គណបក្ស​ខ្មែរ​ឈប់​ក្រ​ស្នើ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ឡើង​វិញ

លទ្ធផល​បឋម និង​មិន​ផ្លូវ​ការ​នៃ​ការ​បោះ​ឆ្នោត បាន​បង្ហាញ​ថា មាន​តែ​គណបក្ស​ពីរ​គត់ ដែល​ទទួល​បាន​អាសនៈ​ក្នុង​សភា​អាណត្តិ​ទី៥ នេះ គឺ​បក្ស​ប្រជាជន និង​បក្ស​សង្គ្រោះ​ជាតិ។ លទ្ធផល​បឋម​នេះ ត្រូវ​បាន​បក្ស​សង្គ្រោះ​ជាតិ ច្រាន​ចោល​ក្រោម​ហេតុផល​ថា ការ​បោះ​ឆ្នោត​បាន​ប្រព្រឹត្ត​ទៅ​ក្នុង​ភាព​មិន​ប្រក្រតី ហើយ​ស្នើ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ឯករាជ្យ​មួយ​។ នៅ​ថ្ងៃ​ទី៩ សីហា បក្ស​ខ្មែរ​ឈប់​ក្រ ដែល​មិន​ទទួល​បាន ១​កៅអី​សោះ ក៏​ប្រកាស​បដិសេធ​ចោល​លទ្ធផល​បឋម​នៃ​ការ​បោះ​ឆ្នោត​នោះ​ដែរ។

0:00 / 0:00

គណបក្ស​ខ្មែរ​ឈប់​ក្រ នៅ​ថ្ងៃ​ទី៩ សីហា បាន​ចេញ​សេចក្ដី​ប្រកាស​ជា​សាធារណៈ​មួយ បដិសេធ​លទ្ធផល​បណ្ដោះ​អាសន្ន​របស់​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) និង​បាន​អំពាវនាវ​ឲ្យ​សើរើ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ជា​ថ្មី និង​រៀប​ចំ​ការ​បោះ​ឆ្នោត​ម្ដង​ទៀត ក្រោម​ហេតុផល​ថា ការ​បោះ​ឆ្នោត​គ្មាន​តម្លាភាព សេរី និង​យុត្តិធម៌។

ក្នុង​សេចក្ដី​ប្រកាស​នោះ ប្រធាន​គណបក្ស​ខ្មែរ​ឈប់​ក្រ លោក ក្រវ៉ាញ ដារ៉ន បាន​បញ្ជាក់​ថា ការ​បោះ​ឆ្នោត​ឡើង​វិញ​ត្រូវ​ធ្វើ​ឡើង​ក្រោម​ការ​គ្រប់គ្រង​របស់​អង្គការ​សហប្រជាជាតិ សហរដ្ឋ​អាមេរិក សហភាព​អឺរ៉ុប ព្រម​ទាំង​អង្គការ​ជាតិ និង​អន្តរជាតិ​ដទៃ​ទៀត។ លោក​ក៏​បាន​លើក​ឡើង​ពី​ករណី​មិន​ប្រក្រតី​ជា​ច្រើន ដែល​គណបក្ស​នេះ​បាន​រក​ឃើញ រួម​មាន​ភាព​មិន​ប្រក្រតី​ទាំង​មុន​ពេល​បោះ​ឆ្នោត និង​ក្នុង​ថ្ងៃ​បោះ​ឆ្នោត។

គណបក្ស​ខ្មែរ​ឈប់​ក្រ បាន​រក​ឃើញ​ថា ក្នុង​អំឡុង​ពេល​ឃោសនា​បោះ​ឆ្នោត គណបក្ស​ប្រជាជន​កម្ពុជា បាន​រំលោភ​ច្បាប់​បោះ​ឆ្នោត ដោយ​ប្រើប្រាស់​ធនធាន​របស់​រដ្ឋ​ទៅ​ធ្វើ​ការ​ឃោសនា​បម្រើ​ផល​ប្រយោជន៍​របស់​គណបក្ស​ខ្លួន និង​ចាប់​ផ្ដើម​ការ​ឃោសនា​មុន​ពេល​ច្បាប់​របស់ គ.ជ.ប កំណត់ ថែម​ទាំង​បាន​កាត់​ប្រាក់​ខែ​របស់​បុគ្គលិក​រដ្ឋ​មួយ​ចំនួន ដើម្បី​យក​ទៅ​ចំណាយ​សម្រាប់​ការ​ឃោសនា​ទៀត​ផង។

លោក ក្រវ៉ាញ ដារ៉ន លើក​ឡើង​ថា ក្នុង​អំឡុង​ពេល​បោះ​ឆ្នោត ស្លាក​សញ្ញា និង​រូបថត​ជា​ច្រើន​របស់​គណបក្ស​លោក ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​បំផ្លាញ​ចោល ហើយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​គំរាម​កំហែង និង​បំភិត​បំភ័យ​ប្រជាពលរដ្ឋ​ថា នឹង​មាន​សង្គ្រាម​បើ​លោក​ចាញ់​ឆ្នោត។

គណបក្ស​នេះ​បាន​រក​ឃើញ​ភាព​មិន​ប្រក្រតី​ជា​ច្រើន​ទៀត ដែល​កើត​មាន​នៅ​ថ្ងៃ​បោះ​ឆ្នោត ដូច​ជា ការ​បន្លំ​សន្លឹក​ឆ្នោត ការ​ទិញ​ដូរ​សន្លឹក​ឆ្នោត ការ​បាត់​បង់​សិទ្ធិ​បោះ​ឆ្នោត ទឹក​ខ្មៅ​អាច​លាង​ជ្រះ ការ​រាប់​សន្លឹក​ឆ្នោត​ដោយ​សម្ងាត់ ការ​បង្ក​ភាព​ងាយ​ស្រួល​ដល់​ជនជាតិ​វៀតណាម រាប់​ម៉ឺន​នាក់ ឲ្យ​មាន​សិទ្ធិ​បោះ​ឆ្នោត និង​ករណី​មាន​ឈ្មោះ​ស្ទួន​ជាដើម។

សេចក្ដី​ប្រកាស​របស់​គណបក្ស​ខ្មែរ​ឈប់​ក្រ ក៏​បាន​លើក​ឡើង​ដែរ​នូវ​របាយការណ៍​របស់​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ (NDI) ដែល​រក​ឃើញ​ថា ប្រជាពលរដ្ឋ​ខ្មែរ​ប្រមាណ ១​លាន ៦​សែន​នាក់ បាន​បាត់​ឈ្មោះ​ពី​បញ្ជី​បោះ​ឆ្នោត។

ជំហរ​របស់​គណបក្ស​ខ្មែរ​ឈប់​ក្រ មិន​ខុស​ពី​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​ស្នើ​ឲ្យ​អង្គការ​សហប្រជាជាតិ បញ្ជូន​អ្នក​ជំនាញ​មក​ស៊ើប​អង្កេត​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត​នោះ​ឡើយ ប៉ុន្តែ​គណបក្ស​ខ្មែរ​ឈប់​ក្រ មិន​សម្ដែង​ពី​ឆន្ទៈ​របស់​ខ្លួន​ក្នុង​ការ​ចូល​រួម​ធ្វើ​មហា​បាតុកម្ម​ច្រាន​ចោល​លទ្ធផល​បោះ​ឆ្នោត​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ នោះ​ទេ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​អគ្គលេខាធិការ​រង​គណបក្ស​ខ្មែរ​ឈប់​ក្រ លោក ស៊ូ បុត្រា៖ «គណបក្ស​ខ្មែរ​ឈប់​ក្រ យើង​គឺ​ថា​ឯករាជ្យ អព្យាក្រឹត្យ បាទ! ហើយ​យើង​ជា​គណបក្ស​មួយ​ដែល​ស្អាតស្អំ ហើយ​ដែល​យើង​ចេញ​ពី​សហរដ្ឋ​អាមេរិក មាន​ន័យ​ថា យើង​អត់​អាច​ចូល​រួម​គ្នា​ជាមួយ​នឹង​ខាង​សង្គ្រោះ​ជាតិ បាន​ទេ​បាទ»

លោក ស៊ូ បុត្រា បាន​ឲ្យ​ដឹង​ថា គណបក្ស​លោក​នឹង​ធ្វើ​កូដកម្ម​មួយ​នៅ​ថ្ងៃ​ទី១១ សីហា នៅ​ទីលាន​ប្រជាធិបតេយ្យ​ក្នុង​គោល​បំណង​បង្ហាញ​ពី​ភាព​អយុត្តិធម៌​ក្នុង​ការ​បោះ​ឆ្នោត ដើម្បី​អំពាវនាវ​ឲ្យ​អង្គការ​សហប្រជាជាតិ និង​សហគមន៍​អន្តរជាតិ​ជួយ​រក​ដំណោះស្រាយ។

មាន​គណបក្ស​ចំនួន ៣ ហើយ ដែល​ប្រកាស​មិន​ទទួល​ស្គាល់​លទ្ធផល​បណ្ដោះ​អាសន្ន​របស់ គ.ជ.ប រួម​មាន​គណបក្ស​សង្គ្រោះ​ជាតិ គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​គណបក្ស​ខ្មែរ​ឈប់​ក្រ។ ប៉ុន្តែ គម្រោង​បង្កើត​គណៈកម្មការ​ចម្រុះ​ស៊ើប​អង្កេត​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត មាន​សមាសភាព​របស់​គណបក្ស​នយោបាយ​តែ​២​ប៉ុណ្ណោះ ដែល​ទទួល​បាន​អាសនៈ​ក្នុង​សភា គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ។

លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប បាន​ឆ្លើយ​តប​នឹង​ការ​តវ៉ា​របស់​គណបក្ស​នយោបាយ​ទាំង​នោះ​ថា នេះ​ជា​សិទ្ធិ​របស់​ពួក​គេ​ក្នុង​ការ​ប្រកាស​មិន​ទទួល​យក​លទ្ធផល​បណ្ដោះ​អាសន្ន ហើយ គ.ជ.ប នឹង​ដោះស្រាយ​ពាក្យ​បណ្ដឹង​របស់​គណបក្ស​ទាំងអស់៖ «ករណី​ដែល​ថា​ប្រកាស​មិន​ទទួល​ស្គាល់ អា​ហ្នឹង​វា​គ្រាន់​តែ​ជា​ការ​ថ្លែង​របស់​គាត់​ផ្ទាល់ គាត់​មាន​សិទ្ធិ​នឹង​ធ្វើ​សេចក្តី​ថ្លែងការណ៍​អ៊ីចឹង ដែល គ.ជ.ប យើង​ដោះស្រាយ​តែ​បណ្ដឹង​ទេ​បាទ»

លោក ទេព នីថា បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​ដំណើរ​ការ​ស៊ើប​អង្កេត​ភាព​មិន​ប្រក្រតី​មិន​ទាន់​ចប់​ស្រេច​បាច់​នៅ​ឡើយ​ទេ ដូច្នេះ​ការ​ប្រកាស​លទ្ធផល​បណ្ដោះ​អាសន្ន​នៃ​ការ​បោះ​ឆ្នោត នឹង​ត្រូវ​ពន្យារ​ពេល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។