ពលរដ្ឋ​ខ្មែរ​ធ្វើ​បាតុកម្ម​មុខ​ទូត​វៀតណាម​នៅ​វ៉ាស៊ីនតោន

ព្រះសង្ឃ​ជា​ច្រើន​អង្គ និង​ពលរដ្ឋ​ខ្មែរ​អាមេរិកាំ​ រាប់រយ​នាក់ រួម​មាន​ខ្មែរ​ក្រោម​ផង​ដែរ បាន​នាំ​គ្នា​ធ្វើ​បាតុកម្ម​តវ៉ា​កាល​ពី​ថ្ងៃ​សុក្រ ទី​២៥ ខែ​កក្កដា នេះ ដើម្បី​តវ៉ា​និង​ទាមទារ​ឲ្យ​ស្ថានទូត​វៀតណាម ប្រចាំ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន ទទួល​ស្គាល់​ប្រវត្តិសាស្ត្រ​នៃ​ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម ដែល​បារាំង បាន​កាត់​ឲ្យ​វៀតណាម កាន់​កាប់​កាល​ពី​ថ្ងៃ​ទី​៦ ខែ​មិថុនា ឆ្នាំ​១៩៤៩។

ប្រជាពលរដ្ឋ​ខ្មែរ​ប្រមាណ​ជា ៥០០​នាក់ ដែល​បាន​ធ្វើ​ដំណើរ​មក​ពី​រដ្ឋ​ជា​ច្រើន ក្នុង​នោះ​រួម​មាន​រដ្ឋ Georgia, North Carolina, New Jersey, Ohio, Pennsylvania, Maryland, Virginia និង DC ជាដើម​បាន​នាំ​គ្នា​លើក​បដា​រៀង​ខ្លួនៗ នៅ​មុខ​ស្ថានទូត​វៀតណាម ដែល​សរសេរ​ថា វៀតណាម​ត្រូវ​សុំទោស​ខ្មែរ និង​ទទួល​ស្គាល់​ការ​ពិត​ថា ទឹក​ដី​កម្ពុជា​ក្រោម ជា​របស់​ខ្មែរ។

ស្ត្រី​ខ្មែរ​អាមេរិកាំង​ម្នាក់​មក​ពី​រដ្ឋ Virginia អ្នកស្រី ជា ម៉ារី បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ខ្មែរ​នៅ​សហរដ្ឋអាមេរិក ដែល​មក​ចូលរួម​ធ្វើ​បាតុកម្ម​នេះ គឺ​មិន​ចង់​ទាមទារ​យក​ទឹកដី​ខ្មែរ​ក្រោម​មក​វិញ​ទេ គឺ​គ្រាន់​តែ​ចង់​ឲ្យ​រដ្ឋាភិបាល​វៀតណាម ទទួល​ស្គាល់​ការ​ពិត​ប៉ុណ្ណោះ៖ «សំឡេង»។

​ប្រធាន​វិទ្យុ​សំបុ​ក្រ​ឃ្មុំ លោក ម៉ម សូណង់ដូ ដែល​កំពុង​ធ្វើ​ទស្សនកិច្ច​នៅ​សហរដ្ឋអាមេរិក ក៏​បាន​ចូល​រួម​ក្នុង​បាតុកម្ម​នោះ​ដែរ។

​តំណាង​ក្រុម​បាតុករ​បាន​ប្រគល់​ញត្តិ​ទៅ​ឲ្យ​ឯកអគ្គរដ្ឋទូត​វៀតណាម ប្រចាំ​រដ្ឋធានី​វ៉ាស៊ីនតោន និង​បាន​រំសាយ​គ្នា​នៅ​រសៀល​ថ្ងៃ​ដដែល។

កាល​ពី​ខែ​មិថុនា ឆ្នាំ​២០១៤ កន្លង​មក​នេះ អ្នក​នាំ​ពាក្យ​ស្ថានទូត​វៀតណាម នៅ​ប្រចាំ​កម្ពុជា បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី​តាម​ទូរស័ព្ទ​ថា ទឹកដី​កម្ពុជា​ក្រោម ជា​របស់​វៀតណាម ជា​យូរលង់​ណាស់​មក​ហើយ។ ចាប់​ពី​ពេល​នោះ​មក សមាគម​យុវជន និង​សមាគម​ខ្មែរ​កម្ពុជា​ក្រោម បាន​ធ្វើ​បាតុកម្ម​តវ៉ា​ជា​បន្ត​បន្ទាប់ ដើម្បី​ឲ្យ​ស្ថានទូត​វៀតណាម សុំទោស​និង​ទទួល​ស្គាល់​ការពិត ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ នៅ​ពុំមាន​ទាន់​មាន​ការ​ឆ្លើយ​តប​ណា​មួយ​នោះ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។