លោក កឹម សុខា សរសើរ​រដ្ឋាភិបាល​លោក ហ៊ុន សែន

0:00 / 0:00

ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ចាប់​ផ្ដើម​សរសើរ​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន ក្រោយ​ទទួល​បាន​ការ​លើកលែង​ទោស និង​ស្រប​ដែល​ពេល​ស្ថានការណ៍​នយោបាយ​ចាប់​ផ្ដើម​ថយ​កម្ដៅ។ លោក​កោត​សរសើរ​ថា រដ្ឋាភិបាល​កំពុង​ដើរ​លើ​ផ្លូវ​ត្រូវ​ក្នុង​វិស័យ​កីឡា។ ចំណែក​បក្ស​កាន់​អំណាច​ដែល​ទទួល​បាន​ការ​សរសើរ មិន​បង្ហាញ​ការ​ភ្ញាក់ផ្អើល​ទេ ដោយ​គ្រាន់តែ​យល់​ថា លោក កឹម សុខា ចាប់​ផ្ដើម​និយាយ​ការពិត។

ជា​សារ​កម្រ​របស់​ប្រមុខ​បក្ស​ឆាំង​ដែល​តែ​ធ្លាប់​តែ​រិះគន់​រដ្ឋាភិបាល​គ្រប់​វេទិកា​នោះ បែរ​ជា​ចាប់​ផ្ដើម​ប្រាប់​អ្នក​គាំទ្រ​របស់​ខ្លួន​ថា រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន មិន​មែន​ធ្វើ​អ្វី​មិនបាន​នោះ​ទេ៖ «បង​ប្អូន​ឃើញ​ទេ វិស័យ​កីឡា​ជឿនលឿន មិន​មែន​ថា​រដ្ឋាភិបាល​អត់​ធ្វើ​អី​បាន​ទាំង​អស់​ទេ បងប្អូន​ឃើញ​អ៊ីចឹង​ទេ វិស័យ​កីឡា​ជឿនលឿន ខ្មែរ​យើង​ទៅ​យក​មេដាយ​មាស មេដាយ​សំខាន់ ហើយ​កីឡា​នេះ​ហើយ​ជា​កិត្តិយស​របស់​ជាតិ​យើង ប៉ុន្តែ​ការ​រំលោភ​សិទ្ធិមនុស្ស​ជា​ការ​បង្អាប់​ប្រទេស​ជាតិ វា​បញ្ច្រាស​ទិស​គ្នា​អ៊ីចឹង​ណា! រដ្ឋាភិបាល​កំពុង​ដើរ​លើ​ផ្លូវ​ត្រូវ​លើ​វិស័យ​កីឡា យើង​សុំ​ចូលរួម​អបអរសាទរ»

​លោក កឹម សុខា ថ្លែង​បែប​នេះ ក្នុង​ទិវា​សិទ្ធិមនុស្ស ១០ ធ្នូ ដែល​គណបក្ស​សង្គ្រោះ​ជាតិ ប្រារព្ធ​នៅ​ទីស្នាក់ការ​កណ្ដាល​របស់​ខ្លួន កាល​ពី​ព្រឹក​ថ្ងៃ​ទី​១០ ខែ​ធ្នូ ដែល​មាន​អ្នក​ចូលរួម​ប្រមាណ ៥០០​នាក់។ សារ​នយោបាយ​របស់​លោក កឹម សុខា បែប​នេះ ស្រប​ពេល​ដែល​លោក ហ៊ុន សែន និង​លោក កឹម សុខា ចាប់​ផ្ដើម​ចាប់​ដៃ​គ្នា​ឡើង​វិញ​ដើម្បី​បញ្ចប់​ជម្លោះ​រវាង​គណបក្ស​ទាំង​ពីរ។

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ឆ្លើយ​តប​ចំពោះ​ពាក្យ​សរសើរ​របស់​ប្រមុខ​គណបក្ស​ប្រឆាំង​នៅ​ពេល​នេះ​ថា នេះ​ជា​ការ​និយាយ​ការពិត​ដែល​ខុស​ពី​មុន​បក្ស​ប្រឆាំង​តែង​និយាយ​ខុស​ពី​ការពិត។ លោក​យល់​ថា ប្រសាសន៍​របស់​លោក កឹម សុខា នៅ​ពេល​នេះ គឺ​កាន់តែ​ជំរុញ​ស្ថានការណ៍​នយោបាយ​កាន់​តែ​មាន​ភាព​ល្អ​ប្រសើរ​ថែម​ទៀត៖ «គាត់​ធ្លាប់​តែ​និយាយ​ផ្ទុយ​ពី​ការ​ពិត​តែ​ពេល​នេះ មាន​ការ​សម្របសម្រួល​នយោបាយ ក្រោយ​ពេល​តុលាការ​បញ្ចប់​នីតិវិធី​នេះ​ហើយ យើង​ឃើញ​ថា សភាពការណ៍​ល្អ ហើយ​សភាពការណ៍​ល្អ​នេះ​ហើយ​ធ្វើ​ឲ្យ​គាត់ (លោក កឹម សុខា) និយាយ​ពី​សច្ចធម៌»

​ទាក់ទង​ស្ថានការណ៍​នយោបាយ​នេះ​ដែរ គេ​ឃើញ​ចាប់​ផ្ដើម​មាន​សេរីភាព​ឡើង​វិញ​រហូត​ចេញ​ពី​ទីស្នាក់ការ​បក្ស​ទៅ​ចូលរួម​ប្រជុំ​សភា និង​ទៅ​សួ​សុខ​អ្នក​ទោស​នៅ​ពន្ធនាគារ ក្រោយ​ព្រះមហាក្សត្រ​ព្រះរាជ​ប្រទាន​ការ​លើកលែងទោស​តាម​សំណើ​លោក ហ៊ុន សែន។ បន្ទាប់​មក​ទៀត មេ​ឃុំ​បក្ស​ប្រឆាំង​មក​ពី​ខេត្ត​កំពង់ចាម លោក ស៊ាង ចែត ត្រូវ​បាន​ដោះលែង ដែល​​​តុលាការ​ទើប​តែ​ផ្ដន្ទាទោស​ដាក់​គុក ៥​ឆ្នាំ តាម​រយៈ​ការ​រាជ​ប្រទាន​លើកលែង​ទោស​ពី​ព្រះមហាក្សត្រ​ដែរ។

អ្នកឃ្លាំមើល​ស្ថានការណ៍​នយោបាយ​វិញ​ម្ដង លោក​បណ្ឌិត មាស នី អ្នក​សិក្សា​ការ​អភិវឌ្ឍ​សង្គម​យល់​ថា អ្នក​នយោបាយ​ទាំង​ពីរ​គណបក្ស​កំពុង​ផ្ដល់​ភាព​កក់ក្ដៅ​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក។ ប៉ុន្តែ​លោក​យល់​ថា គណបក្ស​សង្គ្រោះ​ជាតិ​ក៏​ត្រូវ​តម្រង់​ទិសដៅ​ខ្លួន​ឯង​ច្បាស់លាស់​ឃើញ​​ថា​ល្អ ឃើញ​ខុស​រិះគន់​ដោយ​មាន​ភស្តុតាង​មក​បញ្ជាក់​ផង៖ «ខ្ញុំ​គិត​ថា នេះ​ជា​ច្រក​មួយ​យ​ដែរ​សម្រាប់​ឲ្យ​អ្នក​នយោបាយ​មាន​ទំនុក​ចិត្ត​គ្នា ឬ​ភាព​កក់ក្ដៅ​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក ព្រោះ​អី​នៅ​ស្រុក​យើង​ខ្ញុំ​សង្កេត​ឃើញ​ថា ការ​ដើរ​នៅ​លើ​ផ្លូវ​មួយ​ដែល​ក្ដៅ​រៀងៗ​ខ្លួន​វា​ហាក់​ដូចជា​មិន​បាន​ចេញ​ទៅ​ណា​រួច​ទេ»

​ក្រោយ​ពេល​លោក ហ៊ុន សែន ប្រកាស​ថា ដៃគូ​សន្ទនា​របស់​លោក គឺ​លោក កឹម សុខា មិន​មែន​លោក សម រង្ស៊ី ក្នុង​ពេល​ប្រជុំ​សភា​កាល​ពី​ពេល​ថ្មីៗ​នេះ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ដែល​ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា មន្ត្រី​សមាគម​អាដហុក និង​មន្ត្រី​ជាន់​ខ្ពស់ គ.ជ.ប លោក នី ចរិយា នឹង​លើក​ទៅ​ពិភាក្សា​នៅ​ចុង​ខែ​ធ្នូ ខាង​មុខ ក្រោយ​ការ​ដោះលែង​លោក​មេ​ឃុំ ស៊ាង ចែត។ ចំណែក​លោក កឹម សុខា បដិសេធ​ធ្វើ​អត្ថាធិប្បាយ​ទាក់ទង​រឿង​នេះ ​ពេល​មាន​ក្រុម​អ្នក​កាសែត​ស្កាត់​សួរ​រក​លោក​ក្នុង​ពេល​ប្រារព្ធ​ទិវា សិទ្ធិ​មនុស្ស ១០ ធ្នូ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។