សាលារាជធានីភ្នំពេញ នឹងអញ្ជើញតំណាងអង្គការសមាគមខ្មែរកម្ពុជាក្រោម ចូលជួប នៅថ្ងៃទី៣០ ខែឧសភា ដើម្បីពិភាក្សាអំពីសំណើសុំយកទីធ្លាសួនច្បារមុខវត្តបទុមវតី ធ្វើជាកន្លែងជួបជុំធ្វើពិធីបុណ្យរំលឹកថ្ងៃបាត់បង់ទឹកដីកម្ពុជាក្រោម នៅថ្ងៃទី៤ ខែមិថុនា។ តាមគម្រោង ពិធីបុណ្យនេះនឹងមានព្រះសង្ឃប្រមាណ ២ពាន់អង្គចូលរួម និងអាចមានតំណាងព្រះមហាក្សត្រ យាងធ្វើជាអធិបតីទៀតផង។
អង្គការសមាគមខ្មែរកម្ពុជាក្រោម កាលពីថ្ងៃទី៥ ខែឧសភា បានផ្ញើលិខិតទៅកាន់សាលា រាជធានីភ្នំពេញ ដើម្បីសុំយកទីធ្លាមុខវត្តបទុមវតី ធ្វើពិធីបុណ្យរំលឹកខួប ៦៥ឆ្នាំ ថ្ងៃដែលអាណានិគមនិយមបារាំង កាត់ទឹកដីខ្មែរទៅឲ្យស្ដេចយួន បាវ ដាយ កាន់កាប់កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៤៩។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ ឲ្យដឹងនៅថ្ងៃទី២៥ ឧសភា ថា សាលារាជធានីភ្នំពេញ បានទទួលលិខិតស្នើសុំរបស់អង្គការសមាគមខ្មែរកម្ពុជាក្រោម រួចហើយ ប៉ុន្តែលោកថា លោកមិនទាន់អាចនិយាយបានថា តើត្រូវអនុញ្ញាត ឬមិនអនុញ្ញាតឲ្យខ្មែរក្រោមជួបជុំដូចការស្នើសុំ ឬក៏យ៉ាងណានោះទេ។ លោកថា ត្រូវរង់ចាំមើលលទ្ធផលនៃការពិភាក្សារវាងតំណាងអង្គការសមាគមខ្មែរក្រោម និងអាជ្ញាធររាជធានីភ្នំពេញ នៅថ្ងៃទី៣០ ខែឧសភា ខាងមុខនេះសិន។
លោក ឡុង ឌីម៉ង់៖ «សាលារាជធានីភ្នំពេញ នឹងអញ្ជើញគាត់ ដើម្បីមកពិភាក្សាគ្នាជាមួយនឹងសមត្ថកិច្ចពាក់ព័ន្ធ ជាមួយអាជ្ញាធរពាក់ព័ន្ធដទៃទៀត នៅថ្ងៃសុក្រសប្ដាហ៍ក្រោយនេះ អ៊ីចឹងយើងនៅចាំជួបគ្នាសិន សំខាន់មកពិភាក្សាគ្នាសិន មើលគោលបំណងរបស់គាត់ពិភាក្សាគ្នាអំពីចំនួនពេលវេលាយ៉ាងម៉េចៗហ្នឹង ចាំមើលយើងជជែកគ្នាសិន ហើយនិងយកកម្មវិធីរបស់គាត់មកមើលជុំគ្នាសិនដែរ»។
ប្រធានសហគមន៍ខ្មែរកម្ពុជាក្រោម លោក ថាច់ សេដ្ឋា មានប្រសាសន៍នៅថ្ងៃទី២៥ ឧសភា ថា ការដែលអង្គការសមាគមខ្មែរកម្ពុជាក្រោម ចង់បានទីធ្លាសួនច្បារនៅមុខវត្តបទុមវតី សម្រាប់ធ្វើពិធីរំលឹកខួបនោះ ដោយសារវាជាទីសាធារណៈ ហើយមានទីធ្លា ធំទូលាយល្អ សម្រាប់អ្នកចូលរួម។ ម្យ៉ាងទៀត លោកថា នៅឆ្នាំនេះ ក្រៅតែពីនិមន្តព្រះសង្ឃរាប់បាត្រ ដូចឆ្នាំកន្លងៗមក ក៏អាចនឹងមានវេទិកាសាធារណៈ ស្ដីពីបញ្ហាខ្មែរក្រោមផងដែរ ដែលវេទិកានេះ ធ្វើឡើងដើម្បីផ្ដល់ឱកាសឲ្យមហាជនទូទៅ សម្ដែងមតិអំពីបញ្ហាខ្មែរក្រោម។
ទោះជាយ៉ាងណាក៏ដោយ លោក ថាច់ សេដ្ឋា ថា ការដែលសាលារាជធានីភ្នំពេញ មិនព្រមឆ្លើយតបឲ្យឆាប់រហ័ស ហើយរង់ចាំរហូតដល់កៀកថ្ងៃប្រារព្ធទៅហើយ ទើបអញ្ជើញតំណាងអង្គការសមាគមខ្មែរកម្ពុជាក្រោម ឲ្យចូលជួបពិភាក្សា វាជាចេតនាបង្កការលំបាកដល់ការរៀបចំពិធីនេះតែម្ដង។
លោក ថាច់ សេដ្ឋា៖ «វាជាចេតនារបស់អាជ្ញាធរក្រុងតាំងពីដើមមក ធ្វើឲ្យយើងរកតែឱកាសក្នុងការអំពាវនាវប្រជាពលរដ្ឋ មកចូលរួមក៏មិនបាន ក្នុងការរៀបចំឲ្យបានល្អក៏មិនបាន ពេលដល់ ហើយអ៊ីចឹងទៅ បានគាត់ហៅទៅ ហើយមើលដាក់ពាក្យហ្នឹង វាចង់តែ ១ខែទៅហើយ ហើយដល់ថ្ងៃ៣០ បានហៅវាខុសគោលការណ៍ អ៊ីចឹងវាចេតនាមួយបង្កនូវការលំបាកដល់ការរៀបចំដូចឆ្នាំមុនៗអ៊ីចឹង»។
កន្លងមកក្នុងពិធីរំលឹកខួបបាត់បង់ទឹកដីកម្ពុជាក្រោម អតីតព្រះមហាវីរក្សត្រ សម្ដេចព្រះ នរោត្តមសីហនុ និងសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះអង្គតែងបញ្ជូនព្រះរាជតំណាងរបស់ព្រះអង្គឲ្យចូលរួមជាអធិបតី។ ក្រៅពីនោះ ព្រះអង្គក៏ បានប្រទានថវិកា មួយចំនួនជារៀងរាល់ឆ្នាំ ដើម្បីរៀបចំពិធីជាប្រវត្តិសាស្ត្រមួយនេះដែរ។ ចំណែកតំណាងគណបក្សនយោបាយដែលមានអាសនៈ ក្នុងរដ្ឋសភា ក៏តែងត្រូវបានអញ្ជើញចូលរួមដែរ ដោយឡែកគណបក្សប្រជាជនកម្ពុជា ពុំដែលបញ្ជូនតំណាងរាស្ត្ររបស់ខ្លួនទៅចូលរួមម្ដងណាឡើយ។
លោក ថាច់ សេដ្ឋា អំពាវនាវឲ្យជនរួមជាតិខ្មែរទាំងអស់ចូលរួមសម្ដែងការគោរពចំពោះដួងវិញ្ញាណក្ខន្ធវីរបុរសខ្មែរ ដែលបានតស៊ូពលីជីវិតក្នុងបុព្វហេតុជាតិមាតុភូមិ និងដើម្បីចងចាំទិវាជាប្រវត្តិសាស្ត្រនេះ កុំឲ្យកើតមានជាថ្មីម្ដងទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
