ខ្មែរ​ក្រោម​ស្នើ​ឲ្យ​អ.ស.ប.​បញ្ជាក់​មូលហេតុ​ទទួល​ស្គាល់​កម្ពុជា​ក្រោម​ជា​របស់​វៀតណាម

0:00 / 0:00

នៅ​ក្នុង​ថ្ងៃ​ទី​៤ នៃ​ការ​តវ៉ា​របស់​ខ្មែរ​កម្ពុជា​ក្រោម នៅ​មុខ​ស្ថានទូត​វៀតណាម គឺ​នៅ​តែ​មិន​ទទួល​លទ្ធផល​ដូច​ការ​ចង់​បាន។ កម្លាំង​សន្តិសុខ​កម្ពុជា បាន​រាយ​កម្លាំង​ការពារ​ស្ថានទូត​វៀតណាម យ៉ាង​តឹងរ៉ឹង មិន​ឲ្យ​ក្រុម​បាតុករ​ដឹក​នាំ​ដោយ លោក ថាច់ សេដ្ឋា ចូល​ទៅ​ក្នុង​ស្ថានទូត​បាន​ទេ។

ប្រធាន​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម លោក ថាច់ សេដ្ឋា ថ្លែង​ទៅ​កាន់​អ្នក​ចូលរួម​ស្តាប់​នៅ​មុខ​ស្ថានទូត​វៀតណាម ថា ក្នុង​រយៈពេល​ពីរ​ថ្ងៃ​កន្លង​មក​នេះ ក្រុម​អ្នក​តវ៉ា​បាន​ដើរ​ដាក់​ញត្តិ​តាម​ស្ថានទូត​នានា ទីស្ដីការ​គណៈរដ្ឋមន្ត្រី រដ្ឋសភា ការិយាល័យ​ឧត្ដមស្នងការ​អង្គការ​សហប្រជាជាតិ ហើយ​គ្រប់​ស្ថាប័ន​ទាំង​នោះ​ទទួល​យក​ញត្តិ​ដោយ​រីករាយ។

លោក​បន្ត​ថា ដោយ​ឡែក​អ្នក​តំណាង​រាស្ត្រ សន្យា​នឹង​ស្នើសុំ​ឲ្យ​ក្រសួង​អប់រំ យុវជន និង​កីឡា រៀបចំ​ការ​បង្រៀន​ប្រវត្តិសាស្ត្រ​ខ្មែរ​ឡើង​វិញ​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ ហើយ​សន្យា​កោះ​ហៅ លោក ហោ ណាំហុង បំភ្លឺ​ពាក់ព័ន្ធ​នឹង​អ្នក​នាំ​ពាក្យ​ស្ថានទូត​វៀតណាម លោក ត្រឹង វ៉ាំង ថុង ដែល​និយាយ​ខុស​ការ​ពិត​នៃ​ប្រវត្តិសាស្ត្រ​អំពី​ទឹក​ដី​កម្ពុជា​ក្រោម៖ «ឥឡូវ​នេះ យើង​មក​៤​ថ្ងៃ​ហើយ​មក​ដល់​កន្លែង​នេះ ក៏ប៉ុន្តែ​យួន នៅ​តែ​ស្ងៀមស្ងាត់​មិន​មាត់​មិន​ក​អី​ទាំងអស់ ក៏ប៉ុន្តែ​ការ​ស្ងាត់​នេះ​មិន​ប្រាកដ​ថា​សុខ​ទេ ពេល​ខ្លះ​ចុក​ឈាម​ស្ទើរ​តែ​បែក​ទ្រូង​ក៏​មិន​ដឹង​ទេ»

លោក​បញ្ជាក់​ដែរ​ថា ការ​ដាក់​ញត្តិ​នៅ​ការិយាល័យ​ឧត្ដមស្នងការ​អង្គការ​សហប្រជាជាតិ ដើម្បី​ស្នើសុំ​ឲ្យ​បញ្ជាក់​មូលហេតុ ដែល​អង្គការ​សហប្រជាជាតិ បាន​ទទួល​ស្គាល់​ថា ទឹក​ដី​កម្ពុជា​ក្រោម ជា​របស់​វៀតណាម៖ «ពីព្រោះ​ថា មេ​ដឹក​នាំ​ខ្មែរ​គ្រប់​ជំនាន់​អត់​មាន​មេ​ដឹក​នាំ​ណា​ម្នាក់ ​ព្រះមហាក្សត្រ​ណា​ម្នាក់ ដែល​បាន​កាត់​ទឹក​ដី​នោះ​ទៅ​ឲ្យ​វៀតណាម ទេ។ ដូច្នេះ​ហើយ យើង​ខ្ញុំ​សុំ​ឲ្យ​អគ្គ​លេខា​អង្គការ​សហប្រជាជាតិ លោក​បញ្ជាក់​ឲ្យ​បាន​ច្បាស់​លាស់ ហើយ​ជាពិសេស ថ្មីៗ​នេះ​ដោយសារ​មាន​ការ​បំភ្លៃ​បំផ្លើស​ប្រវត្តិសាស្ត្រ​ពី​សំណាក់​ខាង​រដ្ឋាភិបាល​យួន ដែល​ថា​ទឹក​ដី​កម្ពុជា​ក្រោម ថា​ជា​ទឹក​ដី​របស់​យួន តាំង​ពី​ដើម​មក​នោះ»

លោក ថាច់ សេដ្ឋា បន្ថែម​ថា ខ្មែរ​កម្ពុជា​ក្រោម បាន​ដាក់​ញត្តិ​ថ្វាយ​ព្រះមហាក្សត្រ​អំពី​ទឹក​ដី​កម្ពុជា​ក្រោម គឺ​វៀតណាម បង្រៀន​កូន​ចៅ​គេ​ថា ស្ដេច​ខ្មែរ​បាន​ប្រគល់​ដី​កម្ពុជា​ក្រោម​ឲ្យ​វៀតណាម ប៉ុន្តែ​ព្រះមហាក្សត្រ​ទ្រង់​ផ្ញើ​ព្រះរាជសារ​តប​មក​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម​ថា ស្ដេច​គ្រប់​ជំនាន់​មិន​ដែល​កាត់​ទឹក​ដី​កម្ពុជា​ណា​ប្រគល់​ឲ្យ​ប្រទេស​ណា​មួយ​ឡើយ។

បាតុករ​ឲ្យ​ដឹង​ថា ទឹក​ដី​កម្ពុជា​ក្រោម ត្រូវ​បារាំង ដែល​ធ្វើ​អាណានិគម​លើ​ខ្មែរ កាត់​ទឹក​ដី​កម្ពុជា​ក្រោម ឲ្យ​វៀតណាម នៅ​ឆ្នាំ​១៩៤៩៖ «គឺ​នៅ​ឆ្នាំ​១៩៤៩ នៅ​ថ្ងៃ​ទី​៤ ខែ​៦ ថ្មីៗ​នេះ​ទេ គឺ​ហូជីមិញ ដែល​ជា​មេ​របស់ ត្រឹង វ៉ាំង ថុង វា​បាន​និយាយ​ថា ទឹក​ដី​នេះ​ជា​ទឹក​ដី​របស់​វា​តាំង​ពី​ដូនតា​ពី​មុន​មក។ តើ​បង​ប្អូន​ទទួល​ឬ​អត់​ទេ? គឺ​អត់​ទេ ការ​និយាយ​នេះ គឺ​បំភ្លៃ​ប្រវត្តិសាស្ត្រ​យ៉ាង​ពិត​ប្រាកដ។ ហេតុ​ដូច្នេះ​នៅ​ក្នុង​នាម​ជា​កុលបុត្រ​ខ្មែរ​អង្គរ ត្រូវ​តែ​ប្រឆាំង​តវ៉ា​ទៅ​ឲ្យ ត្រឹង វ៉ាំង ​ថុង ក៏ដូចជា​រដ្ឋាភិបាល​យួន ត្រូវ​តែ​ដោះស្រាយ​មក​សារភាព​ចំពោះ​មុខ​ប្រជារាស្ត្រ​ខ្មែរ​ជា​សាធារណៈ»

អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌីម៉ង់ ថ្លែង​ថា ការ​អនុញ្ញាត​ឲ្យ​ខ្មែរ​កម្ពុជា​ក្រោម ធ្វើ​បាតុកម្ម​៤​ថ្ងៃ​មក​នេះ ធ្វើ​ឲ្យ​ពលរដ្ឋ​រអ៊ូ​បញ្ហា​កកស្ទះ​ចរាចរណ៍​នៅ​ម្តុំ​ស្ថានទូត​វៀតណាម។ លោក​ថា សាលា​រាជធានី​ភ្នំពេញ បាន​កោះ​ហៅ​ឲ្យ​ថ្នាក់​ដឹក​នាំ​បាតុកម្ម មិន​ឲ្យ​ដើរ​ហែ​ក្បួន​នៅ​ថ្ងៃ​ទី​៨ តុលា តែ​អនុញ្ញាត​ឲ្យ​ប្រារព្ធ​ពិធី​ក្នុង​ទីលាន​ប្រជាធិបតេយ្យ។

នៅ​ក្នុង​បាតុកម្ម​ទាមទារ​ឲ្យ​ស្ថានទូត​វៀតណាម សុំ​ទោស​ជា​សាធារណៈ​ពី​ប្រវត្តិ​ទឹក​ដី​កម្ពុជា​ក្រោម នៅ​ថ្ងៃ​ទី​៤​នេះ មាន​មនុស្ស​ចូលរួម​ថ្មើរ​ជើង និង​ជិះ​ម៉ូតូ​ប្រមាណ ៤០០​នាក់​និង​អង្គ ដោយ​មិន​មាន​ការ​ស្ទាក់​ឃាត់​បង្អាក់​ដំណើរ​ពី​សំណាក់​អាជ្ញាធរ​ឡើយ។ បាតុករ​បាន​រំសាយ​នៅ​ម៉ោង​៤​កន្លះ​ល្ងាច ថ្ងៃ​ទី​៧ ខែ​តុលា ហើយ​អះអាង​តវ៉ា​បញ្ចប់​ការ​ទាមទារ​របស់​ខ្លួន នៅ​ថ្ងៃ​ទី​៨ ខែ​តុលា ដោយ​ពួក​គេ​សន្យា​ជួប​ជុំ​គ្នា​នៅ​ទីលាន​ប្រជាធិបតេយ្យ និង​ធ្វើ​ការ​បួងសួង​នៅ​មាត់​ទន្លេ​មុខ​ព្រះបរមរាជវាំង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។