ច្រក​របៀង​ខ្លះ​នៅ​កោះកុង​ត្រូវ​បាន​បិទ​ក្រោយ​ប៉ះ​ទង្គិច​គ្នា​ជាមួយ​ថៃ

កងទ័ព​កម្ពុជា​និង​ថៃ បាន​ប៉ះ​ទង្គិច​គ្នា​មួយ​ប្រាវ កាល​ពី​ថ្ងៃ​សៅរ៍ ទី​២១ ធ្នូ នៅ​ចំណុច​ក្រោម​ភ្នំ​១០០ ក្នុង​ភូមិ​ចាំយាម ឃុំ​ប៉ាក់ខ្លង ស្រុក​មណ្ឌលសីមា ខេត្ត​កោះកុង ដែល​បណ្ដាល​ឲ្យ​ទាហាន​ថៃ ម្នាក់​រង​របួស។

0:00 / 0:00

មន្ត្រី​យោធា​ខ្មែរ​ម្នាក់​ឲ្យ​ដឹង​ថា ការ​ប៉ះ​ទង្គិច​គ្នា​នោះ កើត​ឡើង​ដោយសារ​តែ​ភាគី​ថៃ មាន​បំណង​ចូល​កាន់​កាប់​នៅ​លើ​ផ្លូវ​ល្បាត​របស់​ភាគី​កម្ពុជា ដែល​ធ្លាប់​ដើរ​ល្បាត​ការពារ​ព្រំដែន​កន្លង​មក។

ច្រក​របៀង​មួយ​ចំនួន​នៅ​តាម​ព្រំដែន​កម្ពុជា-ថៃ នៅ​ខេត្ត​កោះកុង ដែល​ពលរដ្ឋ​ធ្លាប់​ចេញ​ចូល ត្រូវ​បាន​បិទ​បណ្ដោះអាសន្ន ចាប់​តាំង​ពី​ថ្ងៃ​សៅរ៍ ក្រោយ​ពី​មាន​ការ​ប៉ះ​ទង្គិច​គ្នា​មួយ​ប្រាវ​រវាង​កង​ទ័ព​កម្ពុជា ជាមួយ​ទាហាន​ឈុត​ខ្មៅ​ថៃ។

នាយក​រដ្ឋបាល​សាលា​ស្រុក​មណ្ឌលសីមា លោក ប៉ែន សុផាត មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២៣ ខែ​ធ្នូ ថា ការ​ប៉ះ​ទង្គិច​គ្នា​រវាង​ទាហាន​កម្ពុជា​និង​ថៃ គឺ​ជា​ការ​យល់​ច្រឡំ​គ្នា ដោយ​ភាគី​ថៃ បាន​ដើរ​មក​ជាន់​មីន​នៅ​តំបន់​ថ្មបាំង ក្នុង​ចំណុច​គ១ របស់​វរសេនាតូច ៣០៣ ហើយ​ភ័យ​ខ្លាច​កម្ពុជា វាយ​ប្រហារ​ដោយ​អាវុធ ដូច្នេះ​ភាគី​ថៃ ក៏​បាន​បាញ់​រះ​ទៅ​លើ​ទាហាន​កម្ពុជា ដែល​ដើរ​ល្បាត​តាម​ព្រំដែន​តែម្តង។

លោក ប៉ែន សុផាត៖ «ខាង​យោធា​ថៃ បើ​តាម​របាយការណ៍​សឹក​រង​មក គឺ​គាត់​បាញ់​ចំនួន ២០​គ្រាប់ គាត់​បាញ់​តិច​ទេ បាញ់​មក​យោធា​យើង​ហ្នឹង យើង​ក៏​តប​វិញ​ទៅ ប៉ុន្តែ​មិន​មាន​របួស​ទេ។ ខាង​ថៃ របួស​ដោយសារ​គាត់​ជាន់​មីន ដល់​ហើយ​គាត់​ក៏​បាញ់​យើង​មុន ហើយ​យើង​ក៏​តប​ទៅ​វិញ ហើយ​មួយ​ប្រាវ​ហ្នឹង​ទើប​យល់​គ្នា គាត់​ក៏​ត្រឡប់​ទៅ​វិញ​ទៅ»

លោក​បន្ត​ថា ច្រក​ព្រំដែន ដូចជា​ច្រក​គីរីវង់ ត្រូវ​បាន​បិទ​បណ្ដោះអាសន្ន ក្រោយ​ពី​មាន​ការ​ប៉ះ​ទង្គិច​ប្រដាប់​អាវុធ​នោះ ហើយ​រហូត​ដល់​ថ្ងៃ​ទី​២៣ ខែ​ធ្នូ ច្រក​ព្រំដែន​នោះ​នៅ​មិន​ទាន់​បើក​ឲ្យ​ចរាចរណ៍​ឡើង​វិញ​នៅ​ឡើយ​ទេ។ យ៉ាង​ណា​ច្រក​អន្តរជាតិ​ចាំយាម បន្ត​បើក​ឲ្យ​ដំណើរ​ធម្មតា ហើយ​ស្ថានភាព​ព្រំដែន​ស្ថិត​ក្នុង​ស្ថានភាព​ប្រក្រតី​ឡើង​វិញ។

មាន​សេចក្ដី​រាយការណ៍​ផ្សេង​គ្នា ចំពោះ​ការ​ប៉ះ​ទង្គិច​រវាង​ទាហាន​កម្ពុជា​និង​ថៃ កាល​ពី​ថ្ងៃ​សៅរ៍។ប្រភព​ពី​ទាហាន​ម្នាក់​នៃ​កង​វរសេនា​តូច​ថ្មើរ​ជើង​លេខ​៣០៣ ដែល​មាន​ភារៈ​ល្បាត​នៅ​តាម​ព្រំដែន​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​រាយការណ៍​ថា មូលហេតុ​ពិត​នៃ​ការ​ប៉ះ​ទង្គិច​គ្នា​រវាង​ទាហាន​កម្ពុជា-​ថៃ គឺ​ផ្តើម​ចេញ​ពី​ទាហាន​ឈុត​ខ្មៅ​ថៃ​ជាង ១០​នាក់ បាន​ដើរ​ល្បាត​ឡើង​មក​លើ​ផ្លូវ​ល្បាត​របស់​កម្ពុជា ហើយ​ពេល​ដែល​ទាហាន​កម្ពុជា មាន​គ្នា ៦​នាក់ ទៅ​ប្រាប់​ឲ្យ​ពួក​គេ​ចេញ​ពី​តំបន់​នោះ ស្រាប់​តែ​ទាហាន​ឈុត​ខ្មៅ​ថៃ បាញ់​រះ​មក​លើ​ទាហាន​កម្ពុជា​តែម្ដង។

ទាហាន​រូប​នោះ​បន្ត​ថា ដើម្បី​ការពារ​ខ្លួន និង​ចង់​ឲ្យ​ទាហាន​ថៃ​ចេញ​ពី​ផ្លូវ​ដើរ​ល្បាត​របស់​កម្ពុជា​ផង នោះ ទាហាន​កម្ពុជា​បាន​បាញ់​តប​ទៅ​ភាគី​ថៃ​វិញ ធ្វើ​ឲ្យ​ទាហាន​ថៃ មួយ​រូប​របួស​ជើង ដែល​បច្ចុប្បន្ន​កំពុង​សម្រាក​ព្យាយាម​នៅ​មន្ទីរពេទ្យ​ខេត្ត​ត្រាត នៃ​ប្រទេស​ថៃ។ ចំណែក​ឯ​ទាហាន​កម្ពុជា​វិញ មិន​មាន​នរណា​ម្នាក់​រង​របួស​ទេ។

ទាហាន​ដដែល​បន្ត​ថា ក្រោយ​ពី​បាញ់​គ្នា​មួយ​ប្រាវ​រួច​ហើយ​នោះ ច្រក​ព្រំដែន​គីរីវង់ និង​ច្រក​របៀង ៤​ផ្សេង​ទៀត​ត្រូវ​បាន​បិទ។

ប្រភព​ពី​ទាហាន​ការពារ​ព្រំដែន​ប្រាប់​ថា មេបញ្ជាការ​យោធា​ភូមិ​ភាគ​៣ និង​មេបញ្ជាការ​ក្នុង​ខេត្ត​កោះកុង បាន​ធ្វើ​ដំណើរ​ទៅ​ខេត្ត​ត្រាត ដើម្បី​ចរចា​ជាមួយ​ខាង​ទាហាន​ថៃ ហើយ​លទ្ធផល​នៅ​មិន​ទាន់​បាន​ប្រកាស​នៅ​ឡើយ។

ទាហាន​ការពារ​ព្រំដែន​វរសេនាតូច​ថ្មើរ​ជើង​លេខ​៣០៣ ប្រាប់​ថា កម្ពុជា​និង​ថៃ បាន​ចែក​តំបន់ ឬ​ផ្លូវ​ដើរ​ល្បាត​រៀងៗ​ខ្លួន ខណៈ​ដែល​គណៈកម្មាធិការ​វាស់វែង​ព្រំដែន​នៅ​មិន​ទាន់​កំណត់​ព្រំដែន​ឲ្យ​បាន​ច្បាស់។ ប៉ុន្តែ​កាល​ពី ២​ខែ​មុន ទាហាន​ឈុត​ខ្មៅ​ថៃ ធ្លាប់​មក​ឈ្លានពាន​ផ្លូវ​ដើរ​ល្បាត​ខាង​កម្ពុជា ម្តង​រួច​មក​ហើយ ហើយ​ពេល​នោះ​ក៏​មាន​ការ​ផ្ទុះ​អាវុធ​ស្រដៀង​គ្នា​នេះ​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅក្នុង​អត្ថបទ​នេះ​៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ៕