ក្នុងដំណើរការដឹកនាំ និងកសាងប្រទេសរបស់ព្រះអង្គ ចាប់ពីឆ្នាំ១៩៥៥ ដល់ឆ្នាំ១៩៦៩ ដែលកាលនោះ កម្ពុជា មានចំនួនប្រជាពលរដ្ឋខ្មែរសរុបប្រហែលជាង ៥លាននាក់ ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ ដែលកាលនោះព្រះអង្គជាព្រះប្រមុខរដ្ឋ ឬប្រជាពលរដ្ឋខ្មែរទូទៅនិយមហៅព្រះអង្គថា "សម្ដេចឪ" ព្រះអង្គបានប្រកាន់ជំហរឯករាជ្យមិនចូលបក្សសម្ព័ន្ធ ហើយអភិវឌ្ឍប្រទេសដោយអនុវត្តនូវទ្រឹស្ដីមួយគឺ "ខ្លួនទីពឹងខ្លួន"។
តាមគោលនយោបាយឯករាជ្យម្ចាស់ការនេះហើយ ដែលសម្ដេចឪទទួលបានប្រជាប្រិយភាពពីប្រជាពលរដ្ឋនៅក្នុងប្រទេស និងទាក់ទាញការចាប់អារម្មណ៍ថ្នាក់ដឹកនាំប្រទេសនានាលើសកលលោក ជាពិសេសថ្នាក់ដឹកនាំប្រទេសមហាអំណាច ចំពោះការដឹកនាំរបស់ព្រះអង្គក្នុងរយៈពេល ១៤ឆ្នាំនេះ បន្ទាប់ពីកម្ពុជា បានចាកផុតពីនឹមអាណានិគមនិយមបារាំង ជិត ១០០ឆ្នាំរួចមក។
អតីតលេខាផ្ទាល់នៃអតីតព្រះមហាវីរក្សត្រ ព្រះអង្គម្ចាស់ ធម្មិកោ មានបន្ទូលថា ក្នុងរបបសង្គមរាស្ត្រនិយម សម្ដេចឪបានខិតខំកសាងបានសមិទ្ធផលដល់ទៅចំនួនរាប់ពាន់ ធ្វើឲ្យប្រជាពលរដ្ឋខ្មែរមានជីវភាពធូរធារ ប្រាក់ខែមន្ត្រីរាជការ គ្រូបបង្រៀនខ្ពស់រស់នៅក្នុងសេចក្ដីសុខ និងដោយសេចក្ដីថ្លៃថ្នូរ។
ព្រះអង្គម្ចាស់បានរំលេចថា វិស័យដែលលេចធ្លោជាងគេនោះ គឺវិស័យសិក្សាធិការ ដោយសម្ដេចឪបានសាងសង់សាលារៀនចាប់ពីបឋមសិក្សា ដល់សកលវិទ្យាល័យជាច្រើននៅទូទាំងប្រទេស ពីទីក្រុងដល់ជនបទ ហើយគុណភាពសិក្សាជំនាន់នោះមានគុណភាពកម្រិតខ្ពស់ និងបានធ្វើឲ្យកេរ្តិ៍ឈ្មោះកម្ពុជា ល្បីសុះសាយក្នុងតំបន់ទៀតផង៖ «ក៏ប៉ុន្តែ ធំបំផុត លោកបានកសាងសេវាអប់រំឲ្យបានរឹងមាំនៅក្នុងស្រុកខ្មែរ ចាប់តាំងពីសាលាបឋមសិក្សា រហូតដល់មហាវិទ្យាល័យ សកលវិទ្យាល័យ។ ខ្ញុំសុំរំលឹកថា ជំនាន់សម័យសង្គមរាស្ត្រនិយម មាននិស្សិតពីបរទេស ពីសាំងកាពួរ (Singapore = សិង្ហបុរី) ប្រទេសម៉ាឡេ (Malaysia) មករៀននៅមហាវិទ្យាល័យ សកលវិទ្យាល័យនៅស្រុកខ្មែរ»។
ក្រៅពីព្រះរាជបូជនីយកិច្ចកសាងជាតិ ព្រះបរមរតនកោដ្ឋ ក៏ពេញព្រះហឫទ័យខាងវិស័យសិល្បៈដែរ។ ព្រះអង្គបាននិពន្ធខ្សែភាពយន្ត និពន្ធបទចម្រៀងជាច្រើនបទ ភាគច្រើនជាបទចម្រៀងមនោសញ្ចេតនា ដូចជាបទ សកវាទ៍ រាត្រីជួបភ័ក្ដ្រ ព្រៃប្រសិទ្ធ និងនៅមានបទផ្សេងៗទៀត។
ព្រះអង្គម្ចាស់ ធម្មិកោ មានបន្ទូលថា ក្នុងការដឹកនាំប្រទេស ១៤ឆ្នាំ ព្រះបរមរតនកោដ្ឋ បាននិពន្ធខ្សែភាពយន្ត ៧រឿង ដែលទាក់ទងស្នាព្រះហស្តថែរក្សាវប្បធម៌ជាតិរបស់រាជវង្សានុវង្ស និងរឿងនយោបាយ និងប្រវត្តិសាស្ត្រខ្មែរ៖ «ដូចរឿងអប្សរា គឺលោកចង់លើកអំពីល្ខោនព្រះរាជទ្រព្យ លោកចង់លើកអំពីស្នាព្រះហស្តព្រះមាតារបស់លោក សម្ដេចព្រះមហាក្សត្រិយានី ព្រះកុសុមៈ ដោយសារព្រះមហាក្សត្រិយានីហ្នឹងហើយ ដែលកសាងល្ខោនហ្លួងសាជាថ្មី ក្រោយជំនាន់លោកហ្នឹង។ មានកុនមួយទៀត គឺឆាយាលើអង្គរ។ ឆាយាលើអង្គរ គឺលោកសព្វព្រះរាជហឫទ័យយកប្រវត្តិខ្មែរ មកបកស្រាយ ប្រវត្តិខ្មែរហ្នឹង ដាប ឈួន ចង់ធ្វើរដ្ឋប្រហារទម្លាក់លោក។ មានកុលាបបូកគោ កុលាបបូកគោ គឺជាកុនប្រវត្តិសាស្ត្រមួយដែរ ដែលលោករំលឹកអាណានិគមជប៉ុន ពីឆ្នាំ១៩៤៥ ក្នុងព្រះរាជាណាចក្រកម្ពុជា។ ដូច្នេះ កុនមួយៗសុទ្ធតែមានអត្ថន័យ មានខ្លឹមសារផ្សេងៗគ្នាទាំងអស់»។
សៀវភៅចងក្រងអំពីសមិទ្ធផលសង្គមរាស្ត្រនិយម ដោយព្រះបរមរាជវាំង មានចំណងជើងថា "អនុស្សាវរីយ៍ដោយរូបភាពនៃកម្ពុជា សង្គមរាស្ត្រនិយម ឆ្នាំ១៩៥៥-១៩៦៩ មានកម្រាស់ ៣៣៥ទំព័រ បានចងក្រងឯកសារជារូបភាពអំពីស្នាព្រះហស្តសម្ដេចឪ ផ្នែកសមិទ្ធផល និងសំណង់រដ្ឋ មានដូចជា វិមានឯករាជ្យ វិមានរដ្ឋចម្ការមន ពហុកីឡាដ្ឋានជាតិ អគារទីស្ដីការគណៈរដ្ឋមន្ត្រី សាលសន្និសីទចតុមុខ ស្ថានីយទូរទស្សន៍ខ្មែរ និងសំណង់អាកាសយានដ្ឋាននៅតាមខេត្តមួយចំនួនទៀត។ ក្រៅពីនេះ មានសមិទ្ធផលគមនាគមន៍ ដូចជាកំពង់ផែសមុទ្រខេត្តព្រះសីហនុ ស្ពាន សង្គមរាស្ត្រនិយម ដែលបច្ចុប្បន្នគេនិយមហៅថា ស្ពានជ្រោយចង្វា និងផ្លូវជាតិទាំងអស់ លើកលែងតែផ្លូវជាតិលេខ៤ ដែលសាងសង់ដោយប្រាក់ជំនួយសហរដ្ឋអាមេរិក។
«ចម្រៀង»
ចំណែកវិស័យពាណិជ្ជកម្ម ក៏បានរីកចម្រើនដែរ ក្នុងនោះក៏មានក្រុមហ៊ុនរដ្ឋរបស់សេដ្ឋកិច្ចចម្រុះ និងឯកជនជាច្រើន ដូចជា ក្រុមហ៊ុនជាតិធ្វើស្ករស នៅកំពង់ត្រាំ ខេត្តកំពង់ស្ពឺ ផលិតបានស្ករស ១ម៉ឺន ៣ពាន់តោនក្នុងមួយឆ្នាំៗ។ រោងចក្រស្ករស សាមគ្គី នៅកពង់គោល ខេត្តបាត់ដំបង ផលិតស្ករដើមបាន ១០តោនក្នុងមួយថ្ងៃ។ ក្រុមហ៊ុនស៊ីម៉ងត៍នៅចក្រីទីងខេត្តកំពត ផលិតស៊ីម៉ងត៍បាន ៥ម៉ឺនតោនប្រចាំឆ្នាំ។ ក្រុមហ៊ុនជាតិជីហ្វូសស្វាត នៅទូកមាស ដែលកាលជំនាន់សង្គមរាស្ត្រនិយម ស្ថិតក្នុងភូមិសាស្ត្រខេត្តតាកែវ ផលិតជីបាន ១ម៉ឺន ២ពាន់តោនក្នុង១ឆ្នាំ។ ក្រៅពីនេះ រោងចក្រផលិតស្រាបៀនៅខេត្តព្រះសីហនុ រោងចក្រត្រីខកំប៉ុង នៅខេត្តកោះកុង រោងចក្រធ្វើកែវនៅជាយរាជធានីភ្នំពេញ រោងចក្រកៅស៊ូកង់ឡាន នៅក្រុងតាខ្មៅ ខេត្តកណ្ដាល។ រោងចក្រកៅស៊ូក្រែប នៅកំពង់ចាម ក្រុមហ៊ុនតម្បាញជាតិ ផលិតសរសៃអំបោះបាន ១.៣០០តោន និងផលិតក្រណាត់បាន ៩លាន ៥សែនម៉ែត្រប្រចាំឆ្នាំ។ បន្ថែមលើនេះ មានរោងចក្រតម្បាញក្រចៅ នៅខេត្តបាត់ដំបង អាចផលិតបានក្រចៅបានជាង ៥លានបាវប្រចាំឆ្នាំ។ ក្រៅពីនេះ នៅមានសមិទ្ធផលជាច្រើនទៀត ដូចជា គម្រោងធារាសាស្ត្រ អគ្គិសនី បង្កើតសហករណ៍សហគមន៍ជួយជនក្រីក្រជាដើម។
«ចម្រៀង»
នៅក្នុងរបបនយោបាយសង្គមរាស្ត្រនិយម មានរយៈពេលជាង ១០ឆ្នាំ។ ប្រជាពលរដ្ឋខ្មែរស្ទើរគ្រប់រូប ហាក់រស់នៅលង់លក់ក្នុងសន្តិភាពនៃរបបនេះ។ ក៏ប៉ុន្តែ មិនយូរប៉ុន្មាន សេដ្ឋកិច្ចជាតិក៏ចាប់ផ្ដើមដាំក្បាលចុះ សង្គ្រាមក៏ចាប់ផ្ដើមផ្ទុះឡើងនៅព្រំដែនខាងកើតជាប់វៀតណាម។ បន្ទាប់មក នៅឆ្នាំ១៩៧០ សម្ដេចឪត្រូវលោកសេនាប្រមុខ លន់ នល់ ធ្វើរដ្ឋប្រហារទម្លាក់ចេញពីអំណាច ដោយចោទថា លក់ដីឲ្យទ័ពយៀកកុង បោះទីតាំងទ័ពលើទឹកដីខ្មែរ វាយប្រហារទ័ពអាមេរិក នៅវៀតណាមខាងត្បូង។
ក្រុមអ្នកវិភាគនយោបាយឯករាជ្យក្នុងស្រុក បញ្ជាក់ថា រឿងនយោបាយស្រុកទេសបត់បែន ១៩០អង្សា ដូច្នេះ គឺដោយសារព្រះប្រមុខរដ្ឋដែលប្រកាន់ជំហរឯករាជ្យ បែរជាមិនឯករាជ្យវិញ នៅពេលក្រោយមក។
លោកបណ្ឌិត សុខ ទូច បញ្ជាក់ថា កាលដែលការកសាងសមិទ្ធផលបានល្អក្នុងសម័យសង្គមរាស្ត្រនិយម គឺដោយសារជំនួយប្រទេសអឺរ៉ុប ផ្ដល់ឲ្យកម្ពុជា ដើម្បីកុំឲ្យកម្ពុជា ចូលប្លុកកុម្មុយនិស្ត នៅពេលឥទ្ធិពលកុម្មុយនិស្តកំពុងរាលដាលនៅជ្រោយឥណ្ឌូចិន។
ក៏ប៉ុន្តែ ព្រះអង្គម្ចាស់ ធម្មិកោ មានបន្ទូលជំទាស់ថា ការកសាងសមិទ្ធផលសម័យសង្គមរាស្ត្រនិយម គឺធ្វើឡើងដោយថវិកាជាតិសុទ្ធសាធ។
ទោះហេតុផលណាក៏ដោយ ក៏មនុស្សចាប់ពីវ័យ ៥០ឆ្នាំឡើងទៅ នៅតែចងចាំអំពីភាពថ្កុំថ្កើងរុងរឿងនៃសង្គមជាតិ ក្នុងសម័យសង្គមរាស្ត្រនិយម នៅតែកោតសរសើរសមិទ្ធផលសង្គមរាស្ត្រនិយម ដែលសម័យនោះប្រទេសភាគច្រើននៅក្នុងតំបន់មិនអាចធ្វើបាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
