សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ធ្វើ​វេទិកា​សាធារណៈ​អំពី​ទឹកដី​កម្ពុជា​ក្រោម

0:00 / 0:00

អតីត​ឧត្ដម​ទីប្រឹក្សា​របស់​ព្រះបាទ​សម្ដេច​ព្រះ​នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ អំពាវនាវ​ឲ្យ​ប្រជាជាតិ​ខ្មែរ​ទាំង​មូល​រួប​រួម​សាមគ្គី​គ្នា​ជា​ធ្លុង​មួយ ដើម្បី​ចូល​រួម​ការពារ​សិទ្ធី​សេរីភាព និង​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​កម្ពុជា​ក្រោម។

ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​ក្នុង​វេទិកា​សាធារណៈ​ស្តី​អំពី​ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម ដែល​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​រៀបចំ​ឡើង​ក្នុង​ពេល​ដែល​ភាព​ចម្រូងចម្រាស​ជុំវិញ​ប្រវត្តិសាស្ត្រ​ទឹកដី​កម្ពុជា​ក្រោម កំពុង​កើត​មាន​ឡើង​រវាង​ខ្មែរ​កម្ពុជា​ក្រោម និង​រដ្ឋាភិបាល​វៀតណាម។

មនុស្ស​ប្រមាណ ២០០​នាក់​បាន​ជួបជុំ​គ្នា​ធ្វើ​វេទិកា​សាធារណៈ​មួយ​នៅ​ថ្ងៃ​ទី​៦ កក្កដា ពិភាក្សា​អំពី​ប្រវត្តិ​និង​អនាគត​ទឹកដី​កម្ពុជា​ក្រោម ក្នុង​ពេល​មាន​មន្ត្រី​ការទូត​វៀតណាម និយាយ​ថា ទឹកដី​កម្ពុជា​ក្រោម​ជា​របស់​វៀតណាម តាំង​ពី​ដើម​មក។

អតីត​ឧត្ដម​ទីប្រឹក្សា​របស់​ព្រះបាទ​សម្ដេច​ព្រះ​នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ ព្រះអង្គ​ម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ដែល​បាន​ចូលរួម​ក្នុង​ការ​ជួប​ជុំ​គ្នា​នោះ សម្ដែង​ការ​ព្រួយ​បារម្ភ​អំពី​ជោគវាសនា​អនាគត​របស់​ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​កំពុង​រស់​នៅ​លើ​ទឹកដី​កម្ពុជា​ក្រោម ហើយ​ព្រះអង្គ​បាន​ទទូច​ឲ្យ​ប្រជាជាតិ​ខ្មែរ​រួម​សាមគ្គី​គ្នា ដើម្បី​ការពារ​សិទ្ធិ និង​ផលប្រយោជន៍​របស់​ពលរដ្ឋ​ខ្មែរ​ក្រោម។

មាន​ព្រះបន្ទូល​ទៅ​កាន់​សិស្ស និស្សិត ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​ដែល​ចូល​រួម​ក្នុង​វេទិកា​សាធារណៈ​ស្តី​អំពី​ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម​នៅ​ភូមិ​គោកឃ្លាំង ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែនសុខ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ មាន​ព្រះបន្ទូល​ថា ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​អស់​ត្រូវ​តែ​រួប​រួម​សាមគ្គី​គ្នា ដើម្បី​ស្វែង​រក​យុត្តិធម៌​ទៅ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ ទាំង​ខ្មែរ​នៅ​កម្ពុជា និង​ខ្មែរ​នៅ​កម្ពុជា​ក្រោម។

​ទាក់ទង​ទៅ​នឹង​ប្រវត្តិសាស្ត្រ​ទឹកដី​កម្ពុជា​ក្រោម​វិញ ព្រះអង្គម្ចាស់ ធម្មិកោ មាន​បន្ទូល​ថា ទឹកដី​ដែល​គេ​ហៅ​ថា កម្ពុជា​ក្រោម​សព្វថ្ងៃ​នេះ គឺ​ជា​ទឹកដី​ដើម​របស់​កម្ពុជា ពីព្រោះ​ថា ប្រទេស​កម្ពុជា គឺ​កើត​ឡើង​ពី​កម្ពុជា​ក្រោម​នេះ​តែម្ដង ហើយ​ថា ជាតិ​ខ្មែរ និង​ពូជ​សាសន៍​ខ្មែរ​បច្ចុប្បន្ន គឺ​ចេញ​មក​ពី​កម្ពុជា​ក្រោម​នេះ​ឯង។

ព្រះអង្គម្ចាស់​បន្ត​ថា ប្រសិន​បើ​ប្រជាជាតិ​ខ្មែរ​ចាត់​ទុក​កម្ពុជា​ក្រោម ជា​កម្ពុជា ឬ​ចាត់​ទុក​ខ្មែរ​កម្ពុជា​ក្រោម ជា​កំណើត​ដើម​របស់​ខ្មែរ ពេល​នោះ​ទើប​ខ្មែរ​អាច​កសាង​សាមគ្គី និង​បង្រួបបង្រួម​គ្នា​បាន​សា​ជា​ថ្មី​ឡើង​វិញ។ សម្រាប់​ព្រះអង្គម្ចាស់ ធម្មិកោ កម្ពុជា​សព្វ​ថ្ងៃ គ្រាន់​តែ​ជា​កម្ពុជា​ចុង​ប៉ុណ្ណោះ។

ទោះ​ជា​យ៉ាង​ណា ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ហាក់​មាន​ជំនឿ​ទៅ​លើ​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​ការ​ស្វែង​រក​ការ​បង្រួប​បង្រួម ស្វែង​រក​ការ​ឯកភាព និង​កសាង​សាមគ្គី​ជាតិ​ខ្មែរ​ឡើង​វិញ ហើយ​ដើម្បី​សម្រេច​គោលដៅ​នេះ លុះណាតែ​គណបក្ស​សង្គ្រោះ​ជាតិ បាន​កាន់​អំណាច​ជា​មុន​សិន។ ព្រះអង្គ​គ្មាន​ជំនឿ​ថា កម្ពុជា​ក្នុង​ពេល​ឋិត​នៅ​ក្រោម​ការ​ដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ហ៊ាន​តតាំង​ជាមួយ​រដ្ឋាភិបាល​វៀតណាម ដើម្បី​ការពារ​សិទ្ធិ និង​ផលប្រយោជន៍​របស់​ពលរដ្ឋ​ខ្មែរ​ដែល​កំពុង​រស់​នៅ​លើ​ទឹក​ដី​កម្ពុជា​ក្រោម​នោះ​ឡើយ។

​ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ៖ «បើ​សិន​ជា​យើង​ទាមទារ​យុត្តិធម៌ និង​ជ័យ​ជម្នះ​ចំពោះ​ជាតិ​ខ្មែរ ពេល​ហ្នឹង​ហើយ​ទើប​យើង​អាច​នឹង​ជួយ​ការពារ​សិទ្ធិ​របស់​ខ្មែរ​រស់​នៅ​លើ​ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម បើសិនជា​យើង​មាន​រដ្ឋាភិបាល​មួយ​ខ្លាំង​រួបរួម​ជាតិ សាមគ្គី​ជាតិ ពេល​ហ្នឹង​យើង​អាច​ចរចា​ជាមួយ​រដ្ឋាភិបាល​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម ដើម្បី​បង្កើត​សមាគម ២១​ខេត្ត នៅ​កម្ពុជា​ក្រោម​ដែរ​ដើម្បី​អី​ដើម្បី​ការពារ​ខ្មែរ​រស់​នៅ​លើ​ទឹកដី​កម្ពុជា​ក្រោម ដូច​យួន​ការពារ​សិទ្ធិ​របស់​យួន​រស់​នៅ​លើ​ទឹកដី​ខ្មែរ​ដែរ»

ចំណែក​ប្រធាន​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម លោក ថាច់ សេដ្ឋា វិញ ជឿ​ជាក់​ថា នៅ​ពេល​ណា​មួយ​ដែល​កម្ពុជា មាន​អំណោយផល​កម្ពុជា មាន​ការ​រួបរួម​គ្នា​ពេល​នោះ កម្ពុជា​អាច​នឹង​ស្វែង​រក​មធ្យោបាយ​ដើម្បី​សើរើ និង​ទាមទារ​កម្ពុជា មក​វិញ​ជា​មិន​ខាន។ បើ​តាម​លោក ថាច់ សេដ្ឋា កម្ពុជា​ក្រោម​នៅ​មិន​ទាន់​បាត់​ទៅ​ណា​នៅ​ឡើយ។

​លោក ថាច់ សេដ្ឋា៖ «បងប្អូន​កុំ​ខ្លាច​បាត់​កម្ពុជា​ក្រោម​ឲ្យ​សោះ កុំ​ខ្លាច​បាត់ បើ​បងប្អូន​ទៅ​លេង​នៅ​វៀតណាម ខាង​ត្បូង យើង​ថា ទៅ​កម្ពុជា​ក្រោម បើ​យើង​ចង់​ទៅលេង​ព្រៃនគរ យើង​កុំ​ថា ទៅ​ហូជីមិញ ទៅ​សាយហ្កន យើង​ថា ទៅ​លេង​ព្រៃនគរ អ៊ីចឹង​កម្ពុជា​ក្រោម​អត់​បាត់​ទេ។ បើ​យើង​នៅ​តែ​ហៅ កាល​ណា​យើង​នៅ​តែ​ហៅ​កម្ពុជា​ក្រោម កាល​ណា​យើង​នៅ​ហៅ​ព្រៃនគរ នៅ​ហៅ​ព្រះត្រពាំង ឃ្លាំង ពល​លាវ ទឹកខ្មៅ គឺ​កម្ពុជា​ក្រោម​អត់​បាត់​ជា​ដាច់​ខាត អ៊ីចឹង​ទៅ​កម្ពុជា​ក្រោម ថា​ទៅ​លេង​ស្រុក​យើង ឬ​ទៅ​កម្ពុជា​ក្រោម​ចុះ​អា​ហ្នឹង​ហើយ កម្ពុជា​ក្រោម​នៅ​ស្ថិតស្ថេរ អមតៈ​ជា​រៀង​រហូត»

ភាព​ចម្រូងចម្រាស​ជុំវិញ​ប្រវត្តិសាស្ត្រ​ទឹកដី​កម្ពុជា​ក្រោម រវាង​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម និង​មន្ត្រី​ស្ថានទូត​វៀតណាម ប្រចាំ​កម្ពុជា បាន​កើត​ឡើង​អស់​រយៈពេល​ជិត​មួយ​ខែ​មក​ហើយ ហើយ​ខ្មែរ​ក្រោម​មាន​គម្រោង​នឹង​នាំគ្នា​ធ្វើបាតុកម្ម​ប្រឆាំង​នឹង​ការ​លើក​ឡើង​របស់​វៀតណាម​នេះ ប្រសិនបើ​រដ្ឋាភិបាល​វៀតណាម មិន​មាន​ឯកសារ​បញ្ជាក់​ថា ទឹកដី​កម្ពុជា​ក្រោម ជា​ទឹកដី​របស់​វៀតណាម ជា​យូរ​មក​ហើយ​នោះ ហើយ​ប្រសិនបើ​មិន​ព្រម​សុំ​ទោស​ប្រជាពលរដ្ឋ​ខ្មែរ​ជា​សាធារណៈ។

​បន្ទាប់ពី​វេទិកា​សាធារណៈ​នេះ ក្រៅ​តែ​ពី​ដាក់​ញត្តិ​ទៅ​កាន់​ស្ថានទូត​វៀតណាម ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​ដើម្បី​ឲ្យ​រដ្ឋាភិបាល​វៀតណាម ឆ្លើយ​តប​តាម​ការ​ទាមទារ​របស់​ខ្លួន​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ក៏​មាន​គម្រោង​ដាក់​ញត្តិ​ទៅ​កាន់​ស្ថានទូត​បរទេស​មួយ​ចំនួន​ផ្សេង​ទៀត​នៅ​កម្ពុជា ជាពិសេស​ស្ថានទូត​នៃ​ប្រទេស​មហា​អំណាច​ដើម្បី​ឲ្យ​ប្រទេស​ទាំង​នេះ បាន​ដឹង​អំពី​បញ្ហា​របស់​ខ្មែរ​ក្រោម​នៅ​ពេល​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។