លោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិនៅថ្ងៃព្រហស្បតិ៍នេះដឹកនាំប្រតិភូ អ្នកតំណាងរាស្រ្ត គណបក្សសង្គ្រោះជាតិ និងសមាជិកព្រឹទ្ធសភា គណបក្ស សម រង្ស៊ី ប្រមាណ ២០នាក់ ទៅពិនិត្យស្ថានភាព និងផ្តល់ជំនួយមនុស្សធម៌ និងថ្នាំពេទ្យឲ្យពលករខ្មែរ នៅទីក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ លោក កឹម សុខា នឹងធ្វើពិធីជួបជុំមួយនៅក្នុងក្រុងនៅម៉ោង ៨ព្រឹក៖ «យើងទៅពិនិត្យមើល ស្ថានភាពតើមានលក្ខណៈយ៉ាងណា ហើយមានបញ្ហាអ្វីខ្លះ សំខាន់ទៅសួរសុខទុក្ខ និងពិនិត្យស្ថានភាព ជាការលើកចិត្ត នឹងការជួយសង្គ្រោះគ្នា តិចតួច និងមានការជួយនាំក្រុមគ្រូពេទ្យដើម្បីសុខភាពខ្លះ»។
លោក កឹម សុខា ក៏បានរិះគន់រដ្ឋាភិបាលដែលខកខានមិនបានរៀបចំផែនការទុកជាមុនក្នុងពេលប្រទេសជាតិមានវិបត្តិដូចជាករណីពលករខ្មែរត្រូវយោធាថៃចាប់បញ្ជូនមកវិញនៅពេលនេះ៖ «យើងត្រូវគិតពីផែនការ សម្រាប់បង្កើតការងារជូនដល់ពលរដ្ឋ ជាជាងរុញប្រជាពលរដ្ឋឲ្យពេញប្រទេសគេនោះ គណបក្សកម្ពុជាក៏រុញឲ្យពលរដ្ឋឲ្យស៊ីឈ្នួលគេ ដោយគ្មានការទទួលខុសត្រូវ។ ធនធានធម្មជាតិ របស់ជាតិ របស់យើងនេះ ត្រូវគាត់ប្រគល់ទៅឲ្យក្រុមហ៊ុន»។
លោក កុយ គួង មន្ត្រីនាំពាក្យក្រសួងការបរទេសកាលពីថ្ងៃទី ១៨ មិថុនា អះអាងថា មន្ត្រីស្ថានទូតកម្ពុជាប្រចាំប្រទេសថៃកំពុងបន្តដោះស្រាយបញ្ហាពលករកម្ពុជា។ យោធាថៃកាលពីថ្ងៃទី ១៨ មិថុនា បន្តចាប់បញ្ជូនពលករខ្មែរប្រមាណ៧ពាន់នាក់បន្ថែមទៀតមកកម្ពុជាវិញតាមច្រកព្រំដែនអន្តរជាតិ បោយប៉ែត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
