ការជំរុញនេះ កើតមានស្របពេលដែលរដ្ឋាភិបាលកម្ពុជា ក្រោមគោលនយោបាយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រងការចោទថា មានអំពើនិទ្ទណ្ឌភាព និងការរំលោភសិទ្ធិមនុស្សក្នុងដំណាក់កាលចុងក្រោយនេះដ៏ធ្ងន់ធ្ងរ ជាពិសេសការបាញ់បោះដោយសេរីប្រឆាំងពលរដ្ឋខ្លួន។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ បានឲ្យដឹងថា ក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ ក្រុមមេធាវីដែលមានជំនាញផ្នែកឧក្រិដ្ឋកម្មអន្តរជាតិ នឹងប្រមូលភស្តុតាងទាំងឡាយពាក់ព័ន្ធនឹងអំពើហិង្សានៅកម្ពុជា ដែលរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រព្រឹត្តក្នុងពេលកន្លងទៅ និងថ្មីៗនេះ ដើម្បីតតាំងតាមផ្លូវច្បាប់នៅតុលាការឧក្រិដ្ឋកម្មព្រហ្មទណ្ឌអន្តរជាតិ អាយ.ស៊ី.ស៊ី ក្នុងពេលខាងមុខនេះ។
លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ ឲ្យដឹងនៅថ្ងៃទី២០ មករា ថា គណបក្សសង្គ្រោះជាតិ បានចុះកិច្ចព្រមព្រៀងរួចហើយជាមួយមេធាវីអន្តរជាតិ កាលពីពេលថ្មីៗនេះ។ លោកបន្តថា ការឈានដល់ចុះសន្យានេះ ក្រោយពីមានព្រឹត្តិការណ៍បាញ់បង្ក្រាបដោយហិង្សានៅផ្លូវវ៉េងស្រេង កាលពីដើមឆ្នាំ២០១៤ ប្រឆាំងក្រុមអ្នកតវ៉ារឿងប្រាក់ខែគោល។
លោក កឹម សុខា ឲ្យដឹងទៀតថា កិច្ចការនេះនឹងដំណើរការក្នុងពេល ២ខែទៀតយ៉ាងយូរ៖ «មេធាវីគេធ្វើការវាយតម្លៃ បើថាមានភស្តុតាងឯកសារគ្រប់គ្រាន់ថាត្រូវយកទៅទទួលអនុវត្តទៅតាមតុលាការព្រហ្មទណ្ឌអន្តរជាតិបាន អាហ្នឹងយើងធ្វើ បើមិនទាន់ទេ អាហ្នឹងយើងនៅប្រមូលតទៅទៀត មិនមែនតែរឿងវ៉េងស្រេង មួយហ្នឹងទេ។ ឥឡូវនេះ ដំណាក់កាលនេះ គឺយើងគណបក្សសង្គ្រោះជាតិ យើងទើបជួលមេធាវីមួយក្រុម។ ទាល់បានមេធាវីហ្នឹងគាត់ចាប់ផ្ដើមពីខែបីខែបួន បានគាត់ចាប់ផ្ដើមចុះមកប្រមូលភស្តុតាងភស្តុតាងអី»។
អ្នកវិភាគបញ្ហាសង្គម កត់សម្គាល់ថា កម្ដៅនយោបាយនៅពេលនេះ នឹងមិនថមថយឡើយ។ មិនថមថយត្រង់ថា គ្រប់ដៃគូវិវាទទាំងពីរ ក្រៅពីមិនអាចសម្រុះសម្រួលដើម្បីទម្លាយភាពជាប់គាំងនេះហើយ លើសពីនេះទៀត ថែមទាំងបានប្រើប្រាស់ភាពស្របច្បាប់របស់ខ្លួន តាមប្រព័ន្ធតុលាការ ដើម្បីធ្វើឲ្យដៃគូម្ខាងទៀតត្រូវចុះខ្សោយ ហើយមិនអាចងើបតដៃបាន។
ចំណែកប្រទេសកម្ពុជា បានផ្ដល់សច្ចាប័នរួចហើយនៅទីក្រុងរ៉ូម កាលពីខែមករា ឆ្នាំ២០០២ ថាជារដ្ឋដែលប្រឆាំងអំពើឧក្រិដ្ឋកម្មមនុស្សជាតិ និងឧក្រិដ្ឋកម្មសង្គ្រាមជាសមាជិករបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ អាយ.ស៊ី.ស៊ី នេះ។ ចាប់ពីពេលនោះមក ប្រទេសកម្ពុជា បានក្លាយជាសមាជិកតែមួយគត់របស់តុលាការឧក្រិដ្ឋកម្មព្រហ្មទណ្ឌអន្តរជាតិ អាយ.ស៊ី.ស៊ី នៅក្នុងតំបន់អាស៊ីនេះ។
ផែនការចម្បងរបស់តុលាការឧក្រិដ្ឋកម្មព្រហ្មទណ្ឌអន្តរជាតិនេះ គឺផ្ដោតលើកិច្ចការ ឬមានយុត្តាធិការគ្របដណ្ដប់មួយចំនួន ដូចជា ប្រឆាំងការរំលោភបំពានដ៏ហិង្សាទៅលើប្រជាពលរដ្ឋ និងប្រឆាំងចំពោះការរំលោភបំពានពីភាគីម្ខាងលើបញ្ហាបូរណភាពដែនដី មកលើរដ្ឋដែលជាសមាជិករបស់ខ្លួន។ ក្រៅពីនេះ តុលាការព្រហ្មទណ្ឌអន្តរជាតិ អាយ.ស៊ី.ស៊ី នេះក៏ទទួលការផ្ទេរសិទ្ធិធ្វើសេចក្ដីវិនិច្ឆ័យ លើសំណុំរឿងពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែរ ថ្វីបើតុលាការនេះពុំមែនជាផ្នែកមួយនៃសមាជិករបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិក៏ដោយចុះ។
បើទោះជាបែបណា កាលពីថ្ងៃទី១៨ មករា នៅខេត្តក្រចេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមានទៅដៃគូនយោបាយរបស់លោក គឺមេដឹកនាំគណបក្សសង្គ្រោះជាតិ ទាំងពីរថា គប្បីប្រើប្រាស់នយោបាយឲ្យល្មមៗបានហើយ។ ការថ្លែងសារនយោបាយនេះ អាចរាប់បានថា ជាការថ្លែងសារនយោបាយដ៏កម្ររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅតាមបណ្ដាខេត្តក្រោយការបោះឆ្នោតរួច។ លោក ហ៊ុន សែន បានបញ្ជាក់ថា គិតមកដល់ពេលនេះ គណបក្សប្រជាជនកម្ពុជា អត់ធ្មត់ណាស់ពេកទៅហើយ រហូតដល់ធ្វើមិនដឹងមិនឮ ដើម្បីទុកផ្លូវក្នុងការផ្សះផ្សានយោបាយ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖ «បន្ធូរដៃហើយប៉ុណ្ណឹងនោះ បើនិយាយឲ្យវាត្រឹមត្រូវ ខ្ញុំបានប្រាប់ ស៊ូប៊ែឌី ខ្ញុំព្រះករុណាខ្ញុំបានប្រាប់ ស៊ូប៊ែឌី បើនិយាយឲ្យត្រឹមត្រូវតាមច្បាប់ បើកុំទប់ទ្វារដើម្បីសម្របសម្រួលខាងនយោបាយ ត្រូវចាប់ខ្លួនភ្លាម ព្រោះនេះជាបទល្មើសជាក់ស្ដែង ត្រូវចាប់ខ្លួនភ្លាមប៉ុន្មាននាក់នោះ។ ប៉ុន្តែ ទុកផ្លូវសន្ទនាខាងនយោបាយ យើងមិនចាប់ខ្លួនទេ។ ហើយពេលចូលតុលាការហើយ តុលាការក៏មិនបានចេញដីកាឃុំខ្លួនទេ។ សូមឲ្យយល់ផង កុំទទឹងទិស»។
សម្រាប់អ្នកឃ្លាំមើលការវិវឌ្ឍស្ថានការណ៍សង្គម លោក សុខ ទូច បណ្ឌិតវិទ្យាសាស្ត្រនយោបាយធ្លាប់ចាត់ទុកថា អ្នកនយោបាយកម្ពុជា ពុំដែលគិតគូរពីផលប្រយោជន៍ជាតិរួមទេ។ តែផ្ទុយទៅវិញ ពួកគេច្រើនយកវេទិកាជួបជាមួយប្រជាពលរដ្ឋនិយាយរឿងនយោបាយ ដើម្បីអំណាច៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
