លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ នឹងវិលមកប្រទេសកម្ពុជា វិញ នៅយប់ថ្ងៃទី២ ខែធ្នូ បន្ទាប់ពីលោកទៅជួបពិភាក្សាជាមួយ លោក សម រង្ស៊ី នៅប្រទេសហ្វីលីពីន កាលពីថ្ងៃទី២៩ ខែវិច្ឆិកា មក។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ ឲ្យវិទ្យុអាស៊ីសេរី ដឹងនៅល្ងាចថ្ងៃទី១ ខែធ្នូ ថា នៅពេល លោក កឹម សុខា អញ្ជើញទៅប្រទេសហ្វីលីពីន ដើម្បីជជែកពិភាក្សាដោយផ្ទាល់ជាមួយ លោក សម រង្ស៊ី ក្នុងគោលបំណងរកយុទ្ធសាស្ត្រនយោបាយសម្រាប់គណបក្សសង្គ្រោះជាតិ ឲ្យដំណើរការទៅមុខកាន់តែល្អ និងការរកដំណោះស្រាយជុំវិញវិបត្តិនយោបាយរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ។
លោក យឹម សុវណ្ណ លើកឡើងថា ការវិលត្រឡប់របស់ លោក កឹម សុខា ដើម្បីមកដឹកនាំគណបក្សសង្គ្រោះជាតិ ខណៈដែល លោក សម រង្ស៊ី មិនទាន់អាចវិលចូលស្រុកវិញដោយគ្មានទោសនោះ។ លោកថា គណបក្សសង្គ្រោះជាតិ មិនបានរៀបចំឲ្យមានសកម្មជន ឬអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ទៅទទួល លោក កឹម សុខា នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញនោះទេ៖ «គាត់ (លោក កឹម សុខា) ចេញទៅក្រៅប្រទេសមួយថ្ងៃពីរហើយ ទៅប្រទេសហ្វីលីពីន ដើម្បីងាយស្រួលទំនាក់ទំនងជាមួយលោក សម រង្ស៊ី ក្នុងគោលបំណងគិតគូរគ្នារកយុទ្ធសាស្ត្រដើរទៅមុខ»។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ ដដែល ឲ្យដឹងថា នៅពេល លោក កឹម សុខា ត្រឡប់មកវិញ គណបក្សសង្គ្រោះជាតិ នៅតែបន្តស្មារតីជួបចរចាជាមួយប្រមុខគណបក្សប្រជាជនកម្ពុជា បើទោះជាគណបក្សកាន់អំណាចឆ្លើយតបថា មិនទាន់មានពេលជួបចរចាជាមួយគណបក្សសង្គ្រោះជាតិ ក្តី។
លោក កឹម សុខា បានចាកចេញពីប្រទេសកម្ពុជា ស្ងាត់ៗកាលពីថ្ងៃទី២៩ ខែវិច្ឆិកា បន្ទាប់ពីលោកទើបវិលចូលស្រុកកាលពីថ្ងៃទី២៤ ខែវិច្ឆិកា ជាមួយអ្នកតំណាងរាស្ត្រពីររូបដែលរងរបួស ដោយការប្រើអំពើហិង្សានោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
