សហគមន៍​ខ្មែរ​ក្រោម​ថ្កោល​ទោស​ការ​បំភ្លៃ​ប្រវត្តិសាស្ត្រ​របស់​មន្ត្រី​វៀតណាម

0:00 / 0:00

សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​មួយ ថ្កោលទោស​ចំពោះ​ការ​បំភ្លៃ​ការពិត​នៃ​ប្រវត្តិសាស្ត្រ​របស់​អ្នក​នាំ​ពាក្យ​ស្ថានទូត​វៀតណាម ប្រចាំ​កម្ពុជា ដែល​ថ្លែង​ថា កម្ពុជា​ក្រោម​ជា​ទឹក​ដី​របស់​វៀតណាម តាំង​ពី​យូរយារ​ណាស់​មក​ហើយ ហើយ​បារាំង មិន​បាន​កាត់​ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម​ឲ្យ​វៀតណាម ទេ។

​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម ចាត់​ទុក​ការ​បំភ្លៃ​ប្រវត្តិសាស្ត្រ​នោះ ជា​ចេតនា​អុជអាល បង្ក​ឲ្យ​មាន​អំពើ​ហិង្សា ឬ​រើសអើង​ពូជសាសន៍ ដោយសារ​តែ​ប្រវត្តិ​ទឹកដី​អតីតកាល។

សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម សម្ដែង​ការ​សោកស្ដាយ និង​ប្រតិកម្ម​ចំពោះ​សម្ដី​អ្នក​នាំ​ពាក្យ​ស្ថានទូត​វៀតណាម នៅ​កម្ពុជា ទាក់ទង​ប្រវត្តិ​ទឹកដី​កម្ពុជា​ក្រោម។

​អាណានិគម​បារាំង បាន​កាត់​ទឹកដី​កម្ពុជា​ក្រោម​ចំនួន ២១​ខេត្ត​ក្រុង ដែល​មាន​ផ្ទៃដី​ទំហំ​ជាង ៦​ម៉ឺន ៨​ពាន់​គីឡូ​ម៉ែត្រក្រឡា (៦៨.៩៦៥) ទៅ​ឲ្យ​វៀតណាម កាន់កាប់​ខុស​ច្បាប់​ដោយ​គ្មាន​ការ​ឯកភាព​យល់​ព្រម​ពី​ពលរដ្ឋ​ខ្មែរ​ក្រោម កាល​ពី​ថ្ងៃ​ទី​៤ មិថុនា ឆ្នាំ​១៩៤៩។

ប៉ុន្តែ​អ្នក​នាំ​ពាក្យ​ស្ថានទូត​វៀតណាម ប្រចាំ​កម្ពុជា លោក ត្រឹង វ៉ាន់ថុង ថ្លែង​កាល​ពី​ថ្ងៃ​ទី​៦ មិថុនា ឆ្នាំ​២០១៤ ថា បារាំង​មិន​បាន​កាត់​ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម​ឲ្យ​វៀតណាម​ទេ តែ​កម្ពុជា​ក្រោម​ជា​ទឹកដី​របស់​វៀតណាម តាំង​ពី​យូរយារ​ណាស់​មក​ហើយ៖ «ព័ត៌មាន​បាត់បង់​ទឹកដី​គ្មាន​អ្វី​ជា​មូលដ្ឋាន​ទេ គ្មាន​អ្វី​ជា​ភស្តុតាង​ទេ»

ការ​ថ្លែង​របស់​អ្នក​នាំ​ពាក្យ​រូប​នេះ គឺ​ធ្វើ​ឡើង​នៅ​គ្រា​ដែល​អង្គការ​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម រៀបចំ​ពិធី​រំលឹក​ខួប ៦៥​ឆ្នាំ​នៃ​ថ្ងៃ​បាត់បង់​ទឹកដី​កម្ពុជា​ក្រោម និង​ចំ​ពេល​ដែល​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក នឹង​ចាប់​ផ្ដើម​ធ្វើ​យុទ្ធនាការ​ថ្មី​មួយ​ឈ្មោះ​ថា «ផ្លូវ​ឆ្ពោះ​ទៅ​មាតុភូមិ» ដែល​អំពាវនាវ​ឲ្យ​ពលរដ្ឋ​កម្ពុជា នៅ​តាម​បណ្ដា​ប្រទេស​ជា​ច្រើន​ទៀត​នៅ​លើ​ពិភពលោក ធ្វើ​ដំណើរ​ទៅ​ទឹកដី​កម្ពុជា​ក្រោម ដែល​បច្ចុប្បន្ន​កំពុង​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​វៀតណាម។

​ប្រធាន​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម លោក ថាច់ សេដ្ឋា គិត​ថា ការ​ថ្លែង​របស់​លោក ត្រឹង វ៉ាន់ថុង នេះ ជា​ចេតនា​បំភ្លៃ​ការពិត​នៃ​ប្រវត្តិសាស្ត្រ និង​ជា​ការ​បញ្ឈឺ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ឈឺចាប់៖ «ខ្ញុំ​បាន​មើល​ឯកសារ​សម្ងាត់​របស់​យួន ក៏​គេ​និយាយ​អ៊ីចឹង​ដែរ គឺ​បង្រៀន​កម្មាភិបាល​ខ្មែរ​កម្ពុជា​ក្រោម​ថា ទឹកដី​កម្ពុជា​ក្រោម​ជា​ទឹក​ដី​យួន​តាំងពី​យូរលង់​ណាស់​មក​ហើយ ជា​អំណោយ​ស្ដេច​ខ្មែរ។ ប៉ុន្តែ​ទាំង​អស់​នេះ សុទ្ធតែ​ជា​រឿង​ប្រឌិត​បំភ្លៃ​ប្រវត្តិសាស្ត្រ​រហូត​ដល់​កុំ​ឲ្យ​ក្មេង​ជំនាន់​ក្រោយ​ហ្នឹង​យល់​ដឹង ហើយ​ស្រប​នឹង​ខ្មែរ​យើង​មិន​ចង់​ឲ្យ​រំលឹក​ថែម​ទៀត​ផង វា​អាច​បាត់ គឺ​មិន​មាន​នរណា​ដឹង នរណា​យល់ បើ​យួន​គេ​ចេញ​ប្រកាស​ថា ជា​របស់​គេ​ដែរ រី​ឯ​រដ្ឋាភិបាល​ខ្មែរ​ចេញ​ប្រតិកម្ម​តែ​គ្នា​ឯង ក្លាហាន​តែ​គ្នា​ឯង ពេល​យួន​គេ​និយាយ​បំផ្លើស និយាយ​បញ្ឈឺ កាឡៃ​ប្រវត្តិសាស្ត្រ​ពិត​ប៉ុណ្ណឹង​ហើយ ខាង​រដ្ឋាភិបាល​មួយ​មាត់​មិន​និយាយ​ផង»

​លោក​បន្ត​ថា នៅ​ទឹកដី​កម្ពុជា​ក្រោម មាន​ភស្តុតាង​ជា​ច្រើន រួម​មាន​ឈ្មោះ​វត្ត​អារាម ភូមិ ស្រុក ខេត្ត គឺ​សុទ្ធ​ជា​ឈ្មោះ​ភាសា​ខ្មែរ​សុទ្ធសាធ មិន​មែន​ជា​ឈ្មោះ​ជា​ភាសា​វៀតណាម​ទេ។ ប៉ុន្តែ​អាជ្ញាធរ​វៀតណាម តែ​ផ្លាស់ប្ដូរ​ឈ្មោះ​ទីតាំង​ទាំង​នោះ​ជា​ច្រើន​លើក​ច្រើន​សា ទៅ​ជា​ភាសា​របស់​ខ្លួន​ដើម្បី​បំបាត់​ភស្តុតាង​នៃ​ភូមិសាស្ត្រ។

​មួយ​ទៀត ភស្តុតាង​សំខាន់​ដែល​បដិសេធ​មិន​បាន​ទៅ​ទៀត​នោះ គឺ​មូលដ្ឋាន​អាណានិគម​បារាំង កាត់​ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម ឲ្យ​ទៅ​អាជ្ញាធរ​វៀតណាម ត្រួតត្រា​រហូត​សព្វថ្ងៃ គឺ​យោង​តាម​ច្បាប់​អាណានិគម​បារាំង លេខ ៤៩/៧៣៣ ចុះ​ថ្ងៃ​ទី​៤ មិថុនា ឆ្នាំ​១៩៤៩។

​គិត​ត្រឹម​ថ្ងៃ​ទី​៤ មិថុនា ឆ្នាំ​២០១៤ នេះ គឺ​មាន​រយៈពេល ៦៥​ឆ្នាំ​គត់ ដែល​ខ្មែរ​កម្ពុជា​ក្រោម​ជាង ១០​លាន​នាក់​ជា​ម្ចាស់​ទឹកដី​ម្ចាស់​ស្រុក បាន​រស់​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​វៀតណាម។ ប៉ុន្តែ​ឯកសារ​ផ្លូវការ​របស់​រដ្ឋការ​នៃ​ប្រទេស​វៀតណាម បង្ហាញ​ថា ខ្មែរ​កម្ពុជា​ក្រោម​ជាង ១​លាន​នាក់​ប៉ុណ្ណោះ។

អ្នក​នាំ​ពាក្យ​ស្ថានទូត​វៀតណាម លោក ត្រឹង វ៉ាន់ថុង អះអាង​ថា ខ្មែរ​កម្ពុជា​ក្រោម​ជា​ជនជាតិ​ដើម​មួយ​ក្នុង​ចំណោម​ជនជាតិ ៥៣ ផ្សេង​ទៀត ដែល​រស់​នៅ​ទឹក​ដី​វៀតណាម។ អាជ្ញាធរ​វៀតណាម តែង​គោរព​សិទ្ធិ​មនុស្ស​ជន​ជាតិ​ដើម​ទាំង​អស់​នោះ។

​យ៉ាង​ណា​សហព័ន្ធ និង​អង្គការ​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម ពិសេស​ពលរដ្ឋ​ខ្មែរ​ក្រោម​ដែល​និរទេស​ខ្លួន​មក​រស់​នៅ​កម្ពុជា ទម្លាយ​ថា អាជ្ញាធរ​វៀតណាម តែង​ចាប់​ព្រះសង្ឃ​ផ្សឹក​ឆៅៗ និង​ចាប់​ពលរដ្ឋ​ខ្មែរ​ក្រោម​ទៅ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ ដោយ​គ្រាន់តែ​នាំគ្នា​តវ៉ា​ឲ្យ​មាន​ការ​សាងសង់​សាលារៀន​ភាសា​ខ្មែរ​នៅ​ក្នុង​វត្ត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។