សមាគម​ខ្មែរ​ក្រោម​នឹង​រៀបចំ​វេទិកា​ស្ដីពី​ការ​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​នៅ​ថ្ងៃ​៦​កញ្ញា

0:00 / 0:00

អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម និង​យុវជន គ្រោង​រៀបចំ​វេទិកា​ពិភាក្សា​មួយ​នៅ​ថ្ងៃ​ទី​៦ ខែ​កញ្ញា នៅ​ទីលាន​ប្រជាធិបតេយ្យ ស្ដី​អំពី​ការ​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។

គម្រោង​រៀបចំ​វេទិកា​នេះ អ្នក​រៀបចំ​បាន​ឆ្លង​កាត់​ការ​ពិភាក្សា​គ្នា​ជា​ច្រើន​ម៉ោង ជាមួយ​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ មុន​នឹង​អនុញ្ញាត​ឲ្យ​រៀបចំ​កម្មវិធី​នេះ។

សាលា​រាជធានី​ភ្នំពេញ បាន​អនុញ្ញាត​ឲ្យ​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម រៀបចំ​វេទិកា​សម្ដែង​មតិ​នៅ​ទីលាន​ប្រជាធិបតេយ្យ នៅ​ថ្ងៃ​សៅរ៍ ទី​៦ ខាង​មុខ ដោយ​ភ្ជាប់​លក្ខខណ្ឌ​មួយ​ចំនួន។

ប្រធាន​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម លោក ថាច់ សេដ្ឋា មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៤ កញ្ញា ថា បន្ទាប់​ពី​ការ​ប្រជុំ​ប្រមាណ ២​ម៉ោង ជាមួយ​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ អំពី​គម្រោង​រៀបចំ​វេទិកា​ពិភាក្សា​ស្ដីពី​ការ​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍ នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា នោះ សាលា​រាជធានី​បាន​យល់​ព្រម​ឲ្យ​រៀបចំ ប៉ុន្តែ​ក្រុម​ការងារ​នេះ មិន​ត្រូវ​រំលោភ​លើ​កិច្ច​សន្យា​មួយ​ចំនួន​ដែល​បាន​ជជែក​គ្នា​ជា​លាយលក្ខណ៍​អក្សរ។ កិច្ច​សន្យា​នោះ​មាន​ជាអាទិ៍ សាលា​រាជធានី​បាន​ប្រែ​ក្លាយ​ពាក្យ​ថា វេទិកា​សាធារណៈ ជា​វេទិកា​សម្ដែង​មតិ ដែល​មាន​អ្នក​ចូលរួម​ចំនួន ២០០​នាក់ ក្រុម​ការងារ​នេះ​ត្រូវ​រក្សា​សន្តិសុខ​ផ្នែក​ខាង​ក្នុង​ទីលាន​ដោយ​ខ្លួន​ឯង មិន​អនុញ្ញាត​ឲ្យ​មាន​ការ​ហែ​ក្បួន និង​មិន​ត្រូវ​ប្រើ​វេទិកា​នេះ ក្លាយ​ជា​វេទិកា​ជេរ​ប្រមាថ​ប៉ះពាល់​ព្រះមហាក្សត្រ ប៉ះពាល់​ប្រទេស​ជិត​ខាង ប៉ះពាល់​ដល់​ថ្នាក់​ដឹក​នាំ និង​អ្នក​នយោបាយ ដែល​នាំ​ឲ្យ​មាន​ការ​ញុះញង់​ក្លាយ​ជា​អំពើ​ហិង្សា។

លោក​ថា អ្វី​ដែល​មាន​ការ​ជជែក​ទម្រាំ​ត្រូវរ៉ូវ​គ្នា​នោះ គឺ​ការ​សង់​រោង​ដែល​សាលា​រាជធានី តម្រូវ​ឲ្យ​រុះ​វិញ​ភ្លាមៗ​នៅ​ពេល​ចប់​កម្មវិធី៖ «រឿង​មួយ​ដែល​ជជែក​នោះ គឺ​រឿង​សង់​រោង មិន​ចង់​ឲ្យ​មាន​ការ​សង់​រោង​សង់​អី ខ្លាច​មាន​មនុស្ស​ដេក​នៅ​យូរ​អ៊ីចឹង​ណា ប៉ុន្តែ​យើង​បាន​ថា​អត់​អី​ទេ យើង​សង់ ហើយ​យើង​ចប់​កម្មវិធី យើង​នឹង​រើ​វិញ​ទេ។ ទី​បំផុត​ទៅ​ក៏​បាន​យល់​ព្រម​ឯកភាព​គ្នា»

អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌីម៉ង់ ថ្លែង​ថា ការ​ពិភាក្សា​នេះ​ពុំ​មាន​អ្វី​ដែល​ខ្វែង​គំនិត​គ្នា​នោះ​ទេ។ លោក​ថា សង្ឃឹម​ថា​អ្នក​រៀបចំ​កម្មវិធី គោរព​តាម​គោលការណ៍​នៃ​ការ​ជជែក​គ្នា៖ «សង្ឃឹម​ថា​ប្រព្រឹត្ត​ទៅ​ធម្មតា បើ​សិន​ជា​គាត់​គោរព​ទៅ​តាម​អ្វី​ដែល​យើង​ជជែក​គ្នា​នៅ​ក្នុង​កិច្ច​ប្រជុំ​នោះ មាន​កំណត់​ហេតុ​ត្រឹមត្រូវ។ យើង​បញ្ជាក់​ឲ្យ​គាត់​ឲ្យ​ហើយ ពីព្រោះ​កន្លង​មក យើង​ឃើញ​តែង​តែ​ការ​ជជែក​គ្នា​ផ្សេង ការ​អនុវត្ត​ផ្សិង»

ការ​ស្នើ​រៀបចំ​វេទិកា​នេះ នៅ​បន្ទាប់​ពី​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម និង​ព្រះសង្ឃ​ខ្មែរ​ក្រោម បាន​ធ្វើ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​វៀតណាម ដោយ​ទាមទារ​ឲ្យ​អ្នក​នាំ​ពាក្យ​ស្ថានទូត សុំ​ទោស​ជា​សាធារណៈ ទាក់ទង​នឹង​ការ​លើក​ឡើង​ថា ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម ជា​ទឹក​ដី​របស់​ប្រទេស​វៀតណាម ដែល​ថា​ជា​ការ​បំភ្លៃ​ប្រវត្តិសាស្ត្រ​ទឹក​ដី​កម្ពុជា​ក្រោម ហើយ​ការ​តវ៉ា​នោះ បាន​ឡើង​កម្ដៅ​ទៅ​ដល់​ក្រុម​បាតុករ​ដុត​ទង់ជាតិ​វៀតណាម ទៀត​ផង។ តែ​ទោះ​ជា​យ៉ាង​ណា ពួក​គេ​គ្រោង​ធ្វើ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​វៀតណាម ម្ដង​ទៀត​នៅ​ដើម​ខែ​តុលា ប្រសិន​បើ​នៅ​តែ​មិន​ទទួល​បាន​ការ​ឆ្លើយ​តប​ចាប់​ពី​ពេល​នេះ រហូត​ដល់​ចុង​ខែ​កញ្ញា។

វេទិកា​សម្ដែង​មតិ​នៅ​ទីលាន​ប្រជាធិបតេយ្យ​នៅ​ថ្ងៃ​សៅរ៍ ទី​៦ នឹង​ចាប់​ផ្ដើម​ពី​ម៉ោង ៨​ព្រឹក រហូត​ដល់​ម៉ោង ៥​ល្ងាច៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។