សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ធ្វើ​សន្និបាត​ប្រចាំ​ឆ្នាំ

លេខាធិការដ្ឋាន​នៃ​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​នៅ​កម្ពុជា បាន​ធ្វើ​សន្និបាត​ប្រចាំ​ឆ្នាំ​២០១៣ របស់​ខ្លួន នៅ​ថ្ងៃ​ទី​១៤ ខែ​ធ្នូ ឆ្នាំ​២០១៣ នៅ​វត្ត​សាមគ្គីរង្សី ក្នុង​ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ។

0:00 / 0:00

សន្និបាត​ប្រចាំ​ឆ្នាំ​នេះ​បាន​ផ្ដោត​លើ​ការ​កែទម្រង់​គោលនយោបាយ​មួយ​ចំនួន និង​លើក​ផែនការ​សកម្មភាព​សម្រាប់​ឆ្នាំ​ខាង​មុខ។

នេះ​ជា​លើក​ទី​២​ហើយ​ដែល​លេខាធិការដ្ឋាន​នៃ​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​នៅ​កម្ពុជា បាន​រៀបចំ​អោយ​មាន​សន្និបាត​ឡើង បន្ទាប់​ពី​លេខាធិការដ្ឋាន​មួយ​នេះ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ចុង​ឆ្នាំ​២០១១។ សម្រាប់​សន្និបាត​ប្រចាំ​ឆ្នាំ​២០១៣​នេះ ព្រះសង្ឃ​និង​ពលរដ្ឋ​ខ្មែរ​ក្រោម​ប្រមាណ ១៥០​អង្គ​និង​នាក់ ដែល​ជា​សមាជិក​នៃ​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ទាំង ១២ និង​សាខា​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​ក្នុង​ប្រទេស​កម្ពុជា ចូល​រួម។

ប្រធាន​ការិយាល័យ​ទំនាក់ទំនង​រដ្ឋបាល និង​ហិរញ្ញ​វត្ថុ​នៃ​លេខាធិការដ្ឋាន​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម លោក សឺន ជុំជួន បាន​អោយ​ដឹង​ថា គោលបំណង​នៃ​សន្និបាត​ប្រចាំ​ឆ្នាំ​នេះ គឺ​ដើម្បី​លើក​យក​បញ្ហា​ដែល​ព្រះសង្ឃ​និង​ពលរដ្ឋ​ខ្មែរ​ក្រោម​នៅ​កម្ពុជា​ក្រោម និង​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​ជួប​ប្រទះ និង​ដើម្បី​បង្ហាញ​សមិទ្ធផល​ទាំង​ឡាយ​ដែល​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម សម្រេច​បាន​ក្នុង​ឆ្នាំ​កន្លង​មក។ សន្និបាត​ក៏​មាន​បំណង​បង្កើត​ផែនការ​រួម​សម្រាប់​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ទាំង​អស់ ដើម្បី​អនុវត្ត​ក្នុង​ឆ្នាំ​ខាង​មុខ។ ក្រៅ​ពី​នេះ សន្និបាត​ក៏​បាន​លើក​ឡើង​ពី​ការ​ប្រឈម​ផ្នែក​ហិរញ្ញវត្ថុ និង​មធ្យោបាយ​ដើម្បី​ស្វែង​រក​មូលនិធិ​ទ្រទ្រង់​ទាំង​នោះ។

លោក សឺន ជុំជួន៖ «សម្រាប់​ឆ្នាំ​ចាស់​កន្លង​មក គឺ​យើង​បាន​ទទួល​សប្បុរសជន​ក្រៅ​ប្រទេស នៅ​ក្នុង​ប្រទេស តាម​រយៈ​បុគ្គល ដូចជា​នៅ​អាមេរិក នៅ​កាណាដា នៅ​បារាំង នៅ​អូស្ត្រាលី នៅ​អ៊ីតាលី ជាដើម។ នៅ​ក្នុង​ឆ្នាំ​២០១៤ ខាង​មុខ​នេះ អ្វី​ដែល​យើង​បម្រុង​នឹង​ធ្វើ​គោលនយោបាយ​ហិរញ្ញវត្ថុ​នោះ គឺ​យើង​នឹង​បង្កើត​ដោយ​ស្វែង​រក​ប្រភព​ហិរញ្ញវត្ថុ​ដោយ​ខ្លួន​ឯង យើង​នឹង​បង្កើត​គណៈកម្មការ​មួយ​ដើម្បី​យើង​ស្វែង​រក​ពី​ប្រភព​អន្តរជាតិ ចំណុច​ពិសេស​មួយ​ទៀត យើង​នឹង​មាន​បង្កើត​បណ្ដាញ​មួយ​ទៀត គឺ​បណ្ដាញ​មូលនិធិ​តាម​បណ្ដា​ខេត្ត​នានា​ដែល​យើង​មាន​សកម្មជន យើង​មាន​សាខា​នៅ​ទី​នោះ»

លើស​ពី​នេះ សន្និបាត​ក៏​បាន​ពិភាក្សា​អំពី​ការ​កែទម្រង់​គោលនយោបាយ​មួយ​ចំនួន​ដើម្បី​ធ្វើ​អោយ​ការ​អនុវត្ត​ការងារ​ក្នុង​ឆ្នាំ​ខាង​មុខ​ប្រកប​ដោយ​ប្រសិទ្ធភាព មាន​ដូចជា ការ​ផ្លាស់ប្ដូរ​រចនាសម្ព័ន្ធ​ការងារ ការ​ពង្រឹង​សមត្ថភាព​សមាជិក​សកម្ម​ដែល​មាន​ស្រាប់ និង​ការ​លើក​ទឹក​ចិត្ត​ឲ្យ​ព្រះសង្ឃ និង​និស្សិត​ខ្មែរ​ក្រោម​ដែល​មាន​សមត្ថភាព​ចូល​រួម​ឲ្យ​បាន​ច្រើន​ក្នុង​សកម្មភាព​ការងារ​របស់​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម។

សម្រាប់​ឆ្នាំ​២០១៤ ខាង​មុខ ផែនការ​សកម្មភាព​ចម្បង​របស់​លេខាធិការដ្ឋាន​នៃ​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម គឺ​បន្ត​ស្វែង​រក​ដំណោះស្រាយ​សម្រាប់​ព្រះសង្ឃ និង​ពលរដ្ឋ​ខ្មែរ​ក្រោម​ដែល​ត្រូវ​បាន​តុលាការ​វៀតណាម កាត់​ទោស​អោយ​ជាប់​ពន្ធនាគារ និង​បញ្ហា​ផ្សេងៗ​ទៀត​ដែល​ខ្មែរ​ក្រោម​កំពុង​ប្រឈម។ ចំណែក​នៅ​កម្ពុជា​វិញ លេខាធិការដ្ឋាន​ខ្មែរ​កម្ពុជា​ក្រោម នឹង​បន្ត​ដោះស្រាយ​បញ្ហា​លំបាក​ដែល​ពលរដ្ឋ​ខ្មែរ​ក្រោម​កំពុង​ជួប​ប្រទះ និង​បន្ត​ធ្វើ​ការ​ឲ្យ​ជិតស្និទ្ធ ព្រម​ទាំង​បង្កើន​ទំនាក់ទំនង​ជាមួយ​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ឲ្យ​រដ្ឋាភិបាល​យក​ចិត្ត​ទុក​ដាក់​បន្ថែម​លើ​ពលរដ្ឋ​ខ្មែរ​ក្រោម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។