សហព័ន្ធ​និស្សិត​ត្រៀម​ធ្វើ​បាតុកម្ម​មុខ​ស្ថានទូត​វៀតណាម​នៅ​ថ្ងៃ​ទី​៨​ខែ​កក្កដា

0:00 / 0:00

សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា ប្រកាស​ប្រមូល​ផ្តុំ​យុវជន​សិស្ស​និស្សិត និង​ប្រជាពលរដ្ឋ​ធ្វើ​បាតុកម្ម​អហិង្សា​នៅ​មុខ​ស្ថានទូត​វៀតណាម ប្រចាំ​កម្ពុជា ដើម្បី​ទាមទារ​ឲ្យ​អ្នក​នាំ​ពាក្យ​ស្ថានទូត​នេះ​ទទួល​ស្គាល់​ប្រវត្តិសាស្ត្រ​នៃ​ការ​បាត់បង់​ទឹកដី​កម្ពុជា​ក្រោម។ មន្ត្រី​សាលា​រាជធានី​មិន​ទាន់​សម្រេច​បែប​ណា​នៅ​ឡើយ​ទៅ​លើ​គម្រោង​ដឹកនាំ​ធ្វើ​បាតុកម្ម​មុខ​ស្ថានទូត​វៀតណាម នៅ​សប្ដាហ៍​ខាង​មុខនេះ​ទេ។

សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា ចេញ​សេចក្ដី​អំពាវនាវ និង​បង្ហាញ​ឲ្យ​ដឹង​ពី​គម្រោង​ប្រមូល​ផ្តុំ​ក្រុម​យុវជន​ធ្វើ​បាតុកម្ម​នៅ​មុខ​ស្ថានទូត​វៀតណាម នៅ​ថ្ងៃ​អង្គារ ទី​៨ ខែ​កក្កដា ចាប់​ពី​ម៉ោង ៨​ព្រឹក ដល់​ម៉ោង ១២​ថ្ងៃ​ត្រង់។

ប្រធាន​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា លោក ម៉ៅ ពិសេស បញ្ជាក់​ថា គោលបំណង​ដឹកនាំ​ធ្វើ​បាតុកម្ម​នេះ ដើម្បី​សម្ដែង​មតិ​ទាមទារ​ឲ្យ​អ្នក​នាំ​ពាក្យ​ស្ថានទូត​វៀតណាម ប្រចាំ​កម្ពុជា ឲ្យ​ទទួល​ស្គាល់​រឿងរ៉ាវ​ពិត​នៃ​ប្រវត្តិសាស្ត្រ​បាត់បង់​ទឹកដី​កម្ពុជា​ក្រោម។ លោក​ថា ទឹកដី​កម្ពុជា​ក្រោម ត្រូវ​អាណានិគម​និយម​បារាំង កាត់​ប្រគល់​ទៅ​ឲ្យ​វៀតណាម គ្រប់គ្រង​នៅ​ឆ្នាំ​១៩៤៩ មិន​មែន​ជា​ទឹកដី​វៀតណាម យូរលង់​មក​ហើយ​ដូច​មន្ត្រី​នាំ​ពាក្យ​ស្ថានទូត​វៀតណាម លើក​ឡើង​ទេ។

​លោក ម៉ៅ វិសេស ចាត់​ទុក​សម្ដី​នេះ​ថា​មាន​ចេតនា​បំភ្លៃ​ប្រវត្តិសាស្ត្រ និង​ប្រមាថ​មក​លើ​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​មូល៖ «នៅ​ថ្ងៃ​ទី​៨ អាទិត្យ​ក្រោយ​នេះ ជា​ឱកាស​មួយ​ដែល​យុវជន​យើង​ដឹង​អំពី​ព្រឹត្តិការណ៍​នៅ​ឆ្នាំ​១៩៤៩»

​គម្រោង​ធ្វើ​បាតុកម្ម​នៅ​មុខ​ស្ថានទូត​វៀតណាម របស់​សហព័ន្ធ​និស្សិត​នៅ​ព្រឹក​ថ្ងៃ​ទី​៨ ខែ​កក្កដា មាន​យុវជន​ប្រមាណ ១០០​នាក់​ចូល​រួម និង​អំពាវនាវ​ដល់​ពលរដ្ឋ​ខ្មែរ​ទូទៅ​ចូល​រួម​សម្ដែង​មតិ​ទៅ​តាម​ឆន្ទៈ​ឲ្យ​បាន​ច្រើន។

​មន្ត្រី​នាំ​ពាក្យ​ស្ថានទូត​វៀតណាម ប្រចាំ​កម្ពុជា លោក ត្រឹង វ៉ាន់ថុង កាល​ពី​ថ្ងៃ​ទី​៦ ខែ​មិថុនា អះអាង​ថា បារាំង​មិន​បាន​កាត់​ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម ទៅ​ឲ្យ​វៀតណាម​ទេ គឺ​ដី​កម្ពុជា​ក្រោម​ជា​ទឹក​ដី​របស់​វៀតណាម តាំង​ពី​យូរយារ​មក​ហើយ។ ការ​អះអាង​នេះ ជា​ការ​ឆ្លើយ​តប​ទៅ​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម ដែល​ថ្លែង​នៅ​ក្នុង​ពិធី​រំលឹក​ខួប ៦៥​ឆ្នាំ នៃ​ថ្ងៃ​បាត់បង់​ទឹកដី​កម្ពុជា​ក្រោម ដែល​បច្ចុប្បន្ន​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​វៀតណាម៖ «ថ្ងៃ​ណា​បារាំង កាត់​ដី​ហ្នឹង​ប្រគល់​ឲ្យ​វៀតណាម អា​ហ្នឹង​គឺ​ជា​ការ​ប្រឌិត​ពាក្យ ការ​មួលបង្កាច់ ការ​ចោទ​ប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន​ច្បាប់​អី​ទេ ដូច​គ្មាន​ភស្តុតាង តឹកតាង​ជា​ប្រវត្តិសាស្ត្រ​ទេ។ មុន​ឆ្នាំ​១៨៥៨ ហ្នឹង ទឹក​ដី​ហ្នឹង​គឺ​វៀតណាម គ្រប់គ្រង ជា​របស់​វៀតណាម ហើយ»

​ទាក់ទង​បញ្ហា​នេះ​ដែរ លោក ឡុង ឌីម៉ង់ មន្ត្រី​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ ឲ្យ​ដឹង​ថា សាលា​រាជធានី​បាន​ទទួល​លិខិត​ជូន​ដំណឹង​ធ្វើ​បាតុកម្ម​របស់​សហព័ន្ធ​និស្សិត​រួច​ហើយ ប៉ុន្តែ​មិន​ទាន់​សម្រេច​បែប​ណា​ទេ។

​ចំណែក​លោក ថាច់ សេដ្ឋា ប្រធាន​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​វិញ ថ្លែង​គាំទ្រ​សហព័ន្ធ​និស្សិត​ធ្វើ​បាតុកម្ម​នៅ​មុខ​ស្ថានទូត​វៀតណាម ហើយ​លោក​អះអាង​ថា នឹង​កេណ្ឌ​មនុស្ស​ចូល​ឲ្យ​បាន​ច្រើន។ បន្ថែម​លើ​នេះ នៅ​ថ្ងៃ​ទី​៦ ខែ​កក្កដា នឹង​រៀបចំ​វេទិកា​សាធារណៈ​មួយ​ដើម្បី​ប្រមូល​យក​អនុសាសន៍​នានា និង​ឯកសារ​ផ្សេងៗ​ទាក់ទង​ទឹកដី​កម្ពុជា​ក្រោម ដើម្បី​ចងក្រង​ជា​ឯកសារ​ផ្លូវការ​ដាក់​ជូន​រដ្ឋាភិបាល​វៀតណាម ឲ្យ​ទទួល​ស្គាល់​ការ​ពិត​នៃ​ប្រវត្តិសាស្ត្រ​ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម។

ករណី​នេះ លោក ថាច់ សេដ្ឋា ទាមទារ​ឲ្យ​អ្នក​នាំ​ពាក្យ​ស្ថានទូត​វៀតណាម សុំ​ទោស​ជា​សាធារណៈ ព្រោះ​ជា​ប្រមាថ​មើល​ងាយ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ធ្ងន់ធ្ងរ។ លោក​ថា មាន​ភស្តុតាង​ជា​ច្រើន រួម​មាន​ឈ្មោះ​វត្ត​អារាម ភូមិ​ស្រុក ខេត្ត គឺ​សុទ្ធ​ជា​ឈ្មោះ​ភាសា​ខ្មែរ​សុទ្ធសាធ ដែល​បញ្ជាក់​ថា ទឹកដី​កម្ពុជា​ក្រោម មិន​មែន​ជា​របស់​វៀតណាម។ ទោះ​វៀតណាម បាន​ប្ដូរ​ឈ្មោះ​ទីតាំង​ទាំង​នោះ​ជា​ច្រើន​លើក​ច្រើន​សា​ទៅ​ជា​ភាសា​របស់​ខ្លួន​ដើម្បី​បំបាត់​ភស្តុតាង​នៃ​ភូមិសាស្ត្រ​ទាំង​នេះ​ក្តី។ លោក​សង្កត់​ធ្ងន់​ថា ភស្តុតាង​សំខាន់​ដែល​បដិសេធ​វៀតណាម មិន​អាច​ប្រកែក​បាន​មួយ​ទៀត គឺ​អាណានិគម​បារាំង បាន​កាត់​ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម ទៅ​ឲ្យ​អាជ្ញាធរ​វៀតណាម ត្រួតត្រា​រហូត​សព្វ​ថ្ងៃ គឺ​យោង​តាម​ច្បាប់​អាណានិគម​បារាំង ចុះ​ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​១៩៤៩។

​គិត​មក​ដល់​ឆ្នាំ​២០១៤ នេះ គឺ​មាន​រយៈពេល ៦៥​ឆ្នាំ​ហើយ ដែល​ប្រជាពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​ប្រមាណ ១០​លាន​នាក់​ជា​អតីត​ម្ចាស់​ទឹកដី​ម្ចាស់​ស្រុក បាន​រស់​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​វៀតណាម។ ប៉ុន្តែ​ឯកសារ​ផ្លូវការ​របស់​រដ្ឋការ​ប្រទេស​វៀតណាម បង្ហាញ​ថា ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​មាន​ចំនួន​ជាង ១​លាន​នាក់​ប៉ុណ្ណោះ៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។