ជាទម្លាប់មេដឹកនាំបក្សប្រឆាំង តែងចុះតាមមូលដ្ឋានដើម្បីចុះជួបសកម្មជនរបស់ខ្លួន។ ការប្រើប្រាស់វេទិកាអ្នកតំណាងរាស្ត្រជួបជាមួយពលរដ្ឋនេះ ត្រូវបានអង្គការសង្គមស៊ីវិលមើលឃើញថា បក្សប្រឆាំងតែងអនុវត្តបានញឹកញាប់ជាងបក្សនយោបាយដទៃទៀត។ បើទោះជាបែបណា លោក កឹម សុខា តាំងពីចេញពីការឃុំខ្លួនឯង គិតមកដល់ពេលនេះ ត្រូវបានមន្ត្រីជាន់ខ្ពស់បក្សប្រឆាំងបញ្ជាក់ថា ប្រធានស្ដីទីបក្សសង្គ្រោះជាតិនេះ នៅពុំទាន់មានគម្រោងចុះមូលដ្ឋាននៅឡើយទេ។
គិតពីថ្ងៃដែលព្រះមហាក្សត្រចេញព្រះរាជក្រឹត្យលើកលែងទោសឲ្យលោក កឹម សុខា តាមរយៈបទអន្តរាគមន៍របស់លោក ហ៊ុន សែន មានរយៈពេលជាងកន្លះខែមកហើយនេះ មន្ត្រីនាំពាក្យរបស់បក្សប្រឆាំងឲ្យដឹងថា ប្រមុខដឹកនាំបក្សរូបនេះ នៅពុំទាន់មានផែនការចុះជួបអ្នកគាំទ្រ និងសកម្មជននៅតាមមូលដ្ឋានដូចដែលធ្លាប់ធ្វើនៅមុនការចោទប្រកាន់របស់តុលាការនៅឡើយនោះទេ។
លោក យឹម សុវណ្ណ មន្ត្រីជាន់ខ្ពស់បក្សប្រឆាំង និងជាអ្នកនាំពាក្យផង ឲ្យដឹងនៅថ្ងៃទី២៤ ខែធ្នូ ថា វត្តមានរបស់លោក កឹម សុខា ចុះមូលដ្ឋានកំពុងស្ថិតក្នុងដំណាក់កាលរបៀបវារៈនៃកិច្ចពិគ្រោះយោបល់របស់គណៈអចិន្ត្រៃយ៍បក្សសង្គ្រោះជាតិនៅឡើយ។ លោកឲ្យដឹងថា ថ្វីបើការចុះតាមមូលដ្ឋាននៅមិនទាន់បានកំណត់ពេលក៏ដោយចុះប្រមុខដឹកនាំបក្សប្រឆាំងនៅបន្តជួបសកម្មជន និងអ្នកគាំទ្រនៅទីស្នាក់ការបក្សដូចដែលធ្លាប់បានធ្វើរាល់ដងមិនដែលលោះពេលទេ។ លោកបន្តថា «មកដល់ពេលនេះ លោកមិនទាន់បានជួបសកម្មជននៅតាមមូលដ្ឋានទេ។ ឥឡូវនេះ គាត់ជួបសកម្មជន យុវជនថ្នាក់ដឹកនាំមូលដ្ឋានអីនៅទីស្នាក់ការកណ្ដាល»។
លោក កឹម សុខា ត្រូវបានព្រះមហាក្សត្រព្រះរាជទានលើកលែងទោស កាលពីថ្ងៃទី២ ខែធ្នូ។ ប្រធានស្ដីទីបក្សប្រឆាំងរូបនេះ បានសម្រេចចិត្តឃុំខ្លួននៅក្នុងទីស្នាក់ការបក្សប្រមាណជិតកន្លះឆ្នាំ ប្រឆាំងការចោទប្រកាន់ និងចាប់ខ្លួនដោយតុលាការក្រុងភ្នំពេញ។
នៅមុនការចោទប្រកាន់របស់តុលាការក្រុងភ្នំពេញ កាលពីខែកញ្ញា ពីបទមិនចូលខ្លួនបំភ្លឺក្នុងនាមជាសាក្សី ប្រធានស្ដីទីរូបនេះតែងចុះជួបអ្នកគាំទ្រនៅតាមមូលដ្ឋានជាញឹកញាប់ស្ទើរគ្រប់ច្រកល្ហក។ក៏ប៉ុន្តែនៅពេលនេះ ថ្វីបើលោកទទួលបានសេរីភាពវិញជាងកន្លះខែហើយក៏ដោយចុះ វត្តមានរបស់លោក កឹម សុខា នៅតាមមូលដ្ឋាននៅមិនឃើញដូចមុនៗទៀតឡើយ។
បើទោះជាបែបណា បក្សនយោបាយទាំងពីរដែលបានសន្យាក្រោយសម្របសម្រួលផ្នែកនយោបាយកាលពីដើមខែធ្នូ ថា នឹងជួបគ្នាជាថ្មីនៅចុងខែធ្នូ នេះទៀត ប៉ុន្តែលទ្ធភាពនេះ ហាក់មិនទាន់ប្រាកដនៅឡើយទៅវិញ។ លោក យឹម សុវណ្ណ ឲ្យដឹងថា ការជួបប្រជុំជាមួយបក្សកាន់អំណាចដ៏ខ្លីខាងមុខនេះទៀតដូចដែលបានគ្រោងទុក កាលពីដើមខែធ្នូ មិនទាន់ច្បាស់លាស់នៅឡើយទេ។
ថ្វីបើមកដល់ពេលនេះ មានការខ្វែងគំនិតគ្នាចុងក្រោយរឿងការណាត់ជួបនេះក្ដី ផ្ទុយពីទៅវិញ លោក ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បញ្ជាក់កាលពីថ្ងៃទី៧ ខែធ្នូ ថា ក្រោយពីយល់ចិត្តគ្នាហើយ គឺបក្សទាំងពីរបានសន្យាថា នឹងជួបជុំគ្នាជាថ្មីទៀត នៅចុងខែធ្នូ នេះ ដើម្បីដោះស្រាយបញ្ហាដែលនៅសេសសល់។ លោកបន្តថា «ទី៣ ឯកភាពគ្នាថានៅចុងខែ១២ នេះ អាចនឹងមានការជួបគ្នារវាងក្រុមអ្នកដឹកនាំនៃគណបក្សទាំងពីរ»។
បើទោះជាមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ធ្លាប់បញ្ជាក់ពីជំហរដូចនេះ លោក ខៀវ សុភ័គ មន្ត្រីនាំពាក្យក្រសួងមហាផ្ទៃ ឲ្យដឹងថា នៅក្នុងរបៀបវារៈកិច្ចការប្រចាំថ្ងៃរបស់លោក ស ខេង គិតពីពេលនេះ រហូតដល់ថ្ងៃទី១៩ ខែមករា គឺពុំមានចំណុចណាមួយដែលត្រូវជួបសន្ទនាជាមួយបក្សប្រឆាំងឡើយ។ក៏ប៉ុន្តែលោក ខៀវ សុភ័គ ឲ្យដឹងថា វាមិនទៀងដែរ ប្រសិនបើសភាពការណ៍នយោបាយប្រែប្រួល ការជួបគ្នារវាងបក្សនយោបាយទាំងពីរក៏អាចកើតមាន។
ទាក់ទិនរឿងនេះ លោក គឹម សុខ អ្នកឃ្លាំមើលសង្គម និងនយោបាយយល់ឃើញថា ការពន្យារពេលក្នុងចុះមូលដ្ឋានរបស់លោក កឹម សុខា នេះ ប្រហែលមានរឿងដោះស្រាយខ្លះនៅផ្ទៃក្នុងបក្ស ឬអាចមានសម្ពាធពីដៃគូសន្ទនា។ យ៉ាងណាអ្នកវិភាគរូបនេះ យល់ឃើញថា បើទោះជាមេបក្សស្ងាត់ ប៉ុន្តែបក្សប្រឆាំងនេះ នៅតែមានប្រជាប្រិយ។ ទន្ទឹមនឹងនេះ វត្តមានរបស់ប្រមុខដឹកនាំបក្សប្រឆាំង ក៏មិនត្រូវនៅស្ងប់ស្ងាត់យូរពេកដែរ។ លោកបន្តថា «មើលទៅសន្ទុះគណបក្សសង្គ្រោះជាតិ ហ្នឹងឥតទាន់ចុះទេ នៅខ្លាំងដដែលទេ។ ប៉ុន្តែកុំឲ្យសកម្មភាព ឬក៏យុទ្ធសាស្ត្រនយោបាយស្ងាត់ហ្នឹងនៅបន្តទៀត។ កាលណានៅបន្តទៀត នឹងមានការសង្ស័យពីសកម្មជនថ្នាក់ក្រោម និងប្រជាពលរដ្ឋនៅតាមមូលដ្ឋានដែលគាំទ្រផុលផុសហ្នឹងហើយ។ ដូច្នេះក្នុងស្ថានភាពបែបនេះ មេដឹកនាំគណបក្សសង្គ្រោះជាតិ ត្រូវរួសរាន់បង្កើតយុទ្ធសាស្ត្រយ៉ាងដូចម្ដេច ដើម្បីបង្ហាញទៅពលរដ្ឋអំពីសកម្មភាពរួមគ្នារបស់ក្រុមមេដឹកនាំ ហើយចុះជួបផ្ទាល់ជាមួយនឹងប្រជារាស្ត្រ»។
ដោយឡែក អ្នកនាំរដ្ឋសភា លោក ឡេង ប៉េងឡុង ឲ្យដឹងថា នៅក្នុងសម័យប្រជុំសភាពេញអង្គដែលត្រូវដំណើរការនៅថ្ងៃច័ន្ទ ទី២៦ ខែមករា សមាជិកសភាមកពីបក្សនយោបាយទាំង២ នឹងត្រូវចូលរួមប្រជុំដូចការគ្រោងទុក ដោយពុំទាន់ឃើញមានការប្រែប្រួលទេ។ ប៉ុន្តែសមាជិកសភាមកពីខាងបក្សប្រឆាំងបានផ្ដល់ដំណឹងជាមុនពីការអវត្តមានចូលរួមប្រជុំសភាពេញអង្គលើកនេះច្រើននាក់ដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
