កម្ពុជា-​ថៃ​ប្រកាស​ជំហរ​រក្សា​សន្តិសុខ​នៅ​តាម​ព្រំដែន

ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ ប្រកាស​ជំហរ​​រួមគ្នា​ជា​ថ្មី​ម្ដង​ទៀត ក្នុង​ការ​រក្សា​សន្តិសុខ និង​ស្ថិរភាព​នៅ​តាម​ព្រំដែន​ខ្មែរ-​ថៃ បើ​ទោះ​បី​តុលាការ​យុត្តិធម៌​អន្តរជាតិ​ទីក្រុង​ឡាអេ គ្រោង​ប្រកាស​សាលក្រម​ ពី​រឿង​ជម្លោះ​ប្រាសាទ​ព្រះវិហារ​នៅ​ខែ​វិច្ឆិកា ខាង​មុខ​នេះ មាន​លទ្ធផល​បែប​ណា​ក៏ដោយ។

0:00 / 0:00

​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា និង​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ថៃ បាន​ជួប​គ្នា​ដែល​មាន​រយៈ​ពេល​ជាង ១​ម៉ោង​ នៅ​ខេត្ត​បន្ទាយមានជ័យ និង​ទៅ​ធ្វើ​សន្និសីទ​កាសែត​នៅ​​ខេត្ត​ស្រះកែវ ប្រទេស​ថៃ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៨ ខែ​តុលា ឆ្នាំ​២០១៣។

ភាគី​ទាំង​ពីរ​បាន​ផ្ដោត​ជា​សំខាន់​លើ​​ស្ថិរភាព និង​សន្តិសុខ​នៅ​តាម​តំបន់​ព្រំដែន​ខ្មែរ-ថៃ ខណៈ​ដែល​តុលាការ​យុត្តិធម៌​អន្តរជាតិ​ទីក្រុង​ឡាអេ គ្រោង​ប្រកាស​សាលក្រម​រឿង​ជម្លោះ​ប្រាសាទ​ព្រះវិហារ នៅ​ខែ​វិច្ឆិកា ខាង​មុខ​នេះ។

ភាគី​កម្ពុជា​ ដឹក​នាំ​ដោយ​លោក ហោ ណាំហុង ជា​ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​ភាគី​ថៃ​ដឹក​នាំ​ដោយ​លោក ស៊ូរ៉ាពង់ តូវីចាក់ឆៃគុល (Surapong Tovichakchaikul) ជា​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​ថៃ។

លោក កុយ គួង មន្ត្រី​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា គូស​បញ្ជាក់​ថា អ្វី​ដែល​សំខាន់ គឺ​ភាគី​ទាំង​ពីរ កម្ពុជា-ថៃ បាន​ពិភាក្សា​គ្នា​លើ​ការ​ថែ​រក្សា​ទំនាក់ទំនង​មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​ឲ្យ​កាន់​តែ​ល្អ​ប្រសើរ​ថែម​ទៀត៖ «ទំនាក់ទំនង​មិត្តភាព​រវាង​ប្រទេស​ទាំង​ពីរ​ឲ្យ​បាន​ល្អ ហើយ​អោយ​កាន់​តែ​ល្អ​ថែម​ទៀត បើ​ទោះ​ជា​តុលាការ​យុត្តិធម៌​អន្តរជាតិ​ទីក្រុង​ឡាអេ នឹង​ចេញ​សេចក្ដី​សម្រេច​ស្ដី​ពី​ការ​បក​ស្រាយ​សាលក្រម​ឆ្នាំ​១៩៦២ ប្រកាស​ជា​សាធារណៈ​នៅ​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា ខាង​មុន​នេះ»

លោក កុយ គួង បន្ត​ថា ទោះ​បី​តុលាការ​យុត្តិធម៌​អន្តរជាតិ ទីក្រុង​ឡាអេ ប្រកាស​សាលក្រម​​សម្រេច​បែប​ណា​ក៏ដោយ ប៉ុន្តែ​ប្រទេស​កម្ពុជា និង​ប្រទេស​ថៃ ប្ដេជ្ញា​ថា មិន​ឲ្យ​ទំនាក់ទំនង​នៃ​សេចក្ដី​សម្រេច​នោះ​ប៉ះពាល់​ដល់​​កិច្ច​សហការ​ជា​មិត្តភាព​រវាង​ប្រទេស​ទាំង​ពីរ​នោះ​ឡើយ។ បន្ថែម​លើ​នេះ​ ភាគី​ទាំង​ពីរ (កម្ពុជា-ថៃ) ខិតខំ​ធ្វើ​យ៉ាង​ណា​ឲ្យ​តំបន់​ព្រំ​ដែន​កម្ពុជា-​ថៃ មាន​សុខ​សន្តិភាព មាន​ស្ថិរភាព ប្រកប​ដោយ​កិច្ច​សហប្រតិបត្តិការ​ក្នុង​នាម​ជា​ប្រទេស​ជិត​ខាង។

លោក កុយ គួង៖ «ប្រទេស​ទាំង​ពីរ​ប្រកាន់​ជំហរ​ដូច​គ្នា គឺ​ត្រូវ​តែ​គោរព អនុវត្ត​តាម​ការ​សម្រេច​របស់​តុលាការ ហើយ​ប្រកាន់​ជំហរ​រួម​មួយ​ទៀត គឺ​ទោះ​បី​ជា​សេចក្ដី​សម្រេច​នោះ​បែប​ណា​ក៏​ដោយ គឺ​មិន​ឲ្យ​ប៉ះពាល់​ទំនាក់​ទំនង​ធ្វើ​ភាគី​រវាង​ប្រទេស​ទាំង​២​ទេ ហើយ​និង​ខិតខំ​ពន្យល់​ពលរដ្ឋ​របស់​ខ្លួន​ឲ្យ​បាន​យល់​ពី​បញ្ហា​នេះ»

ក្រៅ​ពី​កិច្ច​ពិភាក្សា​លើ​ការងារ​រក្សា​សន្តិភាព សន្តិសុខ និង​ស្ថិរភាព​នៅ​តាម​តំបន់​ព្រំដែន​នៃ​ប្រទេស​ ទាំង​ពីរ គណៈ​ប្រតិភូ​នៃ​ប្រទេស​ទាំង​ពីរ ក៏​បាន​ជជែក​លើ​ការងារ​អភិវឌ្ឍន៍​តំបន់​ព្រំដែន ដូច​ជា​ការ​បើក​ច្រក​ធ្វើ​ចរាចរណ៍​ដោះដូរ​ទំនិញ​ចេញ​ចូល​រវាង​​ប្រជាពលរដ្ឋ​នៃ​ប្រទេស​ទាំង​ពីរ (កម្ពុជា-ថៃ) ជា​ដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅក្នុង​អត្ថបទ​នេះ​៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ៕