ព្រះមហាក្សត្រ​យាង​បំពេញ​ព្រះរាជ​ទស្សនកិច្ច​នៅ​ខេត្ត​រតនគិរី

ប្រជាពលរដ្ឋ ៨០០​គ្រួសារ ភាគ​ច្រើន​ជា​ជនជាតិ​ដើម​ភាគ​តិច​មក​ពី​ស្រុក ៨ ក្នុង​ខេត្ត​រតនគិរី ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​រៀបចំ​ទទួល​ស្វាគមន៍​ព្រះមហាក្សត្រ​នៅ​ឯ​តំបន់​ជនជាតិ​ដើម​ភាគ​តិច​ទំពួន ក្នុង​ភូមិ​យ៉ែម ឃុំ​ស៊ឺង ស្រុក​បរកែវ នៅ​ថ្ងៃ​ទី​២ ខែ​មីនា។

នេះ​ជា​ព្រះរាជ​ដំណើរ​ទស្សនកិច្ច​លើក​ដំបូង​របស់​អង្គ​ព្រះមហាក្សត្រ ដែល​សព្វព្រះទ័យ​យាង​មក​កាន់​តំបន់​ដាច់​ស្រយាល​ជួប​ប្រជារាស្ត្រ ជាពិសេស​កូន​ចៅ​ជា​ជនជាតិ​ដើម​ភាគ​តិច​មាន​ទំពួន គ្រឹង ចារ៉ាយ និង​ប្រជាពលរដ្ឋ​ខ្មែរ​រស់​នៅ​ខេត្ត​ប៉ែក​ឦសាន​មួយ​នេះ។

មាន​ព្រះរាជ​បន្ទូល​ទៅ​កាន់​ពលរដ្ឋ​អ្នក​មក​ទទួល​ព្រះរាជ​ដំណើរ​ទស្សនកិច្ច ព្រះមហាក្សត្រ​សម្ដែង​ព្រះទ័យ​រីករាយ និង​ពាំនាំ​ព្រះរាជ​បណ្ដាំ​សួរ​សុខទុក្ខ​របស់​សម្ដេច​ព្រះ​វររាជ​មាតា​ជាតិ នរោត្តម មុនីនាថ សីហនុ រំលឹក​ដល់​ដួង​វិញ្ញាណក្ខន្ធ​ព្រះ​បរម​រតនកោដ្ឋ ព្រះ​វររាជ​បិតា​ជាតិ សម្ដេច នរោត្តម សីហនុ ដែល​បាន​យាង​ចាក​លោក​ទៅ​ហើយ និង​នាំ​មក​នូវ​អំណោយ​ជួយ​សម្រាល​ជីវភាព​រស់​នៅ​របស់​ពលរដ្ឋ​ក្រីក្រ​ទៀត​ផង។

ព្រះអង្គ​សម្ដែង​ព្រះទ័យ​កោត​សរសើរ​ដល់​ប្រមុខ​រាជរដ្ឋាភិបាល អាជ្ញាធរ​មូលដ្ឋាន និង​ប្រជាពលរដ្ឋ​ដែល​បាន​រៀបចំ​អភិវឌ្ឍន៍​ខេត្ត​រតនគិរី ឲ្យ​មាន​ការ​រីក​ចម្រើន៖ «សម្ដេច​ម៉ែ​និង​ខ្ញុំ​តែង​តែ​មាន​ហរទ័យ​ខ្វល់ខ្វាយ​ជា​និច្ច​ចំពោះ​សេចក្ដី​សុខ​ទុក្ខ​របស់​បង​ប្អូន​ប្រជារាស្ត្រ​នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ជួយ​សម្រាល​ទុក្ខ​លំបាក ខ្វះខាត​របស់​បង​ប្អូន ជាពិសេស​ក្នុង​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ»

អំណោយ​ព្រះមហាក្សត្រ​ដែល​បាន​ប្រទាន​ចំពោះ​ពលរដ្ឋ​ក្នុង​មួយ​គ្រួសារៗ រួម​មាន បា្រក់ ១០​ម៉ឺន​រៀល អង្ករ ៥០​គីឡូក្រាម មី​មួយ​កេះ កន្ទេល ១ ត្រី​ខ ១០​កំប៉ុង ភួយ មុង ក្រមា និង​អាវយឺត។ ក្នុង​ព្រះរាជ​ដំណើរ​យាង​មក​កាន់​ខេត្ត​រតនគិរី នេះ ព្រះមហាក្សត្រ​សព្វព្រះទ័យ​យាង​ទត​បឹង​យក្ស​ឡោម ដ៏​ល្បីល្បាញ​ក្នុង​ខេត្ត​ផង​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។