ប្រជាពលរដ្ឋបានលើកឡើងថា អាជ្ញាធរដែលចុះស្រង់ឈ្មោះអ្នករងគ្រោះដោយសារទឹកជំនន់ បែរជាមានការរើសអើងចំពោះពួកគាត់ ដោយមេភូមិលើកឡើងថា ពួកគាត់បោះឆ្នោតឱ្យគណបក្សសង្គ្រោះជាតិ ត្រូវឱ្យខាងគណបក្សសង្គ្រោះជាតិ ទៅជួយ។ ប៉ុន្តែបញ្ហានេះត្រូវបានមេភូមិព្រែករំដេងកើត បដិសេធថា លោកមិនបានរើសអើងនោះទេ។
ប្រជាពលរដ្ឋនៅឃុំពង្រ ស្រុកកោះសូទិន ខេត្តកំពង់ចាម ចោទប្រកាន់មេភូមិថា បានប្រកាន់បក្សពួក ហើយនិយាយស្ដីសម្ដីធ្ងន់ធ្ងរមកកាន់ពួកគាត់ នៅពេលដែលមេភូមិដើរស្រង់ឈ្មោះ ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់។
ប្រជាពលរដ្ឋនៅភូមិព្រែករំដេងកើត ឃុំពង្រ ស្រុកកោះសូទិន ខេត្តកំពង់ចាម អ្នកស្រី ប៉េង នីន បានមានប្រសាសន៍ថា នៅថ្ងៃទី២៧ កញ្ញា ប្រធានភូមិបានដើរស្រង់ឈ្មោះប្រជាពលរដ្ឋដែលបានរងគ្រោះដោយទឹកជំនន់មកដល់មុខផ្ទះអ្នកស្រី អ្នកស្រីក៏បានស្រែកសួរថា ជួយកត់ឈ្មោះពួកគាត់ផង ពីព្រោះពួកគាត់ក៏ជាអ្នករងគ្រោះដោយសារទឹកជំនន់ដែរ ប៉ុន្តែមេភូមិបែរជាមានការរើសអើងចំពោះពួកគាត់ ហើយក៏បានប្រើពាក្យសម្ដីមិនសមរម្យទៅកាន់គាត់ទៀតផង។
អ្នកស្រី ប៉េង នីន៖ «ខ្ញុំថា ពូអើយពូ កុំដល់ថ្នាក់ហ្នុងពេក ធ្វើឪគេ! គាត់ថាហើយថាទៀត ហើយខ្ញុំក៏អត់មិនបាន ក៏ថាធ្វើឪគេ កុំជេរគេ!...»។
អ្នកស្រីបន្តថា សកម្មភាពរបស់មេនេះធ្វើឱ្យពួកគាត់ដែលជាប្រជាពលរដ្ឋមានការភ័យខ្លាច។ អ្នកស្រីក៏សូមអំពាវនាវដែរថា កុំឱ្យអាជ្ញាធរទាំងអស់ប្រកាន់ឥរិយាបថរើសអើង និងទង្វើបែបនេះតទៅទៀតចំពោះប្រជាពលរដ្ឋ។
អ្នកភូមិម្នាក់ទៀត អ្នកស្រី លី មុំ ក៏បានឱ្យដឹងដែរថា សកម្មភាពរបស់មេភូមិនេះ គឺបានបង្ហាញពីភាពរើសអើងចំពោះពួកគាត់ ដែលធ្វើឱ្យអ្នកស្រីមិនស្ងប់ចិត្តដោយសារពាក្យសម្ដីរបស់មេភូមិនោះដែរ៖ «មើលអ្នកណាលិចលង់ រួចទៅបងស្រីខ្ញុំក៏ថា ខ្ញុំក៏លិចដែរក្រោមផ្ទះ! រួចថា អើ! បើលិចម៉េចឱ្យអាសង្គ្រោះជាតិហ្នឹងជួយ...។ ជេរបងខ្ញុំអ៊ីចឹង ជេរពួកខ្ញុំអ៊ីចឹង...»។
ឆ្លើយតបនឹងការចោទប្រកាន់នេះ មេភូមិព្រែករំដេងកើត លោក ហុង លីន បានបដិសេធទាំងស្រុង ថា លោកមិនបាននិយាយអ្វីធ្ងន់ធ្ងរនោះទេ ហើយលោកក៏មិនដែលរើសអើងប្រជាពលរដ្ឋខ្លួនឯងនោះដែរ ហើយការស្រង់ឈ្មោះនោះ គឺមិនទាន់ដល់វេនខាងគណបក្សសង្គ្រោះជាតិនោះឡើយ។
លោកបន្តថា ចំពោះការចោទថា គាត់ប្រើពាក្យមិនសមរម្យនោះ គឺជាពាក្យមិនពិតទេ៖ «ខ្ញុំថាវាអ៊ីចេះ! វាថារកខ្ញុំជួយ ខ្ញុំថា អញមិនទាន់មកដល់កន្លែងសង្គ្រោះនោះទេ ពីព្រោះអញៗ មកដើម្បីស្រង់ឈ្មោះទេ។ វាហៅយើងហ្នឹងឱ្យទៅជួយវាឥឡូវហ្នឹង។ ថាខ្ញុំគ្រាន់តែទៅស្រង់ឈ្មោះបងប្អូនណាលិចលង់តែប៉ុណ្ណឹងទេ»។
តែទោះជាយ៉ាងណាក៏ដោយ ក៏ប្រជាពលរដ្ឋទាំងនោះសូមឱ្យអាជ្ញាធរភូមិទាំងអស់គប្បីកុំមានការរើសអើងចំពោះប្រជាពលរដ្ឋ ហើយមានការសង្ស័យចំពោះប្រជាពលរដ្ឋតទៅទៀត ដែលវាអាចនាំទៅរកការរើសអើងនឹងគ្នាគ្រប់ទីកន្លែងអាចឈានទៅរកអស្ថិរភាពសង្គមទៀតផង។
បញ្ហារើសអើងចំពោះអ្នកដែលមាននិន្នាការទៅរកគណបក្សប្រឆាំងនេះ ត្រូវបានប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សសង្គ្រោះជាតិ ប្រចាំខេត្តកំពង់ចាម លោក សេង ស៊ាងលី បានមានប្រសាសន៍ថា ទង្វើរើសអើងពីសំណាក់អាជ្ញាធរភូមិតែងតែកើតឡើងជាប្រចាំទៅលើសមាជិកគណបក្សសង្គ្រោះជាតិ។
លោក សេង ស៊ាងលី៖ «មុនបោះឆ្នោត និងក្រោយបោះឆ្នោត ភាគច្រើននៃមេភូមិតែងតែមានការរើសអើងគណបក្សនយោបាយជានិច្ចកាលអ៊ីចឹងតែម្ដង ពីព្រោះអីគាត់មិនបានគិតថា តួនាទីខ្លួនជាមេភូមិ ជាអ្នកបម្រើប្រជាពលរដ្ឋទូទៅទេ ខ្លួនច្រើនតែលម្អៀងទៅរកគណបក្សនយោបាយ ជាពិសេសលម្អៀងទៅរកគណបក្សកាន់អំណាចតែម្ដង»។
លោកក៏បានលើកឡើងដែរថា សូមឱ្យអាជ្ញាធរភូមិទាំងអស់ត្រូវប្រកាន់យកតួនាទីបម្រើប្រជាពលរដ្ឋ គិតគូរប្រយោជន៍ប្រជាពលរដ្ឋទូទៅ គប្បីកុំមានការរើសអើងនិន្នាការនយោបាយ ដើម្បីធានាបាននូវការគាំទ្រពីសំណាក់ប្រជាពលរដ្ឋ ជាជាងការបាត់បង់នូវទំនុកចិត្តពីប្រជាពលរដ្ឋ។ លោកក៏បានសំណូមពរដល់រដ្ឋាភិបាលឱ្យកំណត់អាណត្តិឱ្យមេភូមិឱ្យបានត្រឹមត្រូវ ជៀសវាងការប្រកាន់បក្សពួកដែលនាំឱ្យមានការរើសអើងនៅក្នុងសង្គម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។