ព្រះមហាក្សត្រ​យាង​ត្រឡប់​មក​ដល់​កម្ពុជា

ព្រះមហាក្សត្រ​ព្រះករុណា ព្រះបាទ​សម្ដេច ព្រះ​បរមនាថ នរោត្តម សីហមុនី យាង​ត្រឡប់​មក​ដល់​ប្រទេស​កម្ពុជា វិញ​ហើយ នៅ​វេលា​ម៉ោង ៤​រសៀល ថ្ងៃ​ទី១១ ខែ​កញ្ញា ឆ្នាំ​២០១៣។ ព្រះអង្គ​គ្រោង​នឹង​កោះ​អញ្ជើញ​សមាជិក​សភា​ដែល​ទើប​ជាប់​ឆ្នោត​សម្រាប់​នីតិកាល​ទី៥ ចុង​ខែ​កញ្ញា ឆ្នាំ​២០១៣។

0:00 / 0:00

ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ នរោត្តម សីហមុនី និង​ព្រះមាតា សម្ដេច​ព្រះ​មហាក្សត្រី នរោត្តម មុនីនាថ សីហនុ យាង​និវត្តន៍​មក​ដល់​ប្រទេស​កម្ពុជា វិញ បន្ទាប់​ពី​ព្រះអង្គ​បាន​យាង​ចេញ​ពី​ប្រទេស​ទៅ​ទីក្រុង​ប៉េកាំង សាធារណរដ្ឋ​ប្រជាមានិត​ចិន កាល​ពី​ថ្ងៃ​ទី១២ ខែ​សីហា ឆ្នាំ​២០១៣ ដើម្បី​ទៅ​ពិនិត្យ​ព្រះរាជ​សុខភាព​ព្រះអង្គ តា​ម​ការ​កំណត់​រៀង​រាល់ ៦​ខែ​ម្ដង។

មាន​ឥស្សរជន​ជាន់​ខ្ពស់​រដ្ឋាភិបាល​ពី​ខាង​គណបក្ស​ប្រជាជន​កម្ពុជា និង​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ជា​ច្រើន​រូប នៅ​ចាំ​ទទួល​ស្វាគមន៍​ធ្វើ​បដិសណ្ឋារកិច្ច​ព្រះអង្គ​ទាំង​ពីរ យាង​ចុះ​ពី​ព្រះ​ទីនាំង នៅ​ឯ​ព្រលាន​យន្តហោះ​ភ្នំពេញ​អន្តរជាតិ។ ក៏ប៉ុន្តែ គេ​សង្កេត​ឃើញ​ថា មេ​ដឹកនាំ​គណបក្ស​នយោបាយ​ធំ​ទាំង​ពីរ គឺ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក សម រង្ស៊ី មិន​បាន​ជួប​ស្វាគមន៍ ឬ​ពិភាក្សា​គ្នា​អ្វី​បន្តិច​ទេ នៅ​ក្នុង​ឱកាស​នោះ។

មុន​នឹង​យាង​មក​ប្រទេស​កម្ពុជា វិញ ២​ថ្ងៃ ព្រះករុណា ព្រះបាទ​សម្ដេច ព្រះ​បរមនាថ នរោត្តម សីហមុនី បាន​ចេញ​ព្រះរាជសារ​មួយ​ច្បាប់​ជូន​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គឺ​លោក អ៊ឹម សួស្ដី ថា ព្រះអង្គ​នឹង​កោះ​អញ្ជើញ​សមាជិក​សភា​ដែល​ទើប​ជាប់​ឆ្នោត​សម្រាប់​នីតិកាល​ទី៥ ទាំង ១២៣​រូប ដើម្បី​ប្រជុំ​ជា​លើក​ដំបូង​នៅ​ថ្ងៃ​ទី២៣ កញ្ញា ឆ្នាំ​២០១៣។

ចំពោះ​សំណួរ​ទាក់ទង​នឹង​ប្រធាន​បក្ស​សង្គ្រោះ​ជាតិ គឺ​លោក សម រង្ស៊ី ដែល​ថា តើ​លោក​នឹង​សុំ​ទៅ​ព្រះមហាក្សត្រ​ឱ្យ​ពន្យារ​ពេល​ប្រជុំ​សភា​លើក​ដំបូង​នៅ​ថ្ងៃ​ទី២៣ ខាង​មុខ​នេះ​ទេ? ហើយ​តើ​លោក​នឹង​ចូល​រួម​ប្រជុំ​ឬ​ទេ? លោក សម រង្ស៊ី ថ្លែង​ថា លោក​មិន​ទាន់​អាច​និយាយ​មុន​បាន​ទេ។

លោក សម រង្ស៊ី នៅ​ពេល​នេះ នៅ​តែ​រក្សា​ជំហរ​ថា លោក​នឹង​ដឹក​នាំ​ធ្វើ​មហា​បាតុកម្ម​អហិង្សា​រយៈពេល ៣​ថ្ងៃ​ដដែល គឺ​ចាប់​ពី​ថ្ងៃ​អាទិត្យ ទី១៥ ដល់​ថ្ងៃ​ទី១៧ កញ្ញា ដើម្បី​ទាមទារ​ឲ្យ​បង្កើត​គណៈកម្មការ​ចម្រុះ​ឯករាជ្យ​មួយ ស៊ើប​អង្កេត​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត។ លោក​បញ្ជាក់​បន្ថែម​ថា លោក​នឹង​ជួប​ជាមួយ​ពលរដ្ឋ​ម្ចាស់​ឆ្នោត​នៅ​ខេត្ត​សៀមរាប នៅ​ថ្ងៃ​ទី១២ កញ្ញា ដើម្បី​ជម្រាប​ពលរដ្ឋ​អំពី​ជំហរ​របស់​គណបក្ស​សង្គ្រោះ​ជាតិ ក្នុង​ការ​ធ្វើ​មហា​បាតុកម្ម​អហិង្សា​នេះ។

រីឯ​សំណួរ​ថា តើ​នឹង​មាន​ជំនួប​កំពូល​ណា​មួយ​រវាង​អ្នក​ដឹក​នាំ​គណបក្ស​ឈ្នះ​ឆ្នោត​ទាំង​ពីរ ដើម្បី​ដោះស្រាយ​បញ្ហា​នយោបាយ​កំពុង​ជាប់​គាំង​នេះ​ឬ​ទេ? អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា បញ្ជាក់​ថា នៅ​មិន​ទាន់​មាន​ដំណឹង​នៅ​ឡើយ​ទេ ដោយ​រង់ចាំ​មើល​បន្តិច​ទៀត​សិន។

ដោយ​ឡែក ថ្នាក់​ដឹក​នាំ​គណបក្ស​ប្រជាជន​កម្ពុជា ជា​ពិសេស​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មិន​បាន​ធ្វើ​អត្ថាធិប្បាយ​អ្វី​ទេ​នៅ​ក្នុង​ពិធី​ទទួល​ព្រះមហាក្សត្រ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។