ព្រះមហាក្សត្រ​និង​សម្ដេច​ម៉ែ​យាង​មក​ពី​ប្រទេស​ចិន​វិញ​ល្ងាច​នេះ

មន្ត្រី​ខុទ្ទកាល័យ​ព្រះបរមរាជវាំង លោក អ៊ុំ ដារាវុធ ឲ្យ​ដឹង​ថា ព្រះមហាក្សត្រ​ព្រះ​បរមនាថ នរោត្តម សីហមុនី និង​​សម្ដេច​ព្រះ​មហាក្សត្រី នរោត្តម មុនីនាថ សីហនុ នឹង​យាង​​និវត្តន៍​ពី​ប្រទេស​ចិន មក​កាន់​ប្រទេស​កម្ពុជា​វិញ នៅ​ល្ងាច​​ថ្ងៃ​ទី​២៥ ខែ​មីនា តាម​ជើង​យន្តហោះ​ពិសេស។

ការ​យាង​និវត្តន៍​​នេះ នឹង​មាន​ថ្នាក់​ដឹកនាំ​កំពូលៗ​ច្រើន​រូប​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​​ អញ្ជើញ​​​ទទួល​ព្រះអង្គ​​ផង។ ប៉ុន្តែ​លោក​មិន​ដឹង​ថា នឹង​មាន​មេដឹកនាំ​គណបក្ស​ប្រឆាំង​បង្ហាញ​វត្តមាន​ចំពោះ​ការ​យាង​និវត្តន៍​របស់​ព្រះមហាក្សត្រ ឬ​បែប​ណា​នោះ​ទេ៖ «តាម​ខ្ញុំ​ដឹង គឺ​មាន​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល រដ្ឋ​សភា ព្រឹទ្ធ​សភា សុទ្ធតែ​ជា​ថ្នាក់ដឹកនាំ​ធំៗ គឺ​មិន​មាន​ថ្នាក់​រដ្ឋមន្ត្រី​ទេ អញ្ជើញ​ទៅ​ទទួល​ព្រះអង្គ គឺ​ចាប់​ពី​ថ្នាក់​ឧបនាយករដ្ឋមន្ត្រី​ឡើង​ទៅ។ អាស៊ីសេរី​ទៅ​អង្កេត​ទៅ​មើល អាច​មាន​ខាង​គណបក្ស​សង្គ្រោះ​ជាតិ​ទៅ​ទេ? ខ្ញុំ​ក៏​ចង់​ដឹង​ដែរ ពីព្រោះ​ខ្ញុំ​អត់​បាន​ទៅ​ដង្ហែ​លោក​ទេ គឺ​រង់ចាំ​ដង្ហែ​លោក​នៅ​ព្រះបរមរាជវាំង»

លោក កឹម សុខា អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ មាន​ប្រសាសន៍​នៅ​ថ្ងៃ​អង្គារ ទី​២៥ ខែ​មីនា ថា មិន​បាន​ដឹង​ព័ត៌មាន​នៃ​ការ​​យាង​និវត្តន៍​របស់​ព្រះមហាក្សត្រ និង​ព្រះ​មហាក្សត្រី​យាង​និវត្តន៍​ពី​ប្រទេស​ចិន នេះ​ទេ ព្រោះ​មិន​មាន​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ ឬ​មន្ត្រី​ខុទ្ទកាល័យ​ព្រះ​បរម​រាជវាំង​ផ្ដល់​ដំណឹង​នេះ​ទេ។ លោក​ថា រូបលោក​នឹង​ថ្នាក់ដឹកនាំ​បក្ស​សង្គ្រោះ​ជាតិ ផ្សេង​ទៀត មាន​បំណង​ទៅ​ទទួល​ការ​យាង​និវត្តន៍​របស់​ព្រះ​មហាក្សត្រ​ទាំង​ទ្វេ​ដែរ ប៉ុន្តែ​ព្រួយ​បារម្ភ​កើត​មាន​បញ្ហា ដោយសារ​ស្ថាប័ន​ពាក់ព័ន្ធ​មិន​ជូន​ដំណឹង។

ព្រះមហាក្សត្រ សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី និង​សម្ដេច​ព្រះ​មហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះអង្គ​បាន​យាង​ទៅ​កាន់​សាធារណរដ្ឋ​ប្រជាមានិត​ចិន កាល​ពី​ថ្ងៃ​ទី​១៩ ខែ​កុម្ភៈ ឆ្នាំ​២០១៤ ដើម្បី​ឲ្យ​គ្រូ​ពេទ្យ​ពិនិត្យ​ព្រះ​រាជ​សុខភាព​ជា​រៀង​រាល់ ៦​ខែ​ម្ដង ទៅ​តាម​វេជ្ជបញ្ជា​របស់​​វេជ្ជបណ្ឌិត​ប្រទេស​ចិន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅក្នុង​អត្ថបទ​នេះ​៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ៕