គណៈរដ្ឋមន្ត្រី​ចេញ​ផ្សាយ​ព្រះរាជក្រឹត្យ​តែងតាំង​នាយករដ្ឋមន្ត្រី​មុន​សភា​បោះ​ឆ្នោត

ទីស្ដីការ​គណៈរដ្ឋមន្ត្រី នៅ​ថ្ងៃ​ច័ន្ទ ទី​២៣ កញ្ញា បាន​ចេញ​ផ្សាយ​ព្រះរាជក្រឹត្យ​របស់​ព្រះករុណា ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ដែល​ប្រកាស​តែងតាំង​លោក ហ៊ុន សែន ធ្វើ​ជា​នាយករដ្ឋមន្ត្រី​បន្ត​ទៀត​សម្រាប់​អាណត្តិ​ថ្មី ក្រោយ​ពី​សភា​បើក​សម័យ​ប្រជុំ​លើក​ដំបូង​របស់​ខ្លួន​ដោយ​ពុំ​មាន​វត្តមាន​តំណាងរាស្ត្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ។

0:00 / 0:00

មន្ត្រី​បក្ស​ប្រឆាំង​ និង​អ្នក​ច្បាប់​មួយ​ចំនួន​បារម្ភ​ខ្លាច​ព្រះរាជក្រឹត្យ​នោះ​ក្លែងក្លាយ ប៉ុន្តែ​បើ​ពិត​ដូច​ការ​ផ្សព្វផ្សាយ​មែន​នោះ ពួក​គាត់​អះអាង​ថា ការ​ចេញ​ព្រះរាជក្រឹត្យ​តែងតាំង​នាយករដ្ឋមន្ត្រី​នៅ​ពេល​នេះ គឺ​ធ្វើ​ឡើង​ខុស​នីតិវិធី​ក្នុង​ដំណើរ​ការ​បង្កើត​រដ្ឋាភិបាល​ក្រោយ​ការ​បោះ​ឆ្នោត។

គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​សិក្សា​លើ​ព្រះរាជក្រឹត្យ​ដែល​តែងតាំង​នាយករដ្ឋមន្ត្រី​ថ្មី​នៅ​មុន​សភា​បើក​សម័យ​ប្រជុំ​បោះ​ឆ្នោត​ជ្រើសតាំង​នាយករដ្ឋមន្ត្រី​ជា​ផ្លូវ​ការ​នោះ។

ចំណុច​មួយ​ក្នុង​ព្រះរាជក្រឹត្យ​បង្ហាញ​ថា បាន​ទ្រង់​យល់​សំណើ​របស់​គណបក្ស​ប្រជាជន​កម្ពុជា លេខ ៨៨៤​លគ.គក ចុះ​ថ្ងៃ​ទី​២៣ ខែ​កញ្ញា ឆ្នាំ​២០១៣។ បាន​ទ្រង់​យល់​សេចក្ដី​ក្រាប​បង្ខំ​ទូល​ថ្វាយ​របស់​លោក ហេង សំរិន ព្រឹទ្ធ​សមាជិក​រដ្ឋ​សភា​នីតិកាល​ទី​៥។

ព្រះរាជក្រឹត្យ​បាន​ត្រាស់បង្គាប់​ចាត់​តាំង​លោក ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី ហើយ​មាន​ភារកិច្ច​រៀបចំ​ប្រជុំ​សមាសភាព​រាជ​រដ្ឋាភិបាល ដើម្បី​សុំ​សេចក្ដី​អនុមតិ​ទុក​ចិត្ត​ពី​រដ្ឋ​សភា។

ព្រះរាជក្រឹត្យ​នេះ​ធ្វើ​នៅ​ព្រះបរមរាជវាំង ថ្ងៃ​ទី​២៣ កញ្ញា ហើយ​ផ្សព្វផ្សាយ​ដោយ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ដោយ​ពុំ​មាន​ព្រះហស្ថលេខា និង​ព្រះរាជលញ្ជករ ឬ​ត្រា​នោះ​ទេ ប៉ុន្តែ​ផ្នែក​ខាង​ក្រោម​មាន​បោះ​ត្រា​របស់​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ដោយ​សរសេរ​បញ្ជាក់​ថា ជា​សំណៅ​ដែល​មាន​តម្លៃ​ជា​ការ​ចែក​ផ្សាយ​របស់​អគ្គលេខាធិការ​រង​នៃ​រាជ​រដ្ឋាភិបាល និង​ចុះ​ហត្ថលេខា​ដោយ​ឈ្មោះ សយ សុខា។

មន្ត្រី​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ មាន​ប្រសាសន៍​ថា បើ​ព្រះរាជក្រឹត្យ​តែងតាំង​ដូច្នេះ​មែន គឺ​ជា​រឿង​ខុស​ច្បាប់ ប៉ុន្តែ​គណបក្ស​កំពុង​សិក្សា​អំពី​រឿង​នេះ៖ «បើ​សិន​ជា​ព្រះរាជសារ​ពិត​ប្រាកដ​អា​ហ្នឹង​ខុស​នឹង​រដ្ឋធម្មនុញ្ញ ក៏​ប៉ុន្តែ​ត្រូវ​តែ​តាម​ដាន​ឲ្យ​បាន​ដិតដល់​សិន ព្រោះ​យើង​មិន​អាច​ដឹង​បាន​ថា ព្រះរាជសារ​នោះ​ពិត​ប្រាកដ ឬ​មិន​ពិត​ប្រាកដ​ទេ។ តាម​ធម្មតា​តែងតាំង​នាយករដ្ឋមន្ត្រី​មិន​ទាន់​តែងតាំង​ទេ គឺ​ត្រូវ​ស្នើ​បេក្ខជន​នាយករដ្ឋមន្ត្រី​ដោយ​ប្រធាន​សភា អនុ​ប្រធាន​ទី​មួយ អនុ​ប្រធាន​ទី​២ ប៉ុន្តែ​ឥឡូវ​យើង​មិន​ទាន់​មាន​ប្រធាន​សភា អនុ​ប្រធាន​ទី​១ អនុ​ប្រធាន​ទី​២​ផង ធ្វើ​ម៉េច​យើង​ស្នើ​បេក្ខភាព​នាយករដ្ឋមន្ត្រី​បាន»

រដ្ឋលេខាធិការ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី និង​ជា​អ្នក​នាំ​ពាក្យ លោក ផៃ ស៊ីផាន បញ្ជាក់​ថា ព្រះរាជក្រឹត្យ​ពិត​ប្រាកដ ហើយ​ថា​ការ​តែងតាំង​នៅ​ពេល​នេះ គឺ​ស្រប​តាម​នីតិវិធី៖ «ធម្មតា​ទេ​គណបក្ស​ប្រជាជន និង​គណបក្ស​ដទៃ​ទៀត តែង​តែ​តែង​តាំង​នាយករដ្ឋមន្ត្រី​ខ្លួន​ឯង ហើយ​គណបក្ស​សង្គ្រោះ​ជាតិ​គេ​តែងតាំង​លោក សម រង្ស៊ី ជា​នាយករដ្ឋមន្ត្រី ហើយ​គណបក្ស​ប្រជាជន​តែងតាំង​សម្តេច ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី ដូច្នេះ​ហើយ​គេ​ផ្ញើ​សេចក្ដី​ហ្នឹង​ទៅ គ.ជ.ប គ.ជ.ប គេ​រៀប​ថ្វាយ​ព្រះករុណា ដល់​ពេល​ព្រះករុណា​យាង​ជា​រាជា​ធិបតី​ភាព​ក្នុង​ពេល​ប្រជុំ​ហ្នឹង គឺ​ព្រះករុណា ​ព្រះអង្គ​មាន​បន្ទូល​តែងតាំង​តាម​អ្វី​ដែល​គណបក្ស​លោក​ស្នើ»

ស្រប​ពេល​ជាមួយ​គ្នា​នេះ នាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏​បាន​ថ្វាយ​សារ​ថ្លែង​អំណរគុណ​ដល់​ព្រះមហាក្សត្រ​ដែល​បាន​ប្រកាស​តែងតាំង​រូប​លោក​ឲ្យ​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​បន្ត​ទៀត សម្រាប់​អាណត្តិ​ថ្មី​នៅ​ថ្ងៃ​ទី​២៣ កញ្ញា នេះ​ដែរ។

ទោះយ៉ាងណា​អ្នក​វិភាគ​បញ្ហា​សង្គម និង​អ្នក​ច្បាប់​បាន​អះអាង​ថា បើ​សិន​ជា​ព្រះរាជក្រឹត្យ​នេះ​ពិត​ប្រាកដ​មែន គឺ​ជា​ការ​ដើរ​លឿន​ហួស​នីតិវិធី ឬ​ជា​ការ​រៀបចំ​ទុក​មុន ដែល​ផ្ទុយ​ពី​ច្បាប់​រដ្ឋធម្មនុញ្ញ។

លោក​បណ្ឌិត សុខ ទូច អ្នក​វិភាគ​ឯករាជ្យ​មាន​ប្រសាសន៍​ថា គឺ​មិន​ស្រប​តាម​ទម្រង់​ច្បាប់ និង​នីតិវិធី​នៃ​ការ​ប្រកាស​បេក្ខភាព​នាយករដ្ឋមន្ត្រី​ជា​ផ្លូវការ៖ «វា​អត់​អាច​កូន​កើត​មក​អត់​ទាន់​ដល់​ខែ​ដល់​ថ្ងៃ​នាំ​គ្នា​បង្កើត​ដាក់​ឈ្មោះ​អ៊ីចឹង អត់​ដែល​មាន​ទេ ខុស​ទាំង​ផ្លូវ​ច្បាប់ ខុស​ទាំង​រដ្ឋធម្មនុញ្ញ ខុស​ទាំង​រដ្ឋបាល។ ខុស​ធម្មនុញ្ញ​ព្រោះ​រាជា​អាស្រ័យ​ធម្មនុញ្ញ ព្រោះ​ធម្មនុញ្ញ​ចែង​ហើយ​គួរ​មាន​ស្នើ​សុំ​ពី​សភា ការ​បោះ​ឆ្នោត​សុំ​សេចក្ដី​ទុក​ចិត្ត​ពី​សភា ៥០​បូក​មួយ តម្លៃ​ដាច់​ខាត ចុះ​ឥឡូវ​មិន​ទាន់​បោះ​ឆ្នោត ៥០​បូក​មួយ រឿង​អី​ចេញ​មក អ៊ីចឹង​មិន​រដ្ឋ​ប្រហារ​រដ្ឋធម្មនុញ្ញ»

ចំណែក​បណ្ឌិត ហាង រិទ្ធី អ្នក​ឯកទេស​ច្បាប់​បាន​បញ្ជាក់​ដែរ​ថា ពុំ​មាន​ច្បាប់​ណា​ចែង​ពី​ការ​តែងតាំង​នាយករដ្ឋមន្រ្តី​ដោយ​មិន​មាន​ការ​ផ្គូផ្គង​តំណែង​គ្នា ហើយ​ត្រូវ​បាន​សុំ​សេចក្ដី​ទុក​ចិត្ត​ពី​រដ្ឋ​សភា​ជា​មុន​នោះ​ទេ៖ «អត់​មាន​មាត្រា​ណា​ចែង​អំពី​ការ​តែងតាំង​នាយករដ្ឋមន្ត្រី ដោយ​មិន​មាន​ការ​សុំ​សេចក្ដី​ទុក​ចិត្ត​ពី​សភា​នោះ​ទេ អត់​មាន​ទាល់តែ​សោះ សុំ​សេចក្ដី​ទុក​ចិត្ត​ពី​សភា​តាម​រយៈ​បោះ​ឆ្នោត​សម្ងាត់ ពី​មុន​សម្ងាត់ ឥឡូវ​គេ​ហៅ​ថា​កញ្ចប់»

តាម​គម្រោង​សមាជិក​សភា​ទាំង​អស់​នឹង​ចូល​រួម​បោះ​ឆ្នោត​កញ្ចប់​ជ្រើសតាំង​ថ្នាក់​ដឹកនាំ​រដ្ឋ​សភា និង​ជ្រើសតាំង​គណៈរដ្ឋមន្ត្រី​នៅ​ថ្ងៃ​ទី​២៤ ខែ​កញ្ញា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។