ខ្មែរអាមេរិកាំង និងក្រុមជនជាតិដើមភាគតិចប្រមាណ ១ពាន់នាក់ មកពីបណ្ដារដ្ឋផ្សេងៗនៅសហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រ បានប្រមូលផ្តុំគ្នានៅមុខសេតវិមាន នៅរដ្ឋធានីវ៉ាស៊ីនតោន ទាមទារឲ្យរដ្ឋាភិបាលសហរដ្ឋអាមេរិក ឲ្យដាក់សម្ពាធលើរដ្ឋាភិបាលកម្ពុជា ដើម្បីឲ្យមានការរៀបចំការបោះឆ្នោតដោយសេរី និងយុត្តិធម៌ និងមានការផ្លាស់ប្ដូរមេដឹកនាំ។
អ្នកតវ៉ា និងព្រះសង្ឃភាគច្រើនជាអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ បានស្នើសុំឲ្យសហរដ្ឋអាមេរិក ជួយជំរុញអោយមានការធ្វើកំណែទម្រង់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងផ្លាស់ប្ដូរមេដឹកនាំកម្ពុជា។
ញត្តិអ្នកតវ៉ា បានដាក់ឲ្យប្រធានាធិបតីសហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា (Barack Obama) ស្នើសុំឲ្យសហរដ្ឋអាមេរិក ដាក់គំនាបរដ្ឋាភិបាលកម្ពុជា ឲ្យរៀបចំការបោះឆ្នោតដោយសេរី និងត្រឹមត្រូវ ដោយធ្វើកំណែទម្រង់សមាសភាពគណៈកម្មការរៀបចំការបោះឆ្នោត កែប្រែបញ្ជីឈ្មោះបោះឆ្នោត ធានាសុវត្ថិភាព លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ នៅពេលវិលត្រឡប់ទៅកម្ពុជា វិញ និងអនុញ្ញាតឲ្យលោកចូលរួមការបោះឆ្នោត។ ញត្តិក៏ទាមទារឲ្យបញ្ឈប់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គំរាមកំហែងអ្នកបោះឆ្នោត និងផ្តល់អភ័យឯកសិទ្ធិឲ្យអ្នកតំណាងរាស្ត្រ ២៩រូប ដែលត្រូវបានបណ្ដេញចេញពីរដ្ឋសភា។
ញត្តិបន្តទៀតថា ប្រសិនបើរដ្ឋាភិបាលកម្ពុជា មិនអនុវត្តតាមសំណើនេះទេ សហរដ្ឋអាមេរិក ត្រូវតែកុំទទួលស្គាល់លទ្ធផលបោះឆ្នោត និងផ្តាច់ជំនួយជាបន្ទាន់នៅកម្ពុជា។
តំណាងសេតវិមាន បានទទួលយកញត្តិរបស់ពលរដ្ឋខ្មែរអាមេរិក ឲ្យប្រធានាធិបតី ប៉ុន្តែនៅមិនទាន់មានការសន្យាណាមួយឡើយ។
បាតុកម្មនៅមុខសេតវិមាន កាលពីថ្ងៃសុក្រ មានការប្រមូលផ្តុំធំមួយរបស់ពលរដ្ឋអាមេរិកាំង សម្ដែងការគាំទ្រគណបក្សសង្គ្រោះជាតិ។
ព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហមុនី បានព្រះរាជទានលើកលែងទោសប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី កាលពីថ្ងៃសុក្រ ទី១២ ខែកក្កដា នេះ។
ព្រះមហាក្សត្រទ្រង់បានឡាយព្រះហស្តលេខាលើកលែងទោស លោក សម រង្ស៊ី ដែលត្រូវតុលាការកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេលប្រមាណ ១២ឆ្នាំ ពីបទបរិហារកេរ្តិ៍ និងក្លែងបន្លំឯកសារ ប៉ុន្តែសហគមន៍ជាតិ និងអន្តរជាតិ ចាត់ទុកថា ការកាត់ទោសនេះមាននិន្នាការនយោបាយរំខានគណបក្សប្រឆាំងរៀបចំការបោះឆ្នោតថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣។ ព្រះរាជក្រឹត្យព្រះមហាក្សត្រ សរសេរថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាអ្នកស្នើឲ្យមានការលើកលែងទោស។
លិខិតលោក ហ៊ុន សែន ថ្វាយព្រះមហាក្សត្រ នៅថ្ងៃសុក្រ ទី១២ ឲ្យដឹងថា លោកស្នើសុំព្រះមហាក្សត្រលើកលែងទោសលោក សម រង្ស៊ី តាមស្មារតីបង្រួបបង្រួមជាតិ ការផ្សះផ្សាជាតិ និងដើម្បីឲ្យការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៥ ប្រព្រឹត្តទៅតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដោយមានគ្រប់ភាគីពាក់ព័ន្ធចូលរួម។
អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ទេព នីថា មានប្រសាសន៍ថា បើទោះបីជាព្រះមហាក្សត្រប្រទានលើកលែងទោស លោក សម រង្ស៊ី ក៏ដោយ ប៉ុន្តែ លោក សម រង្ស៊ី គ្មានសិទ្ធិបោះឆ្នោត និងឈរជាបេក្ខជនតំណាងរាស្ត្របាន។
លោក សម រង្ស៊ី មានប្រសាសន៍ពីប្រទេសបារាំង ថា លោកនឹងវិលត្រឡប់ទៅកម្ពុជា វិញ នៅសប្ដាហ៍ក្រោយ ប៉ុន្តែមិនទាន់មានកំណត់ថ្ងៃនៅឡើយ ដោយសារតែរង់ចាំលិខិតធ្វើដំណើរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
