មន្ត្រីជាន់ខ្ពស់នៃសភាជាតិលើកឡើងថា ការគោរព និងឲ្យតម្លៃជនជាតិភាគតិច គឺជារឿងសំខាន់មួយនៅក្នុងប្រទេសប្រកាន់របបប្រជាធិបតេយ្យ។ មន្ត្រីដដែលបញ្ជាក់ទៀតថា អ្នកនយោបាយត្រូវគិតគូរពីជនជាតិភាគតិច ទោះបីជាជនជាតិអ្វីក៏ដោយ ដើម្បីជៀសវាងការប្រកាន់ពូជសាសន៍ពណ៌សម្បុរ ដែលស្របតាមរដ្ឋធម្មនុញ្ញ និងស្របតាមកតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិមនុស្ស។
អនុប្រធានសភា និងជាអនុប្រធានគណបក្សសង្គ្រោះជាតិ បានថ្លែងថា គោលនយោបាយគណបក្សសង្គ្រោះជាតិ យកចិត្តទុកដាក់ជនជាតិភាគតិចនៅកម្ពុជា ពិសេសជនជាតិចាម ដែលជាជនជាតិរងគ្រោះមួយនៅក្នុងរបបខ្មែរក្រហម។
លោក កឹម សុខា ថ្លែងដូច្នេះនៅក្នុងជំនួបជាលើកដំបូងរបស់លោក ជាមួយតំណាងក្រុមប្រឹក្សាស្រុក និងក្រុមប្រឹក្សាឃុំគណបក្សសង្គ្រោះជាតិ មកពីខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ នៅវិមានរដ្ឋសភានៅរសៀលថ្ងទី១០ តុលា។ លោក កឹម សុខា សង្កត់ធ្ងន់ថា ប្រជាពលរដ្ឋជនជាតិចាម ក៏ចង់បានសិទ្ធិសេរីភាព និងចង់ឲ្យមានការអភិវឌ្ឍពិតប្រាកដដូចប្រជាពលរដ្ឋទូទៅដែរ៖ «សង្គ្រោះជាតិគោរពសិទ្ធិសេរីភាពរបស់មនុស្ស កាលណាគោរពសេរីភាពអត់មានការរើសអើង កាលណាអត់មានការរើសអើង គឺឲ្យតម្លៃរបស់មនុស្ស ដូច្នេះឥស្លាម ជាមនុស្ស សង្គ្រោះជាតិឲ្យតម្លៃឥស្លាម នេះជាគោលនយោបាយរួម»។
តំណាងក្រុមប្រឹក្សាស្រុកទាំងនោះ លោកបានលើកពីឧបសគ្គមួយចំនួនដែលជនជាតិចាម នៅកម្ពុជា កំពុងតែប្រឈមនៅតាមសហគមន៍ ពិសេសគឺថ្នាក់ដឹកនាំសាសនា មិនបានបំពេញតួនាទីអព្យាក្រឹត្យនោះទេ។ ពួកគេធ្វើការលម្អៀងទៅខាងគណបក្សកាន់អំណាច។
អ្នកស្រាវជ្រាវលើជនជាតិចាម នៅកម្ពុជា លោក អ៊ី សាអូស្មាន មានប្រសាសន៍ថា ជនជាតិចាម នៅកម្ពុជា មានប្រមាណជាង ៥សែននាក់។ លោកកត់សម្គាល់ឃើញថា ជនជាតិចាម បច្ចុប្បន្នមានការផ្លាស់ប្ដូរច្រើនទាក់ទងនឹងការយល់ដឹងអំពីបញ្ហាសង្គម និងនយោបាយ។ លោកពន្យល់ថា គោលនយោបាយមិនរើសអើងជាតិសាសន៍នេះ ជារឿងសំខាន់បំផុតសម្រាប់ឲ្យគ្រប់ជនជាតិនៅក្នុងប្រទេសមួយមានភាពសុខសាន្តជាមួយគ្នា៖ «គោលនយោបាយមិនរើសអើងជាតិសាសន៍ពណ៌សម្បុរ សាសនា គឺយើងមានគណបក្សសង្គ្រោះជាតិ នេះ មិនរើសអើងជាតិសាសន៍នោះទេ»។
ឯកសារប្រវត្តិសាស្ត្រសរសេរថា នៅមុនឆ្នាំ១៩៧៥ ជនជាតិចាម មានប្រមាណ ៧សែននាក់ ប្រហែល ១០% នៃប្រជាពលរដ្ឋសរុប ៧លាននាក់។ ជនជាតិចាម បានមកតាំងទីលំនៅក្នុងកន្លែងជាច្រើននៃប្រទេសកម្ពុជា ភាគច្រើនរស់នៅប្រមូលផ្ដុំគ្នាជាសហគមន៍។ ខ្លះរស់នៅជិតភូមិខ្មែរ ខ្លះទៀតរស់នៅក្នុងភូមិជាមួយជនជាតិខ្មែរ និងជនជាតិភាគតិចដទៃទៀតមាន វៀតណាម និងចិន។
នៅក្នុងរបបខ្មែរក្រហម ជនជាតិចាម ត្រូវខ្មែរក្រហមសម្លាប់ចន្លោះពី ១សែនទៅ ៥សែននាក់។ ជនជាតិចាម មួយចំនួន ខ្មែរក្រហមសម្លាប់ដោយសារតែនិយាយភាសាចាម និងមួយចំនួនទៀត ខ្មែរក្រហមសម្លាប់ដោយសារតែប្រឆាំងកម្មាភិបាលដែលមិនឲ្យប្រតិបត្តិសាសនា ជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
