មន្ត្រី​វាំង៖ ព្រះមហាក្សត្រ​អាច​​យាង​ជា​សាក្សី​នៃ​ជំនួប​រវាង​បក្ស​ទាំង​ពីរ

0:00 / 0:00

មន្ត្រី​ខុទ្ទកាល័យ​ព្រះបរមរាជវាំង​បាន​អះអាង​ថា ព្រះករុណា​ព្រះមហាក្សត្រ​​ អាច​យាង​ធ្វើ​ជា​សាក្សី​ទៅ​លើ​លទ្ធផល​នៃ​ជំនួប​ចរចា​រវាង​​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បើ​សិន​ជា​មេដឹកនាំ​​គណបក្ស​​ណា​មួយ​មិន​ទុក​ចិត្ត​គ្នា។

​ប្រធាន​ខុទ្ទកាល័យ​ព្រះបរមរាជវាំង​ លោក អ៊ុំ តារាវុធ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ច័ន្ទ ទី​១៧ ខែ​កុម្ភៈ ថា ព្រះករុណា​​ព្រះបាទ​សម្ដេច​​​​ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះអង្គ​អាច​យាង​​​ជា​សាក្សី​​ទៅ​លើ​លទ្ធផល​នៃ​ជំនួប​ចរចា​រវាង​គណបក្ស​ទាំង​ពីរ​នៅ​ថ្ងៃ​អនាគត។

ទាក់ទិន​បញ្ហា​នេះ ក្រុម​ការងារ​ចរចា​បច្ចេកទេស​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​​ជាតិ បាន​កំណត់​​​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ នា​មន្ទីរ​ព្រឹទ្ធ​សភា ដើម្បី​ជួប​ចរចា​ជា​ថ្មី បន្ទាប់​ពី​បាន​ផ្អាក​កាល​​ពី​ដើម​ខែ​មករា។

ជំនួប​ចរចា​នេះ ក្រុម​ការងារ​របស់​គណបក្ស​នយោបាយ​នីមួយៗ មាន​សមាសភាព​ម្ខាង ៣​នាក់។ គណបក្ស​ប្រជាជន​កម្ពុជា ​ដឹកនាំ​ដោយ​លោក ព្រុំ សុខា រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​ លោក កើត រិទ្ធិ រដ្ឋលេខាធិ​ការ​ក្រសួង​យុត្តិ​​ធម៌ និង​លោក សក់ សេដ្ឋា រដ្ឋលេខាធិការ​​ក្រសួង​មហាផ្ទៃ។ ​​រីឯ​ក្រុម​ការងារ​គណបក្ស​សង្គ្រោះ​ជាតិ ដឹកនាំ​ដោយ​លោក សុន ឆ័យ ប្រធាន​ក្រុម​អ្នក​តំណាងរាស្ត្រ លោក គួយ ប៊ុនរឿន និង​លោក យ៉ែម បុញ្ញឫទ្ធិ។

​មន្ត្រី​គណបក្ស​នយោបាយ​ទាំង​ពីរ​បាន​ឲ្យ​ដឹង​ថា ជំនួប​ចរចា​ជា​ថ្មី​នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ គ្រាន់តែ​ជា​ជំនួប​បច្ចេកទេស​ដើម្បី​អនុវត្ត​​កិច្ច​ព្រមព្រៀង​ចាស់​ដែល​គណបក្ស​ទាំង​ពីរ​បាន​ឯកភាព​គ្នា​លើ​ការ​កែ​ទម្រង់​ការ​បោះ​ឆ្នោត កាល​ពី​​ខែ​កញ្ញា ឆ្នាំ​២០១៣ កន្លង​ទៅ។

លោក ព្រុំ សុខា ប្រធាន​ក្រុម​ការងារ​ចរចា​ផ្នែក​បច្ចេកទេស និង​ជា​សមាជិក​គណៈកម្មាធិការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា។ លោក​ធ្លាប់​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ជំនួប​ចរចា​ជា​ថ្មី​នេះ គណបក្ស​ប្រជាជន​មាន​ចេតនា​​ពិត​ប្រាកដ​ក្នុង​ការ​ស្វែង​រក​ដំណោះ​ស្រាយ​ឈាន​ដល់​បញ្ចប់​បញ្ហា​នយោបាយ​នៅ​កម្ពុជា។ ហើយ​ថា បក្ស​ខ្លួន​មាន​បំណង​ពិត​ប្រាកដ​ក្នុង​ការ​ធ្វើ​កំណែ​​ទម្រង់​ការ​បោះ​ឆ្នោត ដើម្បី​ឲ្យ​​គ្រប់​​ភាគី​ពាក់​ព័ន្ធ​អាច​ទទួល​យក​​បាន។

សម្រាប់​លោក កឹម សុខា អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​សាទរ​​ព្រះមហាក្សត្រ​​យាង​ជា​​ជា​សាក្សី​ទៅ​លើ​លទ្ធផល​នៃ​ជំនួប​ចរចា ដើម្បី​បញ្ចប់​វិវាទ​នយោបាយ​នៅ​កម្ពុជា។ ប៉ុន្តែ​លោក​ថា ជំនួប​នៅ​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ គ្រាន់​តែ​ជា​ជំនួប​រវាង​ក្រុម​ការងារ​បច្ចេកទេស​ដើម្បី​ពិនិត្យ​ទៅ​លើ​កិច្ច​ព្រម​​ព្រៀង​ចាស់​រវាង​គណបក្ស​ទាំង​ពីរ ស្ដីពី​ការ​ធ្វើ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត មុន​នឹង​ឈាន​ទៅ​ដល់​ជំនួប​កំពូល។

​​​លោក​បណ្ឌិត ហង្ស ពុទ្ធា ជា​នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​អព្យាក្រឹត ដើម្បី​​ការ​បោះ​ឆ្នោត​ដោយ​ត្រឹម​​ត្រូវ និង​យុត្តិ​​ធម៌​នៅ​កម្ពុជា ​ហៅ​កាត់​ថា និកហ្វិច (Nicfec)។ លោក​បាន​ស្នើ​ដល់​មេដឹកនាំ​គណបក្ស​ឈ្នះ​​អាសនៈ​សភា​នីតិកាល​ទី​៥ ទាំង​ពីរ ត្រូវ​រួម​គ្នា​ដោះស្រាយ​បញ្ហា​ក្រោយ​ការ​បោះ​ឆ្នោត​ដោយ​តម្កល់​ផល​ប្រយោជន៍​ជាតិ​និង​ពលរដ្ឋ​ជា​ធំ ព្រោះ​ថា កម្ពុជា​មិន​មែន​ជា​កម្មសិទ្ធិ​របស់​បុគ្គល ឬ​គណបក្ស​នយោបាយ​ណា​មួយ​ទេ។

ការ​បោះឆ្នោត​នីតិកាល​ទី​៥ បាន​ចាប់​ផ្ដើម​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០១៣។ ការ​បោះ​ឆ្នោត​នេះ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប.) បាន​បង្ហាញ​ថា គណបក្ស​ប្រជាជន​កម្ពុជា ឈ្នះ​បាន​អាសនៈ​​​​សភា​ចំនួន ៦៨ ចំណែក​គណបក្ស​សង្គ្រោះ​ជាតិ​ទទួល​បាន ៥៥​អាសនៈ។ ប៉ុន្តែ​គណបក្ស​សង្គ្រោះ​ជាតិ មិន​​ព្រម​​ទទួល​​​​យក​លទ្ធផល​នេះ​ទេ ដោយ​ចោទ​ថា មាន​ការ​បន្លំ​សន្លឹក​ឆ្នោត និង​បន្ត​តវ៉ា​ទាម​ទារ​រក​យុត្តិធម៌​លើ​លទ្ធផល​​បោះ​ឆ្នោត ឬ​សុំ​ឲ្យ​បោះ​ឆ្នោត​ឡើង​វិញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។