លោក កឹម សុខា ផ្ញើ​លិខិត​ទៅ​ទូត​អូស្ត្រាលី​ពី​កង្វល់​ចំពោះ​ការ​បញ្ជូន​ជន​ភៀស​ខ្លួន​មក​កម្ពុជា

អនុ​ប្រធាន​ទី​១​នៃ​រដ្ឋសភា លោក កឹម សុខា ផ្ញើ​លិខិត​មួយ​ច្បាប់​ជូន​ឯកអគ្គរដ្ឋទូត​អូស្ត្រាលី នៅ​ភ្នំពេញ ទាក់ទង​នឹង​កង្វល់​របស់​ពលរដ្ឋ​ខ្មែរ ចំពោះ​ការ​បញ្ជូន​ជន​ភៀស​ខ្លួន​មក​កម្ពុជា។

ក្នុង​លិខិត​ចុះ​ថ្ងៃ​ទី​២៧ តុលា លោក កឹម សុខា ជម្រាប​ជូន​ឯកអគ្គរដ្ឋទូត​អូស្ត្រាលី គឺ​អ្នកស្រី អាលីសុន បួរ៉ូស (Alison Burrows) ថា កាល​ពី​ថ្ងៃ​ទី​២១ តុលា លោក​បាន​ជួប​តំណាង​ព្រះសង្ឃ និស្សិត បញ្ញវន្ត និង​ពលរដ្ឋ​ជាច្រើន​នាក់ ដែល​បាន​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ការ​បញ្ជូន​ជន​ភៀស​ខ្លួន​ពី​កោះ​ណូរូ (Nauru) មក​កម្ពុជា។ ក្នុង​ឱកាស​ជួប​គ្នា តំណាង​ទាំង​នេះ​សម្ដែង​ការ​ព្រួយ​បារម្ភ​អំពី​ផល​អាក្រក់​អាច​កើត​មាន ដែល​បណ្ដាល​មក​ពី​ស្ថានភាព​សេដ្ឋកិច្ច និង​សង្គម ជាពិសេស ការ​ធានា​ការ​គោរព និង​អនុវត្ត​សិទ្ធិ​មនុស្ស ដែល​កម្ពុជា នៅ​មិន​ទាន់​បាន​ដោះស្រាយ​បាន​នៅ​ឡើយ។

លោក កឹម សុខា បន្ត​ថា ក្នុង​នាម​លោក​ជា​អនុ​ប្រធាន​ទី​១​នៃ​រដ្ឋសភា លោក​យល់​ថា ការ​ព្រួយ​បារម្ភ​របស់​អ្នក​តំណាង​ទាំង​នោះ គឺ​មាន​មូលដ្ឋាន​រឹងមាំ ស្រប​តាម​ស្ថានការណ៍​អនុវត្តន៍​ជាក់ស្ដែង។ លោក​ស្នើសុំ​ដល់​ឯកអគ្គរដ្ឋទូត និង​រដ្ឋាភិបាល​អូស្ត្រាលី ឱ្យ​ពិចារណា​ឡើង​វិញ​អំពី​ការ​បញ្ជូន​ជន​ភៀស​ខ្លួន​នេះ។

លិខិត​របស់ លោក កឹម សុខា ធ្វើ​ឡើង​ក្នុង​រយៈពេល​មួយ​ខែ​បន្ទាប់​ពី​ពលរដ្ឋ​ខ្មែរ​ជាង ១០០​នាក់ រួម​ទាំង​ព្រះសង្ឃ​ផង ដាក់​ញត្តិ​ជូន​ស្ថានទូត​អូស្ត្រាលី ដែល​សុំ​ឲ្យ​រដ្ឋាភិបាល​អូស្ត្រាលី ឈប់​រំលោភ​សិទ្ធិ​មនុស្ស និង​រើសអើង​ជាតិ​សាសន៍ ហើយ​ពលរដ្ឋ​ខ្មែរ​ទាំង​នោះ​ប្រឆាំង​ការ​បញ្ជូន និង​ទទួល​ជន​ភៀស​ខ្លួន​ចូល​មក​ទឹក​ដី​កម្ពុជា។

វិទ្យុ​អាស៊ីសេរី មិន​ទាន់​បាន​ទទួល​ការ​ឆ្លើយ​តប​ពី​ស្ថានទូត​អូស្ត្រាលី ចំពោះ​លិខិត​របស់ លោក កឹម សុខា នៅ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។