ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចម៉ែ នឹងយាងទៅកាន់ទីក្រុងប៉េកាំង ប្រទេសចិន នៅថ្ងៃទី១៩ ខែកុម្ភៈ ដើម្បីពិនិត្យព្រះរាជសុខភាព។
ប្រធានខុទ្ទកាល័យព្រះបរមរាជវាំង លោក អ៊ុំ តារាវុធ បានឲ្យដឹងតាមទូរស័ព្ទនៅព្រឹកថ្ងៃច័ន្ទ ទី១៧ ខែកុម្ភៈ ថា ការយាងរបស់ព្រះមហាក្សត្រនិងសម្ដេចម៉ែ នរោត្តម មុនីនាថ សីហនុ ទៅកាន់ប្រទេសចិន គឺតាមវេជ្ជបញ្ជារបស់គ្រូពេទ្យចិន។
លោកឲ្យដឹងបន្ថែមថា ការយាងទៅកាន់ប្រទេសចិន របស់ព្រះមហាក្សត្រពេលនេះ អាចនឹងមានរយៈពេលចន្លោះពី ៣សប្តាហ៍ ទៅ ៤សប្ដាហ៍ ទៅតាមភាពជាក់ស្ដែងនៃព្រះរាជសុខភាពព្រះអង្គ ឬតាមវេជ្ជបញ្ជារបស់ក្រុមគ្រូពេទ្យចិន កំណត់ជូន៖ «បើសិនជាព្រះរាជសុខភាពរបស់ព្រះអង្គអាចមានបញ្ហាអី បានអាចព្រះអង្គគង់នៅប្រទេសចិន រហូតដល់រយៈពេល ១ខែ ដើម្បីឲ្យគ្រូពេទ្យចិន ពិនិត្យសុខភាព ឬត្រូវផ្ដល់ថ្នាំជូនព្រះអង្គ»។
លោក អ៊ុំ តារាវុធ បន្ថែមថា តាមកម្មវិធី ការយាងរបស់ព្រះមហាក្សត្រ និងសម្តេចម៉ែ ទៅកាន់ប្រទេសចិន ដើម្បីឲ្យគ្រូពេទ្យចិន ពិនិត្យព្រះរាជសុខភាព ត្រូវធ្វើឡើងជារៀងរាល់ ៦ខែម្តង ជារៀងរាល់ឆ្នាំ ទៅតាមវេជ្ជបញ្ជារបស់ក្រុមគ្រូពេទ្យប្រទេសចិន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
