សមាគម​ខ្មែរ​ក្រោម​នឹង​ធ្វើ​បាតុកម្ម​៥​ថ្ងៃ​រឿង​ប្រវត្តិសាស្ត្រ​កម្ពុជា​ក្រោម​ចាប់​ពី​ថ្ងៃ​៤​តុលា

0:00 / 0:00

អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម និង​សម្ព័ន្ធ​យុវជន​ខ្មែរ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ ប្រកាស​ជា​ថ្មី​ថា ពួក​គេ​នឹង​នាំ​គ្នា​ធ្វើ​បាតុកម្ម​រយៈពេល ៥​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​៤ ដល់​ថ្ងៃ​ទី​៨ ខែ​តុលា ខាង​មុខ ដើម្បី​បន្ត​ទាមទារ​ឲ្យ​រដ្ឋាភិបាល​វៀតណាម ទទួល​ស្គាល់​ប្រវត្តិសាស្ត្រ​ពិត​ទឹក​ដី​កម្ពុជា​ក្រោម។

ការ​ធ្វើ​បាតុកម្ម​របស់​ពួក​គេ​នៅ​លើក​នេះ នឹង​ស្នើ​ឲ្យ​រដ្ឋសភា​កម្ពុជា កោះ​ហៅ​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស មក​បំភ្លឺ​ពី​ការ​បំភ្លៃ​ប្រវត្តិសាស្ត្រ​ខ្មែរ​របស់​រដ្ឋាភិបាល​វៀតណាម និង​ស្នើ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ផ្តាច់​ទំនាក់ទំនង​ការទូត​បណ្ដោះអាសន្ន​ជាមួយ​រដ្ឋាភិបាល​វៀតណាម ថែម​ទៀត។

តើ​ការ​ស្នើ​ឲ្យ​រដ្ឋសភា​កោះ​ហៅ​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស មក​ឆ្លើយ​បំភ្លឺ និង​ឲ្យ​កម្ពុជា ផ្តាច់​ទំនាក់ទំនង​បណ្ដោះអាសន្ន​ជាមួយ​វៀតណាម ដោយសារ​បញ្ហា​ប្រវត្តិសាស្ត្រ ជា​រឿង​សម​ហេតុ​ផល ដែល​រដ្ឋសភា និង​រដ្ឋាភិបាល​កម្ពុជា គួរ​យក​ទៅ​ពិចារណា​ដែរ​ឬ​ទេ?

បើ​ទោះ​ជា​ក្រសួង​ការ​បរទេស​កម្ពុជា បាន​អះអាង​ថា រដ្ឋាភិបាល​វៀតណាម សន្យា​ថា​នឹង​ដក​អ្នក​នាំ​ពាក្យ​ស្ថានទូត​វៀតណាម ប្រចាំ​កម្ពុជា លោក ត្រឹង វ៉ាំង ថុង (Tran Van Thong) ត្រឡប់​ទៅ​ស្រុក​វិញ​ក្តី ក៏ប៉ុន្តែ​ដំណឹង​នេះ​នៅ​តែ​មិន​អាច​ធ្វើ​ឲ្យ​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម បញ្ឈប់​ការ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​វៀតណាម សុំ​ទោស​ពលរដ្ឋ​ខ្មែរ​ជា​សាធារណៈ ឬ​ទទួល​ស្គាល់​ប្រវត្តិសាស្ត្រ​ទឹក​ដី​កម្ពុជា​ក្រោម នោះ​ឡើយ។

ប្រធាន​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម លោក ថាច់ សេដ្ឋា បាន​អះអាង​ថា បើ​ទោះ​ជា​រដ្ឋាភិបាល​វៀតណាម ដក លោក ត្រឹង វ៉ាំង ថុង ត្រឡប់​ទៅ​វៀតណាម វិញ​ក៏ដោយ ប៉ុន្តែ​វៀតណាម ត្រូវ​បញ្ជាក់​ឲ្យ​បាន​ច្បាស់ ថា​តើ​ការ​ដក​នោះ​ដោយសារ លោក ត្រឹង វ៉ាំង ថុង ត្រូវ​ដល់​អាណត្តិ​របស់​ខ្លួន ឬ​ក៏ លោក ត្រឹង វ៉ាំង ថុង ត្រូវ​ដក​ដោយសារ​លោក​និយាយ​បំភ្លៃ​ប្រវត្តិសាស្ត្រ​ខ្មែរ។ លោក ថាច់ សេដ្ឋា ថា ប្រសិន​បើ លោក ត្រឹង វ៉ាំង ថុង ត្រូវ​ដក​ទៅ​វិញ​ដោយសារ​ការ​បំភ្លៃ​ប្រវត្តិសាស្ត្រ​មែន រដ្ឋាភិបាល​វៀតណាម ចាំបាច់​ត្រូវ​តែ​សុំ​ទោស​ពលរដ្ឋ​ខ្មែរ​ជា​សាធារណៈ ឬ​ត្រូវ​តែ​ទទួល​ស្គាល់​ប្រវត្តិសាស្ត្រ​ខ្មែរ​ជា​លាយលក្ខណ៍​អក្សរ។

បើ​ទោះ​ជា​ខ្មែរ​ក្រោម និង​យុវជន បាន​ទុក​ពេល​ឲ្យ​ក្រសួង​ការ​បរទេស​កម្ពុជា មួយ​លើក​ជា​ពីរ​លើក ដើម្បី​ធ្វើ​ការងារ​ផ្លូវ​ទូត​ដោះស្រាយ​បញ្ហា​នេះ​ជាមួយ​រដ្ឋាភិបាល​វៀតណាម ក៏ដោយ ក៏​ការ​ទាមទារ​របស់​ខ្មែរ​ក្រោម និង​សម្ព័ន្ធ​យុវជន​ខ្មែរ ដើម្បី​លទ្ធិប្រជាធិបតេយ្យ នៅ​តែ​មិន​ទទួល​បាន​ចម្លើយ​ជា​វិជ្ជមាន​ណា​មួយ​ពី​រដ្ឋាភិបាល​វៀតណាម ឡើយ។

ប្រហែល​ដោយសារ​ក្រសួង​ការ​បរទេស​កម្ពុជា មិន​អាច​ធ្វើ​អ្វី​រដ្ឋាភិបាល​វៀតណាម កើត​នេះ​ហើយ ទើប​ខ្មែរ​ក្រោម និង​យុវជន ងាក​ទៅ​រក​រដ្ឋសភា ឲ្យ​កោះ​ហៅ​រដ្ឋមន្ត្រី​ការ​បរទេស មក​សាកសួរ និង​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ផ្តាច់​ទំនាក់ទំនង​ការទូត​ជាមួយ​វៀតណាម បណ្ដោះអាសន្ន​តែ​ម្តង។

ប្រធាន​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម លោក ថាច់ សេដ្ឋា មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១ ខែ​តុលា ថា នៅ​ពេល​ដែល​តំណាង​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម បាន​ជួប​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា លោក ហោ ណាំហុង កាល​ពី​ពេល​កន្លង​មក លោក ហោ ណាំហុង បាន​សន្យា​ថា​នឹង​ធ្វើ​កិច្ចការ​នេះ​ជាមួយ​រដ្ឋាភិបាល និង​ស្ថានទូត​វៀតណាម ប្រចាំ​កម្ពុជា ប៉ុន្តែ​លោក ថាច់ សេដ្ឋា ថា រហូត​មក​ទល់​ពេល​នេះ ពុំ​ឃើញ​មាន​លទ្ធផល​យ៉ាង​ណា​នៅ​ឡើយ។ លោក ថាច់ សេដ្ឋា បន្ត​ថា ដោយសារ​កត្តា​នេះ​ហើយ ទើប​ខ្មែរ​ក្រោម និង​យុវជន ចង់​ឲ្យ​សភា​កោះ​ហៅ លោក ហោ ណាំហុង មក​សួរ​បញ្ជាក់។

លោក ថាច់ សេដ្ឋា៖ «ពីព្រោះ​យើង​អត់​បាន​ដឹង​រឿង​អី​សោះ ក្រោយ​ពេល​យើង​បាន​ជួប​ចរចា​ជាមួយ​ឯកឧត្តម​រដ្ឋមន្ត្រី​ការ​បរទេស​ខ្មែរ​យើង​ហើយ អត់​មាន​ឃើញ​ចម្លើយ​អី​មួយ​ដែល​ខាង​យុវជន ក៏ដូចជា​ខាង​សហគមន៍​ខ្មែរ​ក្រោម បាន​ទទួល​ព័ត៌មាន​ជា​ផ្លូវ​ការ​ហ្នឹង វា​អត់​មាន។ យើង​មិន​អាច​អូស​ពេល​ហ្នឹង​កាន់​តែ​យូរ​ទេ។ អ៊ីចឹង​ហើយ យើង​ចង់​ឲ្យ​សភា​លោក​សួរ​បញ្ជាក់​ទៅ​ក្រសួង​ការ​បរទេស​មើល ពីព្រោះ​ក្រសួង​ការ​បរទេស​មើល ពីព្រោះ​ខាង​ទូត​វា​ទាក់ទិន​ក្រសួង​ការ​បរទេស។ អ៊ីចឹង​សុំ​ឲ្យ​ឯកឧត្តម​លោក​បញ្ជាក់​មើល​ថា ធ្វើ​ការ​ហ្នឹង​ដល់​ណា​ហើយ ស្ថានភាព​យ៉ាង​ម៉េច​ហើយ ពីព្រោះ​យើង​ទុក​ពេល​យូរ​ដែរ អ៊ីចឹង​យើង​ចង់​ដឹង​កិច្ចការ​ហ្នឹង​ជា​បន្ទាន់​ផង​ដែរ»

ទាក់ទង​នឹង​ការ​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ផ្តាច់​ទំនាក់ទំនង​ការទូត​បណ្ដោះអាសន្ន​ជាមួយ​ប្រទេស​វៀតណាម វិញ លោក ថាច់ សេដ្ឋា កត់​សម្គាល់​ថា នេះ​មិន​មែន​ជា​ការ​ដាក់​សម្ពាធ​ទៅ​លើ​រដ្ឋាភិបាល​កម្ពុជា នោះ​ទេ ប៉ុន្តែ​លោក​ថា វា​គ្រាន់​តែ​ជា​ការ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា បំពេញ​ភារកិច្ច​របស់​ខ្លួន​ក្នុង​នាម​ជា​ប្រទេស​ឯករាជ្យ​មួយ​ប៉ុណ្ណោះ។ លោក ថាច់ សេដ្ឋា ថា ក្នុង​នាម​ជា​រដ្ឋ​ឯករាជ្យ កម្ពុជា ត្រូវ​តែ​កោះ​ហៅ​មន្ត្រី​ស្ថានទូត​វៀតណាម ដើម្បី​ធ្វើ​កំណត់​ទូត​ឲ្យ​បាន​ច្បាស់​លាស់​អំពី​ប្រវត្តិសាស្ត្រ​ប្រទេស​កម្ពុជា និង​ឲ្យ​វៀតណាម ទទួល​ខុស​ត្រូវ​ចំពោះ​ពាក្យ​សម្ដី​បំភ្លៃ​ប្រវត្តិសាស្ត្រ​របស់​ខ្លួន ដើម្បី​ជៀសវាង​កុំ​ឲ្យ​អ្នក​សិក្សា​ក្រោយៗ​យល់​ច្រឡំ​ថា ទឹក​ដី​កម្ពុជា​ក្រោម ជា​ទឹក​ដី​របស់​វៀតណាម តាំង​ពី​យូរយារ​ណាស់​មក​ហើយ​នោះ។

លោក ថាច់ សេដ្ឋា៖ «កុំ​ឲ្យ​យួន​ហ្នឹង​នៅ​បង្ហាញ​ឥទ្ធិពល​មក​លើ​កម្ពុជា បន្ត​មើល​ងាយ​ប្រជាពលរដ្ឋ​ខ្មែរ​បន្ត​ទៅ​ទៀត​អ៊ីចឹង។ ដូច្នេះ​ហើយ ខ្ញុំ​ឲ្យ​រដ្ឋាភិបាល​ខ្មែរ​យើង​ហ្នឹង​ផ្តាច់​ការ​ទំនាក់ទំនង​បណ្ដោះអាសន្ន ហើយ​ខ្ញុំ​ថា ដូចជា​មិន​ជា​បញ្ហា​ធ្ងន់ធ្ងរ​ទេ ប្រសិន​បើ​ប្រទេស​ទាំង​ពីរ​ហ្នឹង​សហការ​គ្នា ក្នុង​នាម​មិត្ត​ភាព​ល្អ។ យួន គួរ​តែ​បង្ហាញ​ឥរិយាបថ​របស់​ខ្លួន​គោរព​ដល់​ប្រទេស​ជិត​ខាង​ផង​ដែរ។ អ៊ីចឹង​គ្រាន់​តែ​ថា ឆ្លើយ​មក​ប្រាប់​ប្រជាពលរដ្ឋ​ខ្មែរ អំពី​កំហុស​ឆ្គង​របស់​ខ្លួន​ឯង វា​ចប់​រឿង​បាត់​ហើយ គ្មាន​អ្វី​ដែល​ធ្ងន់ធ្ងរ»

ដោយសារ​បញ្ហា​បំភ្លៃ​ប្រវត្តិសាស្ត្រ​ទឹក​ដី​កម្ពុជា​ក្រោម នេះ អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម និង​យុវជន បាន​ធ្វើ​បាតុកម្ម​ទាមទារ​ឲ្យ​រដ្ឋាភិបាល​វៀតណាម សុំ​ទោស​ចំនួន ៣​លើក​មក​ហើយ។ ក្នុង​ការ​ទាមទារ​ទាំង​៣​លើក​នោះ វៀតណាម មិន​ត្រឹម​តែ​មិន​សុំ​ទោស​នោះ​ទេ ប៉ុន្តែ​ពួក​គេ​ថែម​ទាំង​ទទូច​ឲ្យ​អាជ្ញាធរ​កម្ពុជា ចាត់​វិធានការ​រារាំង​មិន​ឲ្យ​មាន​បាតុកម្ម​ប្រឆាំង​ស្ថានទូត​របស់​ពួក​គេ និង​ចាត់​វិធានការ​ឆ្លើយ​តប​ចំពោះ​អ្នក​ដែល​ហ៊ាន​ដុត​ទង់ជាតិ​របស់​វៀតណាម ទៀត​ផង។ លើស​ពី​នេះ សូម្បី​តែ​ញត្តិ​ដែល​បាតុករ​យក​ទៅ​ដាក់​ដល់​ស្ថានទូត​ពួក​គេ​ទៅ​ហើយ ក៏​ពួក​គេ​មិន​ព្រម​ទទួល​យក​ដែរ តែ​បែរ​ជា​ឲ្យ​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ មក​ទទួល​យក​ពី​បាតុករ ហើយ​ដាក់​ទៅ​ឲ្យ​ក្រសួង​ការ​បរទេស​កម្ពុជា ដើម្បី​ឲ្យ​ក្រសួង​ដាក់​ឲ្យ​ពួក​គេ​ទៅ​វិញ។ ទង្វើ​ទាំងអស់​នេះ​ហើយ ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​យល់​ថា វៀតណាម តែង​តែ​តាំង​ខ្លួន​ឯង​ជា​បង​ធំ​របស់​ខ្មែរ និង​ធ្វើ​ឲ្យ​ខ្មែរ​ខឹង​សម្បា​ពួក​គេ​រឹត​តែ​ខ្លាំង។

សាស្ត្រាចារ្យ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ លោក​បណ្ឌិត រស់ រ៉ាវុធ កត់​សម្គាល់​ថា វៀតណាម បាន​សន្យា​ថា​នឹង​ធ្វើ​កំណត់​ទូត​ឲ្យ​ក្រសួង​ការ​បរទេស​កម្ពុជា ដក លោក ត្រឹង វ៉ាំង ថុង ចេញ​ពី​កម្ពុជា។ លោក​បណ្ឌិត រស់ រ៉ាវុធ ថា បើ​ទោះ​ជា​វៀតណាម បាន​ធ្វើ ឬ​មិន​បាន​ធ្វើ​កំណត់​ទូត​ក្តី ក្រសួង​ការ​បរទេស​កម្ពុជា គួរ​តែ​ផ្សព្វផ្សាយ​ឲ្យ​បាតុករ​បាន​ដឹង ហើយ​បើ​មិន​មាន​ការ​ផ្សព្វផ្សាយ​នោះ​ទេ រដ្ឋសភា​គួរ​ពិចារណា​សំណើ​របស់​ខ្មែរ​ក្រោម កោះ​ហៅ​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស មក​ឆ្លើយ​បំភ្លឺ។

លោក​បណ្ឌិត រស់ រ៉ាវុធ៖ «ចំណុច​នេះ​យើង​ពិនិត្យ​មើល​ទៅ​លើ​ច្បាប់​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ហ្នឹង គឺ​ចំពោះ​ការ​ធ្វើ​បាតុកម្ម​ដោយ​អហិង្សា ត្រូវ​ទទួល​យល់​ព្រម​ដោយ​រដ្ឋធម្មនុញ្ញ។ អ៊ីចឹង​រដ្ឋ​អំណាច​មាន​សិទ្ធិ​ការពារ​បាតុកម្ម ហើយ​និង​យក​ប្រធានបទ​បាតុករ​មក​ដោះស្រាយ។ អ៊ីចឹង លិខិត​ដែល​ស្នើ​ទៅ​រដ្ឋសភា រដ្ឋសភា​ពិចារណា ព្រោះ​ថា​ការ​ពិចារណា​ណា​មួយ​ក្នុង​ជួរ​រដ្ឋាភិបាល គឺ​មាន​ត្រឹម​តែ​សមាជិក​សភា ៣០​នាក់ គឺ​អាច​អញ្ជើញ​បាន​ហើយ។ នេះ​ជា​ចំណុច​ដែល​នឹង​អាច​ធ្វើ​ទៅ​បាន»

ចំពោះ​សំណើ​របស់​បាតុករ ដែល​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ផ្តាច់​ទំនាក់ទំនង​ការទូត​បណ្ដោះអាសន្ន​ជាមួយ​ប្រទេស​វៀតណាម នោះ លោក​បណ្ឌិត រស់ រ៉ាវុធ ថ្លែង​ថា វា​ហាក់​ដូចជា​ពិបាក​បន្តិច។ បើ​តាម​លោក​បណ្ឌិត រស់ រ៉ាវុធ ជាទូទៅ​ប្រទេស​ពីរ​អាច​ផ្តាច់​ទំនាក់ទំនង​ការទូត​ជាមួយ​គ្នា លុះ​ណា​តែ​ប្រទេស​ទាំង​ពីរ​នោះ​មាន​សង្គ្រាម​ជាមួយ​គ្នា ឬ​នៅ​ពេល​ដែល​ពួក​គេ​មាន​ជម្លោះ​នយោបាយ​តឹងតែង ដែល​មិន​អាច​ដោះស្រាយ​បាន។ ក្នុង​ករណី​នេះ លោក​បណ្ឌិត រស់ រ៉ាវុធ មិន​រំពឹង​ថា រដ្ឋាភិបាល​កម្ពុជា នឹង​ផ្តាច់​ទំនាក់ទំនង​ការទូត​ជាមួយ​វៀតណាម នោះ​ឡើយ។

យ៉ាង​ណា​ក៏ដោយ បើ​មាន​ការ​ផ្តាច់​ទំនាក់ទំនង​ការទូត ឬ​បើ​ពលរដ្ឋ​ខ្មែរ​មិន​ប្រើប្រាស់​ទំនិញ និង​សេវាកម្ម​របស់​វៀតណាម មែន​នោះ លោក​បណ្ឌិត រស់ រ៉ាវុធ ថ្លែង​ថា អ្នក​ដែល​ខាត​បង់​ប្រយោជន៍​ខ្លាំង​ជាង​គេ​នោះ គឺ​ភាគី​វៀតណាម ទៅ​វិញ​ទេ ព្រោះ​ថា វៀតណាម មាន​ក្រុមហ៊ុន​ច្រើន​នៅ​កម្ពុជា និង​នាំ​ទំនិញ​ចូល​មក​កម្ពុជា ក៏​ច្រើន​ដែរ។ លោក​បណ្ឌិត រស់ រ៉ាវុធ ក៏​កត់​សម្គាល់​ដែរ​ថា បើ​កម្ពុជា មិន​មាន​ទំនិញ​ពី​វៀតណាម ទេ នោះ​ពលរដ្ឋ​ខ្មែរ​ក៏​មិន​ខ្វះ​ទំនិញ​ប្រើប្រាស់​ដែរ ដោយសារ​កម្ពុជា ក៏​មាន​ទំនិញ​នាំ​ចូល​ពី​ប្រទេស​ផ្សេងៗ​ទៀត។

ប្រការ​នេះ​ហើយ ដែល​លោក​បណ្ឌិត រស់ រ៉ាវុធ ថ្លែង​ថា វៀតណាម គួរ​តែ​ឈប់​តាំង​ខ្លួន​ឯង​ជា​បង​ធំ​របស់​ខ្មែរ និង​គួរ​បញ្ចប់​វិវាទ​ប្រវត្តិសាស្ត្រ​នេះ​ជាមួយ​កម្ពុជា។ បើ​តាម​លោក​បណ្ឌិត រស់ រ៉ាវុធ វៀតណាម ត្រូវ​សិក្សា​ប្រវត្តិសាស្ត្រ​ឲ្យ​បាន​ច្បាស់។ វៀតណាម ត្រូវ​បញ្ឈប់​ការ​កេង​ចំណេញ​នយោបាយ​លើ​ប្រវត្តិសាស្ត្រ។ វៀតណាម ត្រូវ​ដក លោក ត្រឹង វ៉ាំង ថុង ចេញ​ពី​កម្ពុជា ហើយ​បើ​នៅ​តែ​មិន​អាច​ដោះស្រាយ​បាន ភាគី​កម្ពុជា និង​វៀតណាម អាច​ដឹក​ដៃ​គ្នា​ទៅ​រក​តុលាការ​យុត្តិធម៌​អន្តរជាតិ ជួយ​ដោះស្រាយ​ដោយ​យក​ប្រទេស​បារាំង ធ្វើ​ជា​សាក្សី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។