ប្រជាពលរដ្ឋចង់ឲ្យរដ្ឋាភិបាល ឬម្ចាស់ជំនួយ ចុះទៅពិនិត្យមើលផ្ទាល់ពីជីវភាពរស់នៅ និងទុក្ខលំបាកមួយចំនួនដែលប្រជាពលរដ្ឋក្នុងភូមិកំពុងតែជួបប្រទះ ដើម្បីឲ្យដឹងថា ជំនួយដែលបានផ្ដល់ទាំងនោះពិតជាបានដល់ដៃគ្រួសារក្រីក្រពិតប្រាកដមែន ឬយ៉ាងណា។
ប្រជាពលរដ្ឋចំនួន ៩គ្រួសារ តំណាងឲ្យប្រជាពលរដ្ឋជាង ៣០គ្រួសារដែលអះអាងថា ខ្លួនពិតជាគ្រួសារក្រីក្រ និងរងគ្រោះដោយសារទឹកជំនន់ ហើយមិនបានទទួលជំនួយផ្សេងៗពីសប្បុរសជន ឬរដ្ឋាភិបាល បានជិះទូកមកជួបជុំគ្នានៅក្នុងផ្ទះប្រជាពលរដ្ឋម្នាក់ ស្ថិតក្នុងភូមិឪម៉ាល់ ដើម្បីពិភាក្សា និងចង់បញ្ចេញសំឡេងរបស់ខ្លួនដែលសម្ដែងពីការកើតទុក្ខមិនសុខចិត្តចំពោះមេភូមិ តាមប្រព័ន្ធផ្សព្វផ្សាយនៅព្រឹកថ្ងៃទី២៧ ខែតុលា។
ប្រតិកម្មរបស់ប្រជាពលរដ្ឋនេះ ធ្វើឡើងបន្ទាប់ពីពួកគាត់អត់មានឈ្មោះទៅទទួលព្រះរាជអំណោយរបស់ព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហមុនី នៅក្នុងអំឡុងពេលនៃការយាងចុះចែកព្រះរាជអំណោយដល់ជនរងគ្រោះដោយសារទឹកជំនន់ និងគម្រោងផ្ដល់បង្គន់អនាម័យដល់ប្រជាពលរដ្ឋរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ថា អេឌីប៊ី (ADB) តាមរយៈគម្រោងរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង កាលពីពេលថ្មីៗកន្លងទៅ។
ប្រជាពលរដ្ឋរស់នៅភូមិឪម៉ាល់ អ្នកស្រី ច្រេង សារ៉េត មានប្រសាសន៍ថា ក្រុមប្រជាពលរដ្ឋចង់ឲ្យសំឡេងរបស់ពួកគាត់បានឮដល់រដ្ឋាភិបាល និងម្ចាស់ជំនួយផ្សេងៗ ហើយពិនិត្យមើលពីភាពមិនប្រក្រតីរបស់អាជ្ញាធរមូលដ្ឋានក្នុងការអនុវត្តការងារដើម្បីបម្រើប្រជាពលរដ្ឋក្រីក្រ៖ «សម្រាប់អ្នកអត់ ហើយនិងចាស់ជរា ក្រ មេម៉ាយហ្នឹង គឺគេរំលងគេចែកតែគ្នា គេមេភូមិក៏បានជំនួយការមេភូមិក៏បាន ហើយនិងបងប្អូនសែស្រឡាយគេបានទាំងអស់។ ខ្ញុំអត់ ក៏ខ្ញុំបាននិយាយពីរឿងអំណោយហ្នឹង ដល់ពេលលោគេខឹងគេអត់ឲ្យខ្ញុំទៀត គេថាអាណានិយាយមិនបាច់ឲ្យវាតែម្ដង»។
ចំណែកឯប្រជាពលរដ្ឋម្នាក់ទៀតឈ្មោះ ប៊ូ សាវ៉េត អះអាងថា គ្រួសាររបស់អ្នកស្រីមិនត្រឹមតែមិនបានទទួលអំណោយ ឬបង្គន់អនាម័យនោះទេ ថែមទាំងមេភូមិឪម៉ាល់ លោក ឈឹម សំអឿន ប្រមាថអាយុជីវិតប្ដីរបស់អ្នកស្រីទៀតផង៖ «អាថ្ងៃពួកខ្ញុំទៅបាតុកម្មហ្នឹង គេថាប្ដីខ្ញុំទៅមានតែងាប់ទេ គេបោកគ្រាប់បែក គេបាញ់ផ្សែង ខ្ញុំស្មានថាហៅខ្ញុំទៅឲ្យបង្គន់ ពេលទៅបន់ប្ដីខ្ញុំឲ្យងាប់វិញ គេថាខ្ញុំបក្សផ្សេង គេអត់ឲ្យទេបង្គន់អីនោះ»។
ក្រុមប្រជាពលរដ្ឋបញ្ជាក់ថា សកម្មភាពស្រង់ឈ្មោះ និងការបែងចែកជំនួយផ្សេងៗរបស់អាជ្ញាធរភូមិ ដល់ប្រជាពលរដ្ឋក្រីក្រ ឬអ្នកដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀងពិតប្រាកដ គឺធ្វើឡើងដោយពុំមានតម្លាភាពនិងត្រឹមត្រូវឡើយ។
ឆ្លើយតបនឹងការចោទប្រកាន់នេះ មេភូមិឪម៉ាល់ លោក ឈឹម សំអឿន បានថ្លែងបដិសេធថា លោកមិនដែលមានការរើសអើងគណបក្សនយោបាយ ឬចែកអំណោយដោយប្រកាន់បក្សពួកដូចការចោទប្រកាន់នោះទេ។
លោកបន្តថា ឆ្លងតាមរយៈការធ្វើអត្តសញ្ញាណកម្មជនក្រីក្រ មានប្រជាពលរដ្ឋក្នុងភូមិជាង ៣០គ្រួសារ មានជីវភាពក្រីក្រពិតប្រាកដ ហើយពួកគាត់ភាគច្រើនមានឈ្មោះទទួលបានអំណោយ និងបង្គន់អនាម័យនៅក្នុងឆ្នាំ២០១៣ នេះ៖ «ក្នុងហ្នឹងថ្ងៃចែកអំណោយក៏មានបងប្អូនយើងដែលគាត់កាន់គណបក្សសង្គ្រោះជាតិទៅជាមួយខ្ញុំដែរ ហើយបង្គន់ក៏អ៊ីចឹងដែរ។ ខ្ញុំទៅផ្ទះគាត់ ខ្ញុំសួរគាត់ពេលហ្នឹងគាត់ទៅភ្នំពេញណោះ ខ្ញុំថាចាំប្ដីមកចាំយក មិនថាអត់ឲ្យទេ គាត់មក គាត់ទូរស័ព្ទមកសួរខ្ញុំឲ្យ។ វាទាល់តែអ្នកពិបាកហ្នឹងបានហើយបានអ្នកដែលល្មមដែលយើងមើលអាចថាអ្នកបន្ទាប់ឡើងប៉ុណ្ណាទៀត យើងអាចធ្វើអ៊ីចឹង»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តកំពង់ឆ្នាំង លោក លៀង សេង ដើម្បីសុំការអត្ថាធិប្បាយបន្ថែមជុំវិញបញ្ហានេះបានទេនៅរសៀលថ្ងៃទី២៧ ខែតុលា ដោយលោកប្រាប់ថាកំពុងជាប់រវល់។
មេភូមិឪម៉ាល់ លោក ឈឹម សំអឿន បានបញ្ជាក់ថា នៅក្នុងភូមិរបស់លោកមានគ្រួសារសរុបចំនួន ១៨៩គ្រួសារ ក្នុងនោះមានគ្រួសារដែលទទួលបានបង្គន់អនាម័យពីគម្រោងរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តចំនួន ៦៣គ្រួសារ។ គម្រោងនេះនឹងត្រូវអនុវត្តបន្តទៀត នៅក្រោយពីទឹកជំនន់បានស្រកផុតពីលំនៅឋានរបស់ពួកគាត់ទាំងស្រុង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
