ក្រុម​អ្នក​តវ៉ា​បន្ត​ទាមទារ​ឲ្យ​វៀតណាម​សុំ​ទោស​រឿង​ខ្មែរ​ក្រោម

0:00 / 0:00

ក្រុម​ប្រជាពលរដ្ឋ ព្រះសង្ឃ អង្គការ សមាគម​ខ្មែរ​កម្ពុជា​ក្រោម និង​សម្ព័ន្ធ​យុវជន​ខ្មែរ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ​រាប់​រយ​នាក់ បន្ត​ទៅ​ប្រមូល​ផ្តុំ​គ្នា​នៅ​ក្បែរ​ស្ថានទូត​វៀតណាម នៅ​រាជធានី​ភ្នំពេញ ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​វៀតណាម សុំ​ទោស​ពលរដ្ឋ​ខ្មែរ​ចំពោះ​ការ​ថ្លែង​ថា ទឹក​ដី​កម្ពុជា​ក្រោម​ជា​ទឹក​ដី​របស់​វៀតណាម យូរ​លង់​មក​ហើយ។

ក្រុម​ព្រះសង្ឃ យុវជន និង​ពលរដ្ឋ​ខ្មែរ​រាប់​រយ​នាក់​បន្ត​តវ៉ា​នៅ​ក្បែរ​ស្ថានទូត​វៀតណាម ឈាន​ចូល​ដល់​ទី​ពីរ នៅ​ថ្ងៃ​អាទិត្យ ទី​៥ តុលា។

ក្រុម​អ្នក​តវ៉ា​ស្រែក​ទាមទារ​ឱ្យ​រដ្ឋាភិបាល​វៀតណាម ទទូល​ស្គាល់​ប្រវត្តិសាស្រ្ត​ទឹក​ដី​កម្ពុជា​ក្រោម​ពិត​ប្រាកដ និង​សុំទោស​ខ្មែរ​ជា​សាធារណៈ​ចំពោះ​ការ​អះអាង​របស់​មន្ត្រី​នាំ​ពាក្យ​ស្ថានទូត​វៀតណាម ដែល​ថា ទឹក​ដី​កម្ពុជា​ក្រោម​ជា​របស់​ខ្លួន​យូរ​មក​ហើយ​នោះ៖ «តវ៉ា​ដើម្បី​ឱ្យ​អ្នក​ឯង​ចុះ​មក​សុំទោស​ខ្មែរ​ជា​ដាច់​ខាត ពី​ព្រោះ​អ្នក​ឯង​បាន​ប្រមាថកាតទាន​នៃ​ប្រវត្តិសាស្ត្រ​ខ្មែរ​ពិត ទឹក​ដី​កម្ពុជា​ក្រោម គឺ​ជា​ទឹក​ដី​ដូន​តា​យើង។ ហេតុ​ដូច្នេះ យើង​មិន​ព្រម​ជា​ដាច់​ខាត​នូវ​ទង្វើ​ដ៏​ខុស​ឆ្គង​ដែល​អ្នក​ឯង​បាន​និយាយ»

ការ​តវ៉ា​ដោយ​កំហឹង​នៅ​ថ្ងៃ​ទី​៥ តុលា ព្រះសង្ឃ និង​ពលរដ្ឋ​ជា​អ្នក​តវ៉ា​ខ្លះ​បាន​ជាន់​ឈ្លី និង​ដុត​ទង់ជាតិ​វៀតណាម ជា​ច្រើន​សន្លឹក​ទៀត នៅ​ពេល​ពួក​គាត់​មិន​ទទួល​ការ​សុំ​ទោស​ណា​មួយ។ លើស​ពី​នេះ​ទៀត ក្រុម​អ្នក​តវ៉ា​នៅ​បន្ត​អំពាវនាវ​ឱ្យ​ពល​រដ្ឋ​ខ្មែរ​ធ្វើ​ពហិការ​ឈប់​ប្រើប្រាស់​សេវា និង​ទំនិញ​របស់​វៀតណាម។

ទាក់ទង​នឹង​ពហិការ​នេះ អ្នក​វិភាគ​សង្គម​ឯករាជ្យ លោក កែម ឡី មាន​វាយ​តម្លៃ​ថា ទោះ​ជា​ការ​អំពាវនាវ​នេះ​មិន​មាន​ប្រសិទ្ធភាព​ក្ដី ក៏​អាច​ជា​បញ្ហា​មួយ​ធ្វើ​ឱ្យ​ប្រមុខ​រដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ​ពិចារណា​ដែរ ដើម្បី​រក​ដំណោះស្រាយ៖ «ដំណោះស្រាយ​មិន​មែន​រឿង​ឈប់​ទិញ​ទំនិញ​វៀតណាម​ទេ។ ដំណោះស្រាយ (គឺ) រៀង​ពន្លត់​បញ្ហា ហើយ​ពន្លត់​បញ្ហា​ហ្នឹង​ពន្លត់​យ៉ាង​ដូច​ម្ដេច ពី​ព្រោះ​រឿង​ទំនិញ​វា​មាន​ផល​ប្រយោជន៍​ពី​គ្នា​ទៅ​វិញ​ទៅ​មក។ វៀត​គាត់​ចំណេញ​នាំ​ចូល​ទំនិញ​ច្រើន ខ្មែរ​យើង​ក៏​ចំណេញ​ពន្ធ​គយ​ពន្ធដារ ឬ​ទំហំ​សេដ្ខកិច្ច​ដែរ គេ​ហៅ​ថា វ៉ូលូម (Volume) សេដ្ខកិច្ច​នាំ​ចូល​នាំ​ចេញ​ហ្នឹង​ក៏​មាន​ចំណែក​នៅ​ក្នុង​ហ្នឹង​ដែរ។ អ៊ីចឹង មិន​មែន​ជា​ជម្រើស​ល្អ​ប៉ុន្មាន​ទេ ប៉ុន្តែ​ក៏​ជម្រើស​ល្អ​សម្រាប់​បាតុករ​ដែរ ពី​ព្រោះ​ចង់​ឱ្យ​រដ្ឋាភិបាល​ទាំង​ពីរ​ដោះស្រាយ»

លោក​ថ្លែង​ថា ការ​ដោះស្រាយ​បញ្ហា​នេះ គឺ​ត្រូវ​អនុវត្ត​តាម​របៀប​វិទ្យាសាស្ត្រ ដោយ​អ្នក​ប្រវត្តិសាស្ត្រ​អន្តរប្រទេស​រៀបចំ​ជា​ឯកសារ​ផ្លូវការ​ដើម្បី​កុំ​ឱ្យ​បន្ត​ទៅ​កូន​ចៅ​ជំនាន់​ក្រោយ​ទៀត។

ស្ថានទូត​វៀតណាម បាន​ផ្លាស់​ប្ដូរ​អ្នក​នាំ​ពាក្យ​ គឺ​លោក ត្រឹង វ៉ាំងថុង បន្ទាប់​ពី​ការ​ថ្លែង​ថា ទឹក​ដី​កម្ពុជា​ក្រោម ជា​របស់​វៀតណាម យូរ​លង់​មក​ហើយ ហើយ​ធ្វើ​ឱ្យ​មាន​ការ​តវ៉ា​នេះ​កើត​ឡើង។

ទាក់ទង​នឹង​បញ្ហា​ផ្លាស់​ប្ដូរ​នេះ​ដែរ ប្រធាន​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម លោក ថាច់ សេដ្ឋា មាន​ប្រសាសន៍​ថា ការ​ផ្លាស់​ប្ដូរ​នេះ មិន​បាន​បង្ហាញ​ច្បាស់​ជា​​ដំណោះស្រាយ​លើ​បញ្ហា​នេះ​ទេ លុះ​ត្រា​តែ​មាន​សរសេរ​ជា​លាយលក្ខណ៍អក្សរ៖ «រឿង​ការ​ផ្លាស់​ប្ដូរ​ទូត ឬ​អ្នក​នាំ​ពាក្យ​មិន​មែន​ជា​សំខាន់​ទេ ពី​ព្រោះ​នេះ​ជា​ជំហរ​របស់​រដ្ឋាភិបាល។ រឿង​ការ​ផ្លាស់​ប្ដូរ ជួន​ទៅ​វា​គ្រប់​អាណត្តិ​របស់​គេ គ្រប់​ពេល​វេលា​គេ​ត្រូវ​ដោះ​ដូរ។ អ៊ីចឹង ដូរ​ដោយ​មូលហេតុ​អី? បញ្ជាក់​មក​ថា​ឥឡូវ​ដោយ​សារ​មាន​បញ្ហា​កំហុស​ដោយ​ការ​និយាយ​ស្ដី​អ្នក​នាំ​ពាក្យ​ហ្នឹង​ខុស​ឆ្គង​អី យើង​ចេញ​ជា​លាយលក្ខណ៍អក្សរ​កំណត់​ការ​ទូត​មក គឺ​វា​ចប់​បាត់​ហើយ​បញ្ហា​នេះ។ អ៊ីចឹង​បើ​ថា យួន​ចង់​បញ្ចប់ ហើយ​ចង់​ឱ្យ​នៅ​ក្នុង​មិត្តភាព​ល្អ​រវាង​ប្រទេស​ជិត​ខាង យួន​អត់​មាន​ធ្វើ​អ៊ីចឹង​ទេ ហើយ​ធ្វើ​ការ​ជា​មួយ​រដ្ឋាភិបាល​ខ្មែរ ធ្វើ​កំណត់​ការ​ទូត ប្រជាពលរដ្ឋ​ខ្មែរ​ស្ងប់​ចិត្ត​ហើយ»

ក្រុម​អ្នក​តវ៉ា​ក៏​បាន​ជេរ​ដៀល​ជាតិ​សាសន៍​វៀតណាម​ថា ចោរ​ឈ្លានពាន និង​លួច​ទឹកដី​កម្ពុជា ហើយ​បំភ្លៃ​ប្រវត្តិសាស្រ្ត​ទឹក​ដី​កម្ពុជា​ក្រោម ថា​ជា​របស់​ខ្លួន។ ក្រុម​អ្នក​តវ៉ា​បាន​រំសាយ​នៅ​ល្ងាច​ថ្ងៃ​ទី​៥ តុលា ហើយ​ពួក​គាត់​ប្រកាស​ថា នឹង​មក​ទាមទារ​នៅ​ស្ថានទូត​វៀតណាម ជា​រៀង​រាល់​ថ្ងៃ​រហូត​ដល់​មាន​ការ​សុំ​ទោស​ពី​រដ្ឋាភិបាល​វៀតណាម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។