អ្នកវិភាគនយោបាយឯករាជ្យ និងមន្ត្រីសង្គមស៊ីវិលខ្លះបានបញ្ជាក់ថា លិខិតដាក់ជូនមេដឹកនាំគណបក្សប្រជាជនកម្ពុជា គណបក្សសង្គ្រោះជាតិ និងដាក់ថ្វាយព្រះមហាក្សត្រ កាលពីសប្ដាហ៍មុន ដើម្បីស្នើយាងព្រះអង្គធ្វើជាអធិបតីរំលត់ភ្លើងនយោបាយកំពុងឆាបឆេះ មិនទាន់មានចម្លើយឆ្លើយតបទេមកដល់ថ្ងៃទី៩ ខែមករា។
លោកបណ្ឌិត សុខ ទូច អ្នកវិភាគស្ថានការណ៍នយោបាយឯករាជ្យ មានប្រសាសន៍ថា មានតែដំណោះស្រាយខាងនយោបាយទេទើបអាចស្វែងរកដំណោះស្រាយនយោបាយជាប់គាំងក្រោយការបោះឆ្នោតសភានីតិកាលទី៥ រវាងគណបក្សនយោបាយទាំងពីរបានឆាប់។
លោកផ្តល់វិភាគថា ចំពោះការដាក់សម្ពាធនយោបាយរវាងមេដឹកនាំគណបក្សទាំងពីរ ឲ្យគ្នាទៅវិញទៅមក គឺមិនអាចស្វែងរកដំណោះស្រាយនយោបាយជាប់គាំងកំពុងកើតមានក្នុងសង្គមកម្ពុជា បានទេ។ ហើយថា តួអង្គព្រះមហាក្សត្រ ព្រះអង្គមានព្រះរាជតួនាទីសំខាន់ក្នុងការផ្សះផ្សា ឬរំលត់ភ្លើងនយោបាយជាប់គាំងរបស់គណបក្សទាំងពីរ៖ «ដាក់សម្ពាធនយោបាយ គឺមិនអាចផ្សះផ្សាបានទេ។ ឧទាហរណ៍ចំណុចពីរ ទី១ គឺឲ្យសាលាដំបូងកោះហៅមេដឹកនាំគណបក្សប្រឆាំងទាំងពីរ ប្រធាន និងអនុប្រធាន ឲ្យចូលខ្លួនទៅបំភ្លឺ។ ទី២ គណបក្សប្រឆាំងបានរៀបចំពាក្យបណ្ដឹងទៅតុលាការ អាយ.ស៊ី.ស៊ី (ICC)។ ទាំងអស់នេះមិនមែនជាដំណោះស្រាយទេ។ ហើយយើងចង់ឲ្យអ្នកនយោបាយបញ្ចប់រឿងអរិយភាពជាមួយគ្នា ហើយឈានទៅរកដោះស្រាយដោយតុចរចា»។
កាលពីថ្ងៃទី៣ ខែមករា លោកបណ្ឌិត សុខ ទូច លោកបណ្ឌិត ឡៅ ម៉ុងហៃ និងលោកបណ្ឌិត កែម ឡី បានដាក់លិខិតមួយច្បាប់ថ្វាយយាងព្រះមហាក្សត្រ ឲ្យព្រះអង្គធ្វើជាអធិបតី ឬអាជ្ញាកណ្ដាល ដើម្បីពន្លត់ភ្លើងនយោបាយក្រោយការបោះឆ្នោត ព្រោះការអូសបន្លាយវិវាទនយោបាយនេះ នាំឲ្យកើតមានអំពើហិង្សាឈានដល់បាត់បង់អាយុជីវិតប្រជាពលរដ្ឋជាច្រើននាក់។
ស្រដៀងគ្នាដែរ លោក កែម ឡី អ្នកឃ្លាំមើលការអភិវឌ្ឍសង្គម និងជាអ្នកវិភាគឯករាជ្យ យល់ថា មេដឹកនាំគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ គួរបង្កើតឲ្យមានកិច្ចព្រមព្រៀងជាកញ្ចប់ជាមួយគ្នាមួយ។ កិច្ចព្រមព្រៀងជាកញ្ចប់ដែល លោក កែម ឡី លើកឡើង គឺទាមទារឲ្យគណបក្សទាំងពីរព្រមព្រៀងគ្នាចូលប្រជុំសភា ដើម្បីបំពេញសុពលភាពសភា ឬរាជរដ្ឋាភិបាល និងព្រមព្រៀងគ្នាពិនិត្យ និងកែច្បាប់រដ្ឋធម្មនុញ្ញ ដើម្បីអនុញ្ញាតឲ្យមានការបោះឆ្នោតមុនអាណត្តិ នៅឆ្នាំ២០១៥ ឬ ២០១៦ ជាការប្រសើរបំផុត។
អ្នកវិភាគរូបនេះចាត់ទុកថា ការធ្វើសម្បទានឲ្យគ្នាទៅវិញទៅមករវាងមេដឹកនាំគណបក្សទាំងពីរ ទើបអាចរកច្រកបញ្ចប់ជម្លោះនយោបាយក្រោយការបោះឆ្នោតនីតិកាលទី៥នេះបាន។
ទាក់ទិនបញ្ហានេះ តំណាងអង្គការសង្គមស៊ីវិលចំនួន ១៣ស្ថាប័នផ្សេងទៀត ក៏បានថ្វាយលិខិតទៅព្រះមហាក្សត្រ ព្រះបរមនាថ នរោត្តម សីហមុនី ដើម្បីសុំព្រះរាជអន្តរាគមន៍ទៅរដ្ឋាភិបាលឱ្យបញ្ឈប់អំពើហិង្សាលើប្រជាពលរដ្ឋស្លូតត្រង់។ លិខិតថ្វាយព្រះមហាក្សត្រមានចុះហត្ថលេខាប្រធានអង្គការមួយចំនួន បង្ហាញថា ព្រឹត្តិការណ៍ហិង្សារវាងកម្មករកម្មការិនី និងកងកម្លាំងប្រដាប់អាវុធរបស់រដ្ឋាភិបាលចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែមករា បណ្ដាលឲ្យមានមនុស្សស្លាប់យ៉ាងតិច ៤នាក់ រងរបួសប្រមាណ ៤០នាក់ និងត្រូវចាប់ខ្លួនមួយចំនួនទៀត។ លិខិតដដែលសរសេរថា នៅចំពោះមុខព្រឹត្តិការណ៍ដ៏រន្ធត់នេះ ប្រទេសជាតិយើងត្រូវការជាបន្ទាន់នូវព្រះរាជអន្តរាគមន៍របស់ព្រះមហាក្សត្រ ដើម្បីផ្សះផ្សា និងឯកភាពជាតិ ដូចមានកំណត់ក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។
ទោះជាបែបណា មន្ត្រីគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ សុទ្ធតែបានអះអាងដូចៗគ្នាថា ជំនួបចរចារវាងមេដឹកនាំគណបក្សទាំងពីរ នឹងបន្តកើតមាននាថ្ងៃអនាគត។ ប៉ុន្តែ បានថ្លែងថា មិនទាន់បានកំណត់ពេលវេលាជួបចរចាជាថ្មីឲ្យពិតប្រាកដទេ។
លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ មានប្រសាសន៍នៅថ្ងៃទី៩ ខែមករា ថា ជំនួបចរចាណាមួយកើតឡើងរវាងមេដឹកនាំគណបក្សទាំងពីរ អាចដំណើរការទៅបាន ដរាបណាទាល់តែគណបក្សទាំងពីរមានលក្ខខណ្ឌព្រមព្រៀងគ្នាមួយចំនួនជាមុនសិន មានដូចជា ត្រូវដោះលែងប្រជាពលរដ្ឋដែលសមត្ថកិច្ចចាប់ខ្លួនដាក់ពន្ធនាគារ ឬបញ្ឈប់សកម្មភាពប្រើប្រាស់ប្រព័ន្ធតុលាការ ដើម្បីបំភិតបំភ័យ និងចាប់ប្រជាពលរដ្ឋដាក់ឃុំឃាំងជាដើម៖ «រៀបចំបរិយាកាសនយោបាយឲ្យមានសេរីភាពពេញលេញជូនប្រជាពលរដ្ឋវិញសិន ដូចជាការជួបជុំគ្នា ការធ្វើបាតុកម្ម ឬការសម្ដែងមតិផ្សេងៗ ត្រូវតែឋិតក្នុងភាពធម្មតាវិញសិន មិនឲ្យប្រើប្រាស់ប្រព័ន្ធតុលាការ ដើម្បីគំរាមកំហែងបំភិតបំភ័យទៅលើអ្នកដែលប្រឆាំងខ្លួន សុំបើកឲ្យមានការស៊ើបអង្កេតនូវការបាញ់ប្រហារកន្លងមកនេះ ដោយគណៈកម្មការឯករាជ្យមួយសិន ដើម្បីរកយុត្តិធម៌ និងត្រូវរៀបចំរបៀបវារៈឲ្យបានច្បាស់លាស់ ថាតើយើងជជែកគ្នារឿងអី»។
យ៉ាងណាក៏ដោយ គិតមកត្រឹមថ្ងៃព្រហស្បតិ៍ ទី៩ ខែមករា មិនទាន់មានការឆ្លើយតបបែបណាពីខុទ្ទកាល័យព្រះមហាក្សត្រ ឬក្រសួងព្រះបរមរាជវាំង ទៅលើសំណើយាងព្រះអង្គធ្វើជាអធិបតីដើម្បីផ្សះផ្សាជម្លោះនយោបាយរបស់អ្នកវិភាគឯករាជ្យ ឬមន្ត្រីសង្គមស៊ីវិលនៅឡើយទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
