាព​ដោះស្រាយ​ជម្លោះ​ដីធ្លី ដោយសារ​ករណី​ជម្លោះ​ដីធ្លី​នៅ​តែ​កើត​ឡើង​ដដែល។ លោក​បន្ត​ទៀត​ថា ករណី​ជម្លោះ​ដីធ្លី​កាន់​តែ​កើត​ឡើង​ខ្លាំង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ហើយ​ពលរដ្ឋ​កំពុង​តែ​អស់​សង្ឃឹម​លើ​ដំណោះស្រាយ​របស់​អាជ្ញាធរ៖ «ខ្ញុំ​ឃើញ​រយៈពេល ២០​ឆ្នាំ​ហើយ បញ្ហា​ដីធ្លី​នៅ​តែ​កើន​ឡើង​ច្រើន​ទៅ ពលរដ្ឋ​មាន​បញ្ហា​ដីធ្លី​អស់​សង្ឃឹម​នឹង​ដំណោះស្រាយ​របស់​អាជ្ញាធរ។ ពេល​នេះ​យើង​មាន​តែ​វប្បធម៌​សន្ទនា​ទេ​ដោះស្រាយ​បញ្ហា​នេះ បើ​វប្បធម៌​សន្ទនា​ដោះ​មិន​ចេញ​ទេ​ចប់​ហើយ»

ការ​ថ្លែង​របស់ លោក កឹម សុខា នេះ​នៅ​ក្រោយ​ប៉ុន្មាន​ថ្ងៃ​ដែល​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ព្រមាន​ថា បើ លោក កឹម សុខា នៅ​បន្ត​រិះគន់​លោក​ទៀត លោក​នឹង​លុប​វប្បធម៌​សន្ទនា​ចោល។

រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ឆ្លើយ​តប​ថា នេះ​ជា​ការ​បង្ហាញ​ឥរិយាបថ​រិះគន់​រដ្ឋាភិបាល​ទាំង​មិន​បាន​មើល​របាយការណ៍។ លោក ផៃ ស៊ីផាន អះអាង​ថា ករណី​ជម្លោះ​ដីធ្លី​ទូទាំង​ប្រទេស​ដែល​កើត​ឡើង​រាប់​ពាន់​ករណី ប៉ុន្តែ​សព្វថ្ងៃ​នេះ​នៅ​សល់​ជាង ៦០០​ករណី៖ «ការ​ថ្លែង​នេះ​បង្ហាញ​នៅ​ភាព​ល្ងង់ខ្លៅ និយាយ​គ្មាន​តួលេខ និយាយ​ដើម្បី​ប្រឆាំង​រដ្ឋាភិបាល​ប៉ុណ្ណោះ»

ទោះ​បែប​នេះ​ក្តី អ្នក​តាម​ដាន​ព្រឹត្តិការណ៍​សង្គម​យល់​ថា លោក កឹម សុខា និយាយ​ត្រឹមត្រូវ ព្រោះ​តាម​របាយការណ៍​របស់​អង្គការ​សង្គម​ស៊ីវិល​នានា ជម្លោះ​ដីធ្លី​នៅ​កើន​ឡើង។

អ្នក​សិក្សា​ស្រាវជ្រាវ​សង្គម លោក កែម ឡី យល់​ថា ជម្លោះ​ដីធ្លី​នៅ​តែ​កើន​ឡើង​នេះ ព្រោះ​រដ្ឋាភិបាល​ដោះស្រាយ​នា​ពេល​កន្លង​មក​គ្មាន​ការ​ចូលរួម​ពី​សង្គម​ស៊ីវិល និង​បក្ស​ប្រឆាំង។ លោក កែម ឡី ស្នើ​ទៅ​រដ្ឋាភិបាល បើក​ទូលាយ​ឲ្យ​មាន​ការ​រិះគន់​ពី​គ្រប់​មជ្ឈដ្ឋាន​នានា៖ «ខ្ញុំ​គិត​ថា បើ​រដ្ឋាភិបាល​មិន​បើក​ទូលាយ​បញ្ហា​នៅ​កើត​ឡើង​ចឹង»

ដំណាល​គ្នា​នៃ​ការ​រិះគន់​នេះ លោក សម រង្ស៊ី ដែល​អង្គុយ​ក្បែរ លោក កឹម សុខា ក្នុង​ពេល​ជួប​ជាមួយ​ប្រជាពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ក្នុង​ខេត្ត​ក្រចេះ រំពឹង​ថា វប្បធម៌​សន្ទនា​នឹង​អាច​ដោះស្រាយ​ជម្លោះ​ដីធ្លី​មាន​ភាព​ល្អ​ប្រសើរ​ជាង​មុន ដោយ​លោក​នឹង​ប្រាប់​ពី​រឿង​ពិត​ទាំង​នេះ​ឲ្យ លោក ហ៊ុន សែន បាន​ដឹង ដែល​ផ្ទុយ​ពី​អាជ្ញាធរ​ស្រុក ខេត្ត តែង​តែ​ផ្តល់​របាយការណ៍​ភូតភរ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។ ជាង​នេះ​ទៅ​ទៀត ប្រធាន​គណបក្ស​ប្រឆាំង​រូប​នេះ​និយាយ​ថា បើ​គណបក្ស​លោក​ឈ្នះ នឹង​ដោះស្រាយ​ករណី​ដីធ្លី​ឲ្យ​អស់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។