សមាគម​ខ្មែរ​កម្ពុជា​ក្រោម​នឹង​ធ្វើ​បាតុកម្ម​ជា​ថ្មី​មុខ​ទូត​វៀតណាម​នៅ​ដើម​ខែ​តុលា

0:00 / 0:00

ព្រះសង្ឃ ពលរដ្ឋ និង​យុវជន​ប្រមាណ ៣០០​អង្គ និង​នាក់ នាំ​គ្នា​រៀបចំ​វេទិកា​រំឭក​អំពី​ប្រវត្តិ​នៃ​ការ​បាត់​បង់​ទឹក​ដី​កម្ពុជា​ក្រោម និង​ការ​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​នៅ​កម្ពុជា។ មតិ​របស់​អ្នក​ចូលរួម​ភាគ​ច្រើន ផ្ដោត​ជន​ជាតិ​វៀតណាម នៅ​កម្ពុជា។

បញ្ហា​ទឹក​ដី​កម្ពុជា​ក្រោម ត្រូវ​បាន​លើក​ឡើង​នៅ​ក្នុង​វេទិកា​សម្ដែង​មតិ​មួយ នា​ទីលាន​ប្រជាធិបតេយ្យ នៅ​ថ្ងៃ​ទី​៦ កញ្ញា។ ក្រៅ​ពី​ការ​រៀបរាប់​អំពី​ប្រវត្តិ​នៃ​ការ​បាត់​បង់​ទឹក​ដី​កម្ពុជា​ក្រោម ដែល​ត្រូវ​បាត់​បង់​ទៅ​ក្នុង​ការ​គ្រប់គ្រង​របស់​វៀតណាម អ្នក​ចូលរួម​ក៏​ព្រួយ​បារម្ភ​អំពី​បញ្ហា​ហូរ​ចូល​មិន​ដាច់​របស់​ជន​អន្តោប្រវេសន៍​វៀតណាម មក​ក្នុង​ទឹក​ដី​កម្ពុជា បច្ចុប្បន្ន​ដែរ។

ថ្លែង​បើក​វេទិកា​សម្ដែង​មតិ ឧត្ដម​ទីប្រឹក្សា​ព្រះមហាក្សត្រ និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម គឺ​លោក សឺន ស៊ូប៊ែរ្តិ៍ ថា​បញ្ហា​ហូរ​ចូល​ជន​អន្តោប្រវេសន៍​មក​កម្ពុជា បច្ចុប្បន្ន គឺ​ដោយសារ​តែ​មន្ត្រី​រាជការ​ខ្មែរ​ខ្វះ​ឆន្ទៈ​ស្នេហា​ជាតិ និង​ពុក​រលួយ៖ «ទាក់ទង​នឹង​មន្ត្រី​រាជការ​យើង​ដែរ ខ្វះ​ឆន្ទៈ​ស្នេហា​ជាតិ ហើយ​បោះ​បង់​ចោល​ប្រយោជន៍ និង​សុវត្ថិភាព​ជាតិ ដោយ​លង់​ចូល​ទៅ​ក្នុង​អំពើ​ពុក​រលួយ ដូច​ជា​ជួយ​ចុះ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ឱ្យ​ទៅ​ជនជាតិ​បរទេស ជាពិសេស​ជនជាតិ​វៀតណាម ក្នុង​កម្រៃ​មួយ​រយ​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ។ នាំ​ឱ្យ​យើង​មើល​ឃើញ​ថា អត្តសញ្ញាណ​យើង​មិន​មាន​តម្លៃ។ មាន​តម្លៃ​ថោក​ណាស់។ គួរ​ណាស់​រាជ​រដ្ឋាភិបាល​ឱ្យ​ប្រាក់​បៀវត្ស​គ្រប់គ្រាន់​ដល់​មន្ត្រី​រាជការ ដើម្បី​ផ្គត់ផ្គង់​ក្រុម​គ្រួសារ​ពួក​គេ ហើយ​បន្ថយ​ចំនួន​មន្ត្រី​រាជការ​គ្មាន​សមត្ថភាព និង​មុខ​ងារ​ច្បាស់​លាស់»

អ្នក​វិភាគ​សង្គម​ឯករាជ្យ គឺ​លោក កែម ឡី មាន​ប្រសាសន៍​ថា កំណើន​ពលរដ្ឋ​កម្ពុជា​បច្ចុប្បន្ន​មាន​ចំនួន​ខ្ពស់ ដែល​ប្រឈម​នឹង​ហានិភ័យ​បាត់​បង់​ការងារ និង​ខាត​សេដ្ឋកិច្ច​ច្រើន ដោយសារ​តែ​ក្រុមហ៊ុន​មួយ​ចំនួន​យក​បុគ្គលិក​ធ្វើ​ការ​ជា​បរទេស​លើស​ច្បាប់​កំណត់៖ «ប្រសិន​បើ​យើង​មិន​ដោះស្រាយ​ឱ្យ​មាន​សន្តិវិធី ហើយ​ជន​អន្តោប្រវេសន៍​ហ្នឹង​ឱ្យ​វា​ស្រប​ទៅ​នឹង​ច្បាប់​អន្តោប្រវេសន៍ ឬ​ច្បាប់​សញ្ជាតិ​ទេ វា​អាច​នឹង​មាន​ហានិភ័យ​ខ្ពស់ សម្រាប់​ប្រជាជន​កម្ពុជា យើង»

លោក​បន្ត​ថា ការ​គ្រប់គ្រង​ច្បាប់​មិន​បាន​ល្អ គឺ​មិន​ត្រឹម​តែ​ជន​អន្តោប្រវេសន៍​ល្អ​ទេ​ហូរ​ចូល​ប្រទេស​កម្ពុជា គឺ​មាន​ទាំង​ឧក្រិដ្ឋជន​បរទេស​ផង។

លោក​មេធាវី សុក សំអឿន មាន​ប្រសាសន៍​ថា ប្រសិន​បើ​មាន​ការ​អនុវត្ត​ច្បាប់​ស្ដីពី​សញ្ជាតិ និង​ច្បាប់​អន្តោប្រវេសន៍​ឱ្យ​បាន​ត្រឹមត្រូវ ពលរដ្ឋ​កម្ពុជា នឹង​បាន​ទទួល​ផល​ប្រយោជន៍​ច្រើន ជាពិសេស​ការ​គ្រប់គ្រង​ជន​អន្តោប្រវេសន៍ និង​ការ​រក​ចំណូល​បាន​ពី​ការ​អនុវត្ត​ច្បាប់​នេះ៖ «ឧទាហរណ៍​ថា យើង​អនុវត្ត​ច្បាប់​ឱ្យ​បាន​ច្បាស់​លាស់​ទៅ ប្រសិន​បើ​អ្នក​ឯង​ខុស​ច្បាប់ ត្រូវ​ធ្វើ​ម៉េច? បញ្ជូន​ទៅ​វិញ ឬ​ក៏​ពិន័យ? នៅ​ប្រទេស​ខ្លះ ប្រសិន​បើ​អ្នក​ឯង​សុំ​វីសារ​ឱ្យ​ដប់​ថ្ងៃ យើង​លើស​ដប់​ថ្ងៃ គេ​ពិន័យ​យើង។ ពិន័យ​ហើយ​គេ​ចាប់​បញ្ជូន​ដាក់​ពន្ធនាគារ​អី​ទៀត​ច្រើន​ណាស់។ បើ​សិន​ជា​យើង​អនុវត្ត​ច្បាស់​លាស់​អ៊ីចឹង​ទៅ ទើប​អាច​ការពារ​កុំ​ឱ្យ​មាន​ការ​ហូរ​ចូល​ដោយ​មិន​ត្រឹមត្រូវ​តាម​ច្បាប់​ចូល​មក​ក្នុង​ស្រុក​ខ្មែរ​យើង ដែល​នាំ​ឱ្យ​យើង​មាន​ផល​វិបាក​ច្រើន»

លោក​មេធាវី សុក សំអឿន កោត​សរសើរ​រដ្ឋាភិបាល​ចំពោះ​ការ​បង្កើត​ក្រសួង​គ្រប់គ្រង​អន្តោប្រវេសន៍​ថ្មី ដែល​លោក​ថា ច្បាប់​ស្ដីពី​សញ្ជាតិ និង​ច្បាប់​អន្តោប្រវេសន៍ ត្រូវ​បាន​អនុវត្ត​បណ្ដើរៗ។ លោក​កត់​សម្គាល់​ថា នេះ​ជា​ចំណុច​ល្អ ក៏ប៉ុន្តែ​លោក​ថ្លែង​ថា គួរ​ឱ្យ​សោកស្ដាយ​ដែល​ច្បាប់​ទាំង​នេះ​មាន​ជាង​ដប់​ឆ្នាំ​ហើយ ទើប​តែ​ចាប់​ផ្ដើម​អនុវត្ត។

នៅ​ក្នុង​វេទិកា​នេះ​ដែរ ក្រុម​យុវជន និង​ព្រះសង្ឃ សុទ្ធ​តែ​អំពាវនាវ​ឱ្យ​និស្សិត​បញ្ញវន្ត​ខ្មែរ ឱ្យ​ចូលរួម​ផុលផុស​ក្នុង​ការ​គិតគូរ​អំពី​អនាគត​ប្រទេស​ជាតិ ជាពិសេស គឺ​ទាមទារ​ឱ្យ​មាន​ការ​គ្រប់គ្រង​ជន​អន្តោប្រវេសន៍​ដែល​ចូល​កម្ពុជា ខុស​ច្បាប់។

ទាក់ទង​នឹង​ប្រវត្តិ​បាត់​ទឹក​ដី​កម្ពុជា​ក្រោម ប្រធាន​សមាគម​ខ្មែរ​កម្ពុជា​ក្រោម លោក ថាច់ សេដ្ឋា មាន​ប្រសាសន៍​ថា ការ​រៀបចំ​វេទិកា​បែប​នេះ គឺ​ចង់​បង្ហាញ​ពី​ប្រវត្តិ​ទឹក​ដី​កម្ពុជា​ក្រោម។

លោក​ឱ្យ​ដឹង​ទៀត​ថា ដើម្បី​រក្សា​កេរ្តិ៍​ឈ្មោះ និង​មុខ​មាត់​ប្រទេស​ជាតិ​កុំ​ប្រទេស​ជិត​ខាង​រំលោភ​បំពាន​បាន លោក​នឹង​ដឹក​នាំ​បាតុកម្ម​ទៅ​តវ៉ា​មុខ​ស្ថានទូត​វៀតណាម ជា​ថ្មី​ទៀត នៅ​ដើម​ខែ​តុលា ខាង​មុខ ដើម្បី​ឱ្យ​មន្ត្រី​នាំ​ពាក្យ​ស្ថានទូត​វៀតណាម គឺ​លោក ត្រឹង វ៉ាន់ ថុង (Tran Van Thong) សុំ​ទោស​ជា​សាធារណៈ ទាក់ទង​នឹង​រឿង​ដែល​ថា លោក​បំភ្លៃ​ប្រវត្តិសាស្ត្រ​ទឹក​ដី​កម្ពុជា​ក្រោម។ លោក​បន្ត​ថា បើ​គ្មាន​ការ​សុំ​ទោស លោក​នឹង​ស្នើ​សុំ​រដ្ឋាភិបាល ផ្តាច់​ចំណង​ការទូត​ជាមួយ​វៀតណាម និង​អំពាវនាវ​ដល់​ពលរដ្ឋ​ខ្មែរ ឱ្យ​ឈប់​ប្រើប្រាស់​ផលិតផល​នាំ​ចូល​ពី​ប្រទេស​វៀតណាម ថែម​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។