សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម​នឹង​ធ្វើ​បាតុកម្ម​មុខ​ទូត​វៀតណាម​នៅ​កាណាដា​ថ្ងៃ​១៨​កក្កដា

0:00 / 0:00

សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម គ្រោង​ប្រមូល​ផ្តុំ​គ្នា​ធ្វើ​បាតុកម្ម​នៅ​មុខ​ស្ថានទូត​វៀតណាម ប្រចាំ​ប្រទេស​កាណាដា (Canada) នៅ​ថ្ងៃ​ទី​១៨ ខែ​កក្កដា ខាង​មុខ ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​វៀតណាម ទទួល​ស្គាល់​ការ​ពិត​នៃ​ប្រវត្តិសាស្ត្រ​ទឹក​ដី​កម្ពុជា​ក្រោម ថា​ជា​អតីត​ទឹក​ដី​មួយ​ភាគ​របស់​ប្រទេស​កម្ពុជា។

គម្រោង​ធ្វើ​បាតុកម្ម​របស់​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នេះ​ធ្វើ​ឡើង​ស្រប​ពេល​ដែល​ព្រះសង្ឃ យុវជន និង​ពលរដ្ឋ​ខ្មែរ​ក្រោម គ្រោង​នឹង​ធ្វើ​បាតុកម្ម​នៅ​មុខ​ស្ថានទូត​វៀតណាម ប្រចាំ​កម្ពុជា ជាថ្មី​ម្តង​ទៀត​នៅ​ថ្ងៃ​ទី​២១ កក្កដា ខាង​មុខ។

ប្រធាន​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម លោក ថាច់ ង៉ុក ថាច់ បាន​ថ្លែង​ប្រាប់​វិទ្យុ​អាស៊ីសេរី តាម​ទូរស័ព្ទ​ពី​សហរដ្ឋ​អាមេរិក នៅ​ថ្ងៃ​ទី​១៣ កក្កដា ថា សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នឹង​នាំ​គ្នា​ធ្វើ​បាតុកម្ម​នៅ​មុខ​ស្ថានទូត​វៀតណាម ក្នុង​ទីក្រុង​អូតាវ៉ា (Ottawa) ប្រទេស​កាណាដា នៅ​ថ្ងៃ​ទី​១៨ ខែ​កក្កដា ហើយ​ក្រោយ​មក​ទៀត នឹង​ធ្វើ​នៅ​សហរដ្ឋ​អាមេរិក នៅ​ថ្ងៃ​ទី​២៥ ខែ​កក្កដា។ ចំណែក​នៅ​តាម​បណ្ដា​ប្រទេស​ផ្សេងៗ​ទៀត ដែល​មាន​សាខា​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម នឹង​មាន​រៀបចំ​បាតុកម្ម​ជា​បន្តបន្ទាប់ ដើម្បី​ប្រឆាំង​នឹង​ការ​បំភ្លៃ​ប្រវត្តិសាស្ត្រ​របស់​រដ្ឋាភិបាល​វៀតណាម។

លោក ថាច់ ង៉ុក ថាច់ ថ្លែង​បន្ត​ថា ក្រៅ​តែ​ពី​ធ្វើ​បាតុកម្ម សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ក៏​នឹង​ដាក់​ញត្តិ​ទៅ​កាន់​រដ្ឋាភិបាល​នៃ​បណ្ដា​ប្រទេស​ដែល​មាន​ខ្មែរ​ក្រោម​រស់នៅ ដើម្បី​ស្នើ​ឲ្យ​រដ្ឋាភិបាល​ទាំង​នោះ យក​ចិត្ត​ទុក​ដាក់​ចំពោះ​បញ្ហា​ខ្មែរ​ក្រោម និង​ដើម្បី​ជំរុញ​ឲ្យ​ពួក​គេ​ដាក់​គំនាប​ដល់​រដ្ឋាភិបាល​វៀតណាម ឲ្យ​ទទួល​ស្គាល់​ការ​ពិត និង​គោរព​សិទ្ធិ​សេរីភាព​របស់​ជនជាតិ​ដើម​នៅ​វៀតណាម ដែល​រដ្ឋាភិបាល​កុម្មុយនីស្ត​មួយ​នេះ តែង​បាន​សន្យា​ជាមួយ​សហគមន៍​អន្តរជាតិ។

លោក ថាច់ ង៉ុក ថាច់ ក៏​បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ខ្មែរ និង​ខ្មែរ​ក្រោម​នៅ​កម្ពុជា នាំ​គ្នា​ចូលរួម​ធ្វើ​បាតុកម្ម​ឲ្យ​បាន​ច្រើន លុះ​ណា​តែ​រដ្ឋាភិបាល​វៀតណាម ទទួល​ស្គាល់​ថា កម្ពុជា​ក្រោម គឺ​ជា​អតីត​ទឹក​ដី​របស់​កម្ពុជា៖ «បង​ប្អូន​ខ្មែរ​ទូទៅ​ទាំង​ក្នុង និង​ក្រៅ​ប្រទេស មាន​ការ​មិន​សប្បាយ​ចិត្ត ដែល​រដ្ឋាភិបាល​វៀតណាម មួយ​លើក​ហើយ​មួយ​លើក​ទៀត បាន​បង្កាច់ បាន​កែប្រែ​ប្រវត្តិសាស្ត្រ​ប្រទេស​កម្ពុជា ហើយ​ខ្ញុំ​ជឿជាក់​ប្រទេស​កម្ពុជា រដ្ឋាភិបាល​កម្ពុជា បច្ចុប្បន្ន​នេះ នឹង​មាន​ការ​ពិចារណា បើ​រដ្ឋាភិបាល​កម្ពុជា ធ្វើ​អ្វី​ទៅ​តាម​តំណាង​ទូត​យួន ឬ​រដ្ឋាភិបាល​យួន បាន​ស្នើសុំ​មិន​ខុស​គ្នា​អំពី​ប្រជាពលរដ្ឋ​ដែល​គេ​ចោទ​ថា រដ្ឋាភិបាល​កម្ពុជា គណបក្ស​ប្រជាជន​កម្ពុជា ជា​គណបក្ស​អាយ៉ង​យួន ជា​គណបក្ស​ដែល​ធ្វើ​ទៅ​តាម​យួន បង្គាប់​បញ្ជា​នោះ​ទេ»

ជុំវិញ​រឿងរ៉ាវ​ប្រវត្តិសាស្ត្រ​ទឹក​ដី​កម្ពុជា​ក្រោម នេះ ព្រះសង្ឃ យុវជន និង​ប្រជាពលរដ្ឋ​ខ្មែរ និង​ខ្មែរ​កម្ពុជា​ក្រោម បាន​ប្រមូល​ផ្តុំ​គ្នា​ធ្វើ​បាតុកម្ម​នៅ​មុខ​ស្ថានទូត​វៀតណាម ប្រចាំ​កម្ពុជា កាល​ពី​ព្រឹក​ថ្ងៃ​ទី​៨ ខែ​កក្កដា ប៉ុន្តែ​ពួក​គេ​ត្រូវ​បាន​កង​សន្តិសុខ និង​កម្លាំង​សមត្ថកិច្ច​រដ្ឋាភិបាល ធ្វើ​ការ​រារាំង និង​វាយ​បង្ក្រាប។

នៅ​ថ្ងៃ​ទី​៨ កក្កដា នោះ​ដដែល គឺ​ភ្លាមៗ​បន្ទាប់​ពី​បាតុកម្ម ស្ថានទូត​វៀតណាម ប្រចាំ​កម្ពុជា បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ថ្កោលទោស​ចំពោះ​បាតុកម្ម ហើយ​ចាត់​ទុក​សកម្មភាព​របស់​បាតុករ​ទាំងអស់​នោះ ថា​ជា​ការ​ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃ​ក្នុង និង​អធិបតេយ្យភាព​របស់​ប្រទេស​វៀតណាម។ លើស​ពី​នេះ ពួក​គេ​ចាត់​ទុក​បាតុកម្ម​នោះ​ថា គ្រាន់​តែ​ធ្វើ​ឡើង​ដោយ​ក្រុម​មួយ​ក្តាប់​តូច ដែល​គ្មាន​មូលដ្ឋាន​ច្បាប់​ត្រឹមត្រូវ និង​ល្មើស​ច្បាប់​កម្ពុជា ហើយ​ព្រមាន​ថា នឹង​មិន​អនុញ្ញាត​ឲ្យ​បុគ្គល ឬ​អ្នក​ពាក់ព័ន្ធ​ណា​មួយ​ជ្រៀត​ចូល​កិច្ចការ​ផ្ទៃ​ក្នុង​របស់​វៀតណាម ជា​ដាច់​ខាត។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ សម្ព័ន្ធ​សមាគម​យុវជន​ទាំង​៧ ដឹក​នាំ​ដោយ​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា ព្រម​ទាំង​ព្រះសង្ឃ ប្រជាពលរដ្ឋ​ខ្មែរ និង​ខ្មែរ​កម្ពុជា​ក្រោម នឹង​នាំ​គ្នា​ធ្វើ​បាតុកម្ម​នៅ​មុខ​ស្ថានទូត​វៀតណាម ប្រចាំ​កម្ពុជា នៅ​ថ្ងៃ​ទី​២១ ខែ​កក្កដា ខាង​មុខ​នេះ។ លើស​ពី​នេះ ពួក​គេ​នឹង​ដាក់​ញត្តិ​ទៅ​កាន់​ស្ថានទូត​ប្រទេស​មហា​អំណាច​មួយ​ចំនួន ដូចជា ស្ថានទូត​បារាំង ស្ថានទូត​ចក្រភព​អង់គ្លេស ស្ថានទូត​សហរដ្ឋ​អាមេរិក ស្ថានទូត​ចិន ស្ថានទូត​រុស្សី ដើម្បី​ឲ្យ​ស្ថានទូត​បរទេស​ទាំង​នេះ ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​វៀតណាម ឲ្យ​ទទួល​ស្គាល់​ការ​ពិត​ប្រវត្តិសាស្ត្រ​ទឹក​ដី​កម្ពុជា​ក្រោម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។