ពលរដ្ឋ​ខ្មែរ​ក្រោម​នៅ​អាមេរិក​រំលឹក​ខួប​ថ្ងៃ​បាត់បង់​ទឹក​ដី

0:00 / 0:00

ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​ជិត ២០០​នាក់ មក​ពី​រដ្ឋ​នានា ក្នុង​សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​អាទិត្យ ទី​១ មិថុនា បាន​នាំ​គ្នា​រំលឹក​ខួប​នៃ​ថ្ងៃ​បាត់បង់​ទឹក​ដី​កម្ពុជា​ក្រោម ដែល​បារាំង​បាន​កាត់​ទៅ​ឱ្យ​ប្រទេស​វៀតណាម គ្រប់គ្រង កាល​ពី ៦៥​ឆ្នាំ​មុន។

សូម​ស្ដាប់​សេចក្ដី​រាយការណ៍​របស់​លោក តាំង សារ៉ាដា អំពី​ការ​ជួបជុំ​គ្នា​រំលឹក​ថ្ងៃ​ជា​ប្រវត្តិសាស្ត្រ​មួយ​នេះ ពី​រដ្ឋ នដ្ស ខារ៉ូឡាណា (North Carolina)៖

ចំណែក​នៅ​ឯ​រាជធានី​ភ្នំពេញ អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម សម្ដែង​ក្តី​សង្ឃឹម​ថា សាលា​រាជធានី​ភ្នំពេញ នឹង​អនុញ្ញាត​ឲ្យ​ពួកគេ​រៀបចំ​ពិធី​បុណ្យ​រំលឹក​ខួប​បាត់បង់​ទឹក​ដី​កម្ពុជា​ក្រោម នៅ​វត្ត​សាមគ្គីរង្សី នៅ​ថ្ងៃ​ទី​៤ ខែ​មិថុនា ខាង​មុខ។ ក្តី​សង្ឃឹម​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ប្រជាពលរដ្ឋ​មាន​បញ្ហា​ដីធ្លី​មក​ពី​ខេត្ត​ក្រចេះ ដែល​បាន​ស្នាក់​នៅ​ក្នុង​ទី​អារាម​នេះ វិល​ត្រឡប់​ទៅ​ខេត្ត​ក្រចេះ​វិញ ទាំង​អស់​នៅ​ថ្ងៃ​ទី​១ ខែ​មិថុនា។

ទោះ​ជា​យ៉ាង​ណា អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម កំពុង​រង់ចាំ​មើល​លទ្ធផល​ក្រោយ​ជំនួប​រវាង​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម និង​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ ជា​ថ្មី​ម្តង​ទៀត នៅ​ថ្ងៃ​ទី​២ ខែ​មិថុនា នេះ។

មន្ត្រី​សាលា​រាជធានី​ភ្នំពេញ បាន​អះអាង​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ពួកគេ​នឹង​មិន​អនុញ្ញាត​ឲ្យ​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ជួបជុំ​ធ្វើ​ពិធី​បុណ្យ​រំលឹក​ថ្ងៃ​បាត់បង់​ទឹក​ដី​នៅ​វត្ត​សាមគ្គីរង្សី តាម​ការ​ស្នើ​សុំ​របស់​ខ្មែរ​ក្រោម​ឡើយ ដោយ​លើក​ហេតុផល​ថា នៅ​វត្ត​សាមគ្គីរង្សី​នេះ មាន​ប្រជាពលរដ្ឋ​មក​ពី​ខេត្ត​ក្រចេះ​ស្នាក់​នៅ ដូច្នេះ​សាលា​រាជធានី​ភ្នំពេញ មិន​អាច​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ជួប​ជុំ​ធ្វើ​អ្វី ២​ជាន់​គ្នា​នៅ​កន្លែង​តែមួយ ឬ​ក្នុង​ពេល​តែ​មួយ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។