មន្ត្រី​បក្ស​កាន់​អំណាច​ថា​ការ​លើកលែង​ទោស​ឲ្យ​លោក កឹម សុខា មិន​មាន​ការ​ដោះដូរ​អ្វី​ឡើយ

ដោយ យាង សុជាមេត្តា
2016-12-02
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា លើក​ដៃ​ស្វាគមន៍​​​សកម្មជន​របស់​លោក នា​ទីស្នាក់ការ​កណ្ដាល​ក្នុង​​សង្កាត់​ចាក់អង្រែលើ រាជធានី​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៩ កញ្ញា ឆ្នាំ​២០១៦។
ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា លើក​ដៃ​ស្វាគមន៍​​​សកម្មជន​របស់​លោក នា​ទីស្នាក់ការ​កណ្ដាល​ក្នុង​​សង្កាត់​ចាក់អង្រែលើ រាជធានី​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៩ កញ្ញា ឆ្នាំ​២០១៦។
RFA/Cheu Sideth

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា អះអាង​ថា ការ​សម្រេច​ចិត្ត​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើ​ព្រះមហាក្សត្រ​លើកលែង​ទោស​ឲ្យ​លោក កឹម សុខា ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ គឺ​មិន​មាន​ការ​ដោះដូរ​អ្វី​ឡើយ។ ចំណែក​បក្ស​ប្រឆាំង​ចាត់​ទុក​ការ​លើកលែង​ទោស​នេះ​ថា ជា​ដំណោះស្រាយ​នយោបាយ​រវាង​ខ្មែរ​និង​ខ្មែរ។

លោក កឹម សុខា ដែល​ត្រូវ​បាន​តុលាការ​កាត់​ទោស​ឲ្យ​ពន្ធនាគារ​ចំនួន ៥​ខែ ពាក់ព័ន្ធ​នឹង​ការ​មិន​ចូល​ខ្លួន​តាម​ការ​កោះ​ហៅ​របស់​តុលាការ ពេល​នេះ​លោក​នឹង​មាន​សេរីភាព​វិញ​ហើយ ក្រោយ​មាន​ការ​លើក​លែង​ទោស​ពី​ព្រះមហាក្សត្រ នៅ​ថ្ងៃ​ទី​២ ខែ​ធ្នូ។

ភ្លាមៗ​ក្រោយ​ពី​មាន​ការ​លើកលែងទោស លោក កឹម សុខា បាន​ផ្ញើ​លិខិត​អរគុណ​លោក ហ៊ុន សែន ដែល​បាន​ស្នើ​សុំ​ព្រះមហាក្សត្រ​លើកលែងទោស​ឲ្យ​លោក។ លោក កឹម សុខា បញ្ជាក់​ក្នុង​លិខិត​ថា ការ​សម្រេច​ដោយ​ពិចារណា​ដ៏​ត្រឹមត្រូវ​របស់​លោក ហ៊ុន សែន គឺ​ជា​ការ​បង្ហាញ​ឲ្យ​ប្រជាជាតិ​ឃើញ​ថា ខ្មែរ​ចេះ​ដោះស្រាយ​បញ្ហា​ជាតិ​ដោយ​ខ្មែរ និង​ខ្មែរ ព្រមទាំង​បង្ហាញ​ឲ្យ​ពិភពលោក​មើល​ឃើញ​ថា អ្នក​នយោបាយ​ខ្មែរ​មាន​ការ​អធ្យាស្រ័យ អត់ឱន​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក ស័ក្ដិសម​ជា​ប្រជាជាតិ​មាន​អារ្យធម៌​ខ្ពស់ និង​ជា​អ្នក​កាន់​ព្រះពុទ្ធ​សាសនា។

មុន​ឈាន​ដល់​ការ​លើកលែង​ទោស​នៅ​ថ្ងៃ​ទី​២ ខែ​ធ្នូ លោក កឹម សុខា កាល​ពី​ថ្ងៃ​ទី​១ ខែ​ធ្នូ ស្នើ​ឲ្យ​លោក ហ៊ុន សែន ស្នើ​សុំ​ទៅ​ព្រះមហាក្សត្រ​លើកលែងទោស​ឲ្យ​លោក។ លោក ហ៊ុន សែន បាន​ថ្វាយ​លិខិត​ស្នើ​សុំ​ទៅ​កាន់​ព្រះមហាក្សត្រ​នៅ​ថ្ងៃ​ទី​​២ ខែ​ធ្នូ ហើយ​ព្រះមហាក្សត្រ​ចេញ​ព្រះរាជក្រឹត្យ​លើកលែងទោស​ឲ្យ​លោក កឹម សុខា ក្នុង​ថ្ងៃ​តែមួយ។

ការ​លើកលែង​ទោស​ឲ្យ​លោក កឹម សុខា ធ្វើ​ឡើង​ក្រោយ​ពី​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បង្ហាញ​ជំហរ​គាំទ្រ​ចំពោះ​លោក ហ៊ុន សែន ដែល​បាន​ឯកភាព​ជាមួយ​វៀតណាម ក្នុង​ការ​ស្នើ​ឲ្យ​អ្នក​បច្ចេកទេស​បារាំង ជួយ​បំប្លែង​ផែនទី​បោន (Bonne) ដែល​កម្ពុជា មាន​បច្ចុប្បន្ន ទៅ​ជា​ផែនទី យូ.ធី.អឹម (UTM) ដើម្បី​ប្រើប្រាស់​បោះ​បង្គោល​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​ដែល​នៅ​សេសសល់។ ការ​បំប្លែង​ផែន​ទី​នេះ ក៏​បង្ក​ឲ្យ​មាន​ការ​ពិភាក្សា​ថា អាច​ឈាន​ដល់​ការ​កែប្រែ មាត្រា​២ នៃ​រដ្ឋធម្មនុញ្ញ​ដែល​ទាមទារ​ឲ្យ​មាន​ការ​ចូលរួម​របស់​បក្ស​ប្រឆាំង​នៅ​ពេល​ខាង​មុខ។

ក្នុង​ពេល​ជាមួយ​គ្នា​ការ​លើក​លែង​ទោស​នេះ ក៏​ស្រប​ពេល​មាន​ការ​ផ្សព្វផ្សាយ​ព្រោងព្រាត​នូវ​សារ​ឆ្លើយឆ្លង​ដែល​គេ​សង្ស័យ​ថា រវាង​លោក ហ៊ុន សែន និង​កូន​ប្រុស​លោក ហ៊ុន សែន  គឺ​លោក ហ៊ុន ម៉ានិត ជាមួយ​កញ្ញា ធី សុវណ្ណថា ពី​ផែនការ​ធ្វើ​បាប​លោក កឹម សុខា។

ទោះ​ជា​យ៉ាង​ណា​ក៏ដោយ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន អះអាង​ថា ការ​ស្នើ​របស់​លោក ហ៊ុន សែន សុំ​ព្រះមហាក្សត្រ​លើកលែងទោស​ឲ្យ​លោក កឹម សុខា នៅ​ពេល​នេះ គឺ​មាន​ការ​ដោះដូរ​អ្វី​ឡើយ។ លោក សុខ ឥសាន បញ្ជាក់​ថា ការ​ស្នើ​សុំ​នេះ គឺ​ដោយសារតែ​លោក កឹម សុខា បាន​ស្នើ​ទៅ​លោក ហ៊ុន សែន។ ម្យ៉ាង​ទៀត លោក​ថា ការ​លើក​លែង​ទោស​ឲ្យ​លោក កឹម សុខា នៅ​ចំ​ថ្ងៃ​ទី​២ ខែ​ធ្នូ គឺ​ជា​ការ​បង្កើត​នូវ​ប្រវត្តិសាស្ត្រ​ថ្មី​មួយ​ទៀត​របស់​បក្ស​កាន់​អំណាច។

លោក សុខ ឥសាន៖ «គាត់​សរសេរ​លិខិត​ទៅ​សម្ដេច​នាយក​ទទួល​ស្គាល់​ការពិត ម្យ៉ាង​វា​មិន​មែន​ជា​រឿង​ចៃដន្យ​ទេ ពីព្រោះ​ថ្ងៃ​នេះ​ជា​ថ្ងៃ​២ ធ្នូ ហើយ​ថ្ងៃ​២ ធ្នូ ជា​ថ្ងៃ​ប្រវត្តិសាស្ត្រ ជា​ថ្ងៃ​ប្រមូល​ផ្តុំ​កម្លាំង​មហា​សាមគ្គី​ជាតិ​ដើម្បី​ផ្ដួល​រំលំ​របប​ប្រល័យ​ពូជសាសន៍។ ទី​២ ដោយសារ​ថ្ងៃ​២ ធ្នូ នេះ​ហើយ យើង​មាន​កិច្ច​ចរចា សីហនុ-​ហ៊ុន សែន ដើម្បី​សម្រេច​បាន​ផ្លែផ្កា​នូវ​កិច្ច​ព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស ២៣ តុលា ឆ្នាំ​១៩៩១។ ឥឡូវ ២ ធ្នូ នេះ​ទៀត លើកលែងទោស​ឲ្យ​មេដឹកនាំ​បក្ស​ប្រឆាំង»

នៅ​ពេល​សួរ​ថា តើ​លោក ហ៊ុន សែន អាច​លើកលែង​ទោស​ឲ្យ​លោក សម រង្ស៊ី ឬ​ទេ បើ​លោក សម រង្ស៊ី សរសេរ​លិខិត​ទៅ​កាន់​លោក ហ៊ុន សែន ដូច​លោក កឹម សុខា នោះ?

លោក សុខ ឥសាន ថា វា​អាស្រ័យ​លើ​លោក ហ៊ុន សែន ប៉ុន្តែ​លោក​ហាក់​មិន​មាន​សង្ឃឹម​នោះ​ឡើយ ព្រោះ​លោក​ថា លោក ហ៊ុន សែន ធ្លាប់​ថ្លែង​ថា បើ​គាត់​ចុះហត្ថលេខា​សុំ​លើកលែងទោស​ឲ្យ​លោក សម រង្ស៊ី លោក ហ៊ុន សែន នឹង​កាត់​ដៃ​ខ្លួន​ឯង​ចោល។

នៅ​ពេល​សួរ​ពី​ជោគវាសនា​របស់​មន្ត្រី​បក្ស​ប្រឆាំង និង​អ្នក​ការពារ​សិទ្ធិមនុស្ស​ដែល​កំពុង​ជាប់​ឃុំ​វិញ លោក សុខ ឥសាន ឆ្លើយ​ថា គេ​ត្រូវ​ធ្វើ​តាម​នីតិវិធី។

​អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​រដ្ឋ​សភា លោក យ៉ែម បុញ្ញឫទ្ធិ មាន​ប្រសាសន៍​ថា បក្ស​ប្រឆាំង​ស្វាគមន៍​ចំពោះ​ការ​លើកលែង​ទោស​នេះ។ លោក​ថា នេះ​ជា​ដំណោះស្រាយ​នយោបាយ​រវាង​ខ្មែរ​និង​ខ្មែរ។

លោក យ៉ែម បុញ្ញឫទ្ធិ បញ្ជាក់​ថា ការ​ស្នើ​លោក ហ៊ុន សែន ឲ្យ​សុំ​ព្រះមហាក្សត្រ​លើកលែងទោស​ឲ្យ​លោក កឹម សុខា គឺ​ពុំ​មាន​ចង​លក្ខខណ្ឌ​អ្វី​ឡើយ៖ «គ្មាន​លក្ខខណ្ឌ គ្មាន​អ្វី​ទាំង​អស់ ដូច្នេះ​ជា​ដំណោះស្រាយ​នយោបាយ​មួយ​រវាង​ខ្មែរ និង​ខ្មែរ ហើយ​យើង​កំពុង​ទទួល​បាន​ទូរស័ព្ទ​ពី​ក្រុម​គ្រួសារ​សកម្មជន សង្គម​ស៊ីវិល គ.ជ.ប លោក​ចង់​ឲ្យ​ឯកឧត្ដម កឹម សុខា ព្យាយាម​រក​ដំណោះស្រាយ​តាម​រយៈ​ការ​ព្រះរាជទាន​លើកលែង​ទោស​របស់​ព្រះមហាក្សត្រ​ដែរ។ យើង​នឹង​ព្យាយាម​ខិតខំ យើង​មាន​ជំនឿ​ក្នុង​ដំណោះ​ស្រាយ​រវាង​ខ្មែរ​និង​ខ្មែរ​ក្នុង​បញ្ហា​នេះ»

​លោក កឹម សុខា បាន​ស្នាក់​នៅ​ក្នុង​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ តាំង​ពី​ខែ​ឧសភា ដើម្បី​គេច​ពី​ការ​ចាប់​ខ្លួន​របស់​សមត្ថកិច្ច។ លោក យ៉ែម បុញ្ញឫទ្ធិ ឲ្យ​ដឹង​ថា លោក កឹម សុខា នឹង​ទៅ​ស្នាក់​នៅ​ផ្ទះ​របស់​គាត់​វិញ​ក្នុង​ពេល​ឆាប់ៗ។ លោក​ក៏​គ្រោង​ចុះ​មូលដ្ឋាន និង​ចូលរួម​ប្រជុំ​សភា​ក្នុង​នាម​ជា​តំណាងរាស្ត្រ។

​បើ​ទោះ​ជា​ត្រូវ​លើកលែងទោស​នៅ​ពេល​នេះ​ក្ដី លោក កឹម សុខា មិន​ទាន់​រួច​ខ្លួន​ពី​បណ្ដឹង​ចោទ​ប្រកាន់​នៅ​តុលាការ​មួយ​ចំនួន​ទៀត​ក្នុង​សំណុំរឿង​ពាក់ព័ន្ធ​នឹង​ការ​បញ្ចេញ​ខ្សែអាត់​សំឡេង​ដែល​គេ​ថា ជា​ការ​ឆ្លើយឆ្លង​រវាង​លោក កឹម សុខា និង​អ្នកនាង ខុម ចាន់តារាទី ហៅ​ស្រីមុំ នោះ​ទេ។ ក្នុង​នោះ​គឺ​មាន​បណ្ដឹង​របស់​កញ្ញា ធី សុវណ្ណថា ដែល​ចោទ​លោក កឹម សុខា ពី​បទ​បរិហារកេរ្តិ៍  និង​បណ្ដឹង​របស់​នាង ខុម ចាន់តារាទី ហៅ​ស្រីមុំ ដែល​ប្ដឹង​ឲ្យ​តុលាការ​ផ្ដន្ទាទោស​លោក កឹម សុខា និង​ទាមទារ​សំណង​ជំងឺ​ចិត្ត​ពី​លោក កឹម សុខា ចំនួន ៣​សែន​ដុល្លារ​អាមេរិក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (8)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

ខ្មែរអ្នកស្នេហាជាតិនឹងតាមអង្កេតនិងសង្កេតតាមដានរឿងនេះព្រមទាំងគម្រោងនយោបាយជាតិនូវគ្រប់ដំណើរការណ៍
មិនប្រក្រតីទាំងអស់។ សម័យដុល្លារទិញក្បាល ពិបាកនឹងរកខ្មែរណាទប់ខ្លួនបានណាស់ បើលោកកឹម សុខាមិនចូលរួម
និងហាមមិនឱ្យអ្នកតំណាងរាស្រ្តបក្សចូលធ្វើវិសោធនកម្មកែមាត្រា២នៃរដ្ឋធម្មនុញ្ញតម្រូវតាមការចង់បានរបស់យួន ន៎ុះយើងនឹងជឿទុកចិត្តថាជាអ្នកស្នេហាជាតិគ្រប់លក្ខណសម្បត្តិ។ យួនខ្វះតែខ្នាតផែនទីចែងក្នុងមាត្រា២នេះទេ ដែលជាឆ្អឹងទទឹងបំពង់ក ក្នុងការលេបយកដីខ្មែរ។ ព្រោះបង្គោលបោះរួច គឺបោះតាមខ្នាត UTM ១/៥០.០០០ ជាផែនទិ
ប្រឌិតរបស់យួន ហើយកុំដេកយល់សប្ដ ថាយួនវាយកផែនទិបារាំងកែឱ្យនោះមកផ្ទៀងផ្ទាត់នឹងបង្គោលសព្វថ្ងៃឱ្យសោះ
ដើម្បីលេបយកស្រុកបាន យួនវាបាន និងកំពុងប្រើយុទ្ធសាស្រ្តមុខព្រួញចម្រុះទិស(?) តាមរបៀបថ្លែងសរ ហើយនៅស្រុកខ្មែរសព្វថ្ងៃ បើប្រៀបទៅនឹងរោគមហារិកវិញ គឺជ្រាបចូលដល់ខួរឆ្អឹងទៅហើយ.....មានតែមនុស្សក្បត់ជាតិទេ ដែលមើលឃើញហើយ បែរជាថ្វើមិដឹងទៅវិញនោះ។

Dec 03, 2016 04:35 AM

អ្នក​អាន​អនាមិក

well, well I think the pardon happen because ចលនា​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ អំពាវនាវ​ឱ្យ​អាជ្ញាធរ​អនុវត្ត​ច្បាប់​ឈរ​លើ​ស្តង់ដារ​តែមួយ ករណី​បែក​ធ្លាយ​កិច្ច​សន្ទនា​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) របស់​កូន​ប្រុស​លោក ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ានិត និង​អតីត​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​កញ្ញា ធី សុវណ្ណថា។

Dec 03, 2016 02:06 AM

អ្នក​អាន​អនាមិក

well, well first of all for my opinion CNRP should stay calm, don't say any things. I don't think Kem Sokha break any law the monkey court broke the law. king asked Hun Sen to compromise nothing happen but Hun Sen asked king to pardon it happened in the same day. I don't think he is a king. I don't respect someone because they say so because he earned it.

Dec 03, 2016 01:55 AM

សុខអីដរ

ពី ស៊ីផីផី

ហ៊ុនសែនទិញបានកូនជីវ៉វ៉ាមួយទៀតទុកគ្រាន់ព្រូសកុំឲ្យស្ងាត់ផ្ទះ។គំនិតហ៊ុនសែនគឺទុកបាជីវ៉វ៉ាឲ្យនៅក្រៅផ្ទះឯកូនជីវ៉វ៉ាឲ្យនៅក្នុងផ្ទះដើម្បីព្រូសទាំងក្នុងទាំងក្រៅ។តើអ្នកស្រឡាញ់ជីវ់វ៉ាទាំងពីរយល់យ៉ាងដែរ?

Dec 02, 2016 07:39 PM

អ្នក​អាន​អនាមិក

People of Gambia have defeated the dictator of that country in a democratic election. The dictator has conceded to his rival, a real estate mogul like Mr. Trump.

Cambodia needs to follow Gambia and Myanmar. Congratulations to Gambian people.

Dec 02, 2016 12:15 PM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល