អង្គការសមាគមខ្មែរ-អាមេរិកាំង មួយចំនួននៅសហរដ្ឋអាមេរិក គ្រោងធ្វើបាតុកម្មប្រឆាំងដំណើរទស្សនកិច្ចរបស់លោក ហ៊ុន ម៉ាណែត ជាកូនប្រុសច្បងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មកកាន់រដ្ឋមួយចំនួននៅក្នុងសហរដ្ឋអាមេរិក នៅថ្ងៃច័ន្ទ ទី១១ ខែមេសា ខាងមុខ។
ពលរដ្ឋខ្មែរ-អាមេរិកាំង ចាត់ទុកវត្តមានរបស់លោក ហ៊ុន ម៉ាណែត ថាជាសញ្ញាអាក្រក់មួយក្នុងការបំបែកបំបាក់សាមគ្គីភាព និងភាពសុខដុមរមនារបស់ពួកគេ។
គម្រោងធ្វើបាតុកម្មនេះ នឹងចាប់ផ្ដើមធ្វើមុនគេក្នុងទីក្រុងឡុងប៊ិច (Long Beach) រដ្ឋកាលីហ្វ័រញ៉ា (California) នៅថ្ងៃសៅរ៍ ទី៩ ខែមេសា (ម៉ោងអាមេរិក)។
ចំណែកសហគមន៍ខ្មែរក្នុងរដ្ឋផ្សេងៗទៀត នឹងធ្វើជាបន្តបន្ទាប់គ្នារហូតដល់លោក ហ៊ុន ម៉ាណែត មកដល់សហរដ្ឋអាមេរិក។
ប្រធានអង្គការសម្ព័ន្ធមិត្តខ្មែរ-អាមេរិកាំង លោក ទូច វិបុល ដែលក្រុមរបស់លោកដឹកនាំធ្វើបាតុកម្មនៅទីក្រុងឡុងប៊ិច បានឲ្យដឹងកាលពីថ្ងៃទី៨ ខែមេសា ថា នៅទីតាំងនីមួយៗអាចនឹងមានអ្នកចូលរួមប្រមាណពី ៤០០ ទៅ ៦០០នាក់។
លោកបញ្ជាក់ទៀតថា ការតវ៉ានេះ ធ្វើឡើងដោយអហិង្សា ក្នុងបំណងមិនចង់ឲ្យកូនប្រុសនាយករដ្ឋមន្ត្រី ដែលមិនអនុវត្តតាមលទ្ធិប្រជាធិបតេយ្យ និងមិនគោរពសិទ្ធិមនុស្ស នាំយកវប្បធម៌ទាំងនេះចូលមកពង្រីកឥទ្ធិពល និងបណ្ដាញរបស់ខ្លួនក្នុងសហគមន៍ខ្មែរនៅសហរដ្ឋអាមេរិក នោះទេ៖ «»។
លោកបន្តថា ក្រុមរបស់លោកនឹងចូលរួមធ្វើបាតុកម្មជាមួយខ្មែរ-អាមេរិកាំង ដទៃទៀត ដែលត្រៀមធ្វើបាតុកម្មប្រឆាំងនឹងវត្តមានរបស់លោក ហ៊ុន ម៉ាណែត ដែលនឹងមកដល់សហរដ្ឋអាមេរិក នៅថ្ងៃច័ន្ទ ទី១១ ខែមេសា ខាងមុខនេះបន្តទៀត។
វិទ្យុអាស៊ីសេរី បានព្យាយាមសុំការបកស្រាយជាច្រើនដងពីលោក ហ៊ុន ម៉ាណែត ផ្ទាល់ និងតំណាងគណបក្សប្រជាជនកម្ពុជា នៅសហរដ្ឋអាមេរិក ពីគម្រោងធ្វើបាតុកម្មនេះ ប៉ុន្តែពុំទាន់មានការឆ្លើយតបយ៉ាងណានៅឡើយ។
អង្គការសមាគមមួយចំនួនដែលគ្រោងធ្វើបាតុកម្មនោះ រួមមាន សហគមន៍ខ្មែរកម្ពុជាក្រោម បណ្ដាញពលរដ្ឋខ្មែរដើម្បីកម្ពុជា សហគមន៍សំឡេងខ្មែរដើម្បីប្រជាធិបតេយ្យ សមាគមសម្ព័ន្ធមិត្តខ្មែរ-អាមេរិកាំង សម្ព័ន្ធខ្មែរអន្តរជាតិ និងសមាគមបណ្ដាញស្ត្រីកម្ពុជា (Cambodian women Networking Association)។
អង្គការសមាគមទាំងនេះ នឹងធ្វើកម្មវិធីនៅទីតាំងផ្សេងៗពីគ្នាក្នុងបណ្ដារដ្ឋមួយចំនួនក្នុងសហរដ្ឋអាមេរិក ដូចជានៅទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វ័រញ៉ា (California) ទីក្រុងហ្វល រីវឺ (Fall River) រដ្ឋមាស្សាឈូសេត ( Massachusetts) ទីក្រុងឡូវែល (Lowell) និងនៅទីក្រុងតាខូម៉ា (Tacoma) រដ្ឋវ៉ាស៊ីនតុន (Washington State) ជាដើម។
តំណាងក្រុមអ្នកតវ៉ាម្នាក់ទៀតនៅទីក្រុងឡុងប៊ិច លោក បូ អ៊ុច ក៏សំដែងការមិនពេញចិត្តចំពោះដំណើរទស្សនកិច្ចរបស់លោក ហ៊ុន ម៉ាណែត និងសហការីរបស់លោកមកសហគមន៍ខ្មែរនៅសហរដ្ឋអាមេរិក នេះដែរ ហើយលោកបានប្រកាសធ្វើបាតុកម្មប្រឆាំងរឿងនេះដូចគ្នា៖ «»។
ដំណើរទស្សនកិច្ចរបស់លោក ហ៊ុន ម៉ាណែត នេះ ដំបូងគឺចង់មកចូលរួមក្នុងកម្មវិធីវប្បធម៌ខ្មែរនៅក្នុងទីក្រុងឡុងប៊ិច នៅខែមេសា ខាងមុខនេះ ប៉ុន្តែក្រោយមកក៏មានការប្រកាសដកខ្លួនថយទៅវិញ ដោយសារមានភាពចម្រូងចម្រាសច្រើនពេក។
ទោះបីយ៉ាងណាក្ដី ពលរដ្ឋខ្មែរ-អាមេរិកាំង នៅតែរក្សាឆន្ទៈរារាំងមិនឲ្យលោក ហ៊ុន ម៉ាណែត និងមន្ត្រីរបស់គណបក្សប្រជាជនមួយចំនួនទៀត ចូលរួមក្នុងកម្មវិធីវប្បធម៌នោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
