ប្រជាពលរដ្ឋដែលជាសកម្មជនគណបក្សសង្គ្រោះជាតិ ជាង ១ពាន់នាក់នៅតាមបណ្ដាខេត្តមួយចំនួនរួមមានកំពង់ស្ពឺ កំពង់ឆ្នាំង កណ្ដាល ព្រៃវែង និងខេត្តស្វាយរៀង ជាដើម ត្រូវខកខានចូលរួមធ្វើមហាបាតុកម្ម ដូចការគ្រោងទុករបស់ខ្លួន ព្រោះតែត្រូវកម្លាំងសមត្ថកិច្ចចម្រុះរបស់រដ្ឋាភិបាលរារាំង។
ក៏ប៉ុន្តែ បញ្ហានេះ ត្រូវបានមន្ត្រីនាំពាក្យក្រសួងមហាផ្ទៃ អះអាងថា កងកម្លាំងនគរបាលរបស់រដ្ឋាភិបាល ពុំដែលមានចេតនាអាក្រក់ណាមួយតាមមធ្យោបាយដូចការចោទប្រកាន់ មកធ្វើជាមូលហេតុក្នុងការរំខានដល់ដំណើរការនៃការធ្វើបាតុកម្មនោះទេ។ មន្ត្រីនិយាយថា តែផ្ទុយទៅវិញ នោះគឺជាការខ្វះសមត្ថភាពរបស់ខ្លួនក្នុងការកៀងគរអ្នកគាំទ្រ ហើយរកលេសទម្លាក់កំហុសមកលើរដ្ឋាភិបាលប៉ុណ្ណោះ។
អាជ្ញាធរខេត្តកំពង់ឆ្នាំងរារាំងសមាជិកបក្សសង្គ្រោះជាតិចូលរួមបាតុកម្ម
ប្រធានក្រុមប្រឹក្សាគណបក្ស សម រង្ស៊ី ខេត្តកំពង់ឆ្នាំង គឺលោក ដួង ចិន្ត្រា បានចោទប្រកាន់អាជ្ញាធរថា បានធ្វើសកម្មភាពរារាំងមិនឲ្យសមាជិកគណបក្សសង្គ្រោះជាតិ ទៅចូលរួមក្នុងការធ្វើបាតុកម្មទាមទារកែទម្រង់គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត នៅឯទីលានប្រជាធិបតេយ្យនៅរាជធានីភ្នំពេញ។
លោក ដួង ចិន្ត្រា បានឲ្យដឹងនៅព្រឹកថ្ងៃទី២៤ មេសា ថា សមាជិកគណបក្សសង្គ្រោះជាតិ ខេត្តកំពង់ឆ្នាំង ចំនួន ១៦០នាក់ បានធ្វើដំណើរតាមរថយន្តចំនួន ៨គ្រឿង ដើម្បីទៅចូលរួមក្នុងការធ្វើបាតុកម្ម។ តែការធ្វើដំណើររបស់ពួកគាត់រងការរារាំងពីសំណាក់អាជ្ញាធរប៉ូលិស ខេត្តកំពង់ឆ្នាំង ជាច្រើនកន្លែង។
លោក ដួង ចិន្ត្រា៖ «បាទ! មកដល់សាលាឃុំទឹកហូរ មានប៉ូលិសមួយក្រុមដែលជាកងកម្លាំងខាងចរាចរណ៍ជើងគោកហ្នឹង ហើយគេយកលេសថាគេត្រួតពិនិត្យរថយន្ត ពេលពិនិត្យរថយន្តនោះគឺគេមិនឲ្យរថយន្តដែលដឹកសកម្មជនគណបក្ស សង្គ្រោះជាតិ ដែលលោកអញ្ជើញមកចូលរួមបាតុកម្មនោះ គឺគេកាក់ទាំងអស់។ បន្តមកទៀត ខាងសកម្មជនយើង ក៏បានធ្វើដំណើរបន្តដោយថ្មើរជើង រហូតមកដល់ចំណុចមួយគឺនៅសាលាជនជាតិឥស្លាម យើងក៏ហៅឡានតាក់ស៊ីតូចៗដែលបានធ្វើដំណើរតាមហ្នឹងដើម្បីធ្វើ ដំណើរបន្ត ប៉ុន្តែមកដល់ត្រង់ចំណុចបន្ទាយទាហាន នៅវត្តត្រឡែងកែង ហ្នឹង គឺមានការឃាត់ម្ដងទៀត មានន័យថា ពេលនោះឲ្យតែមានមនុស្សភាគច្រើនជិះឡានតាក់ស៊ីក៏ដោយ គឺគេឃាត់ទាំងអស់»។
ប៉ុន្តែ ការចោទប្រកាន់នេះ ត្រូវបានអាជ្ញាធរប៉ូលិសបដិសេធ។ មន្ត្រីប៉ូលិសចរាចរណ៍ម្នាក់ដែលសុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា នេះគឺជាការត្រួតពិនិត្យផ្នែកចរាចរណ៍ជាធម្មតា ដែលប៉ូលិសបានធ្វើជាប្រចាំរៀងរាល់ថ្ងៃ ពុំមែនជាការរារាំងដំណើរនរណាម្នាក់នោះឡើយ។
សកម្មជនគណបក្សសង្គ្រោះជាតិ ដែលមកពីបណ្ដាខេត្តផ្សេងៗចូលមកភ្នំពេញ នៅថ្ងៃពុធ ទី២៤ មេសា ក៏ត្រូវសមត្ថកិច្ចហាមឃាត់ដូចគ្នាដែរ ប៉ុន្តែ អ្នកខ្លះក៏រកមធ្យោបាយផ្សេងៗដើម្បីបានមកដល់ភ្នំពេញ អ្នកខ្លះទៀតបានត្រឡប់ទៅផ្ទះវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
