ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង យុងហាប់ (Yonhap) ចុះផ្សាយនៅថ្ងៃទី២ កក្កដា ថា កូរ៉េខាងជើង បានបើកគេហទំព័រ (Website) ល្បែងស៊ីសងខុសច្បាប់នៅកម្ពុជា ធ្វើជាខែលដើម្បីយកឱកាសនៃការប្រើប្រាស់ប្រព័ន្ធបច្ចេកវិជ្ជាទំនើបនេះ ធ្វើសង្គ្រាមប្រឆាំងកូរ៉េខាងត្បូង។
សារព័ត៌មានដដែលឲ្យដឹងថា ប៉ូលិសខ្មែរបានវាយឆ្មក់វីឡាមួយ កាលពីខែមេសា កន្លងទៅ ហើយចាប់ជនជាតិកូរ៉េខាងជើង ១៥នាក់ បើកល្បែងស៊ីសងភ្នាល់បាល់តាមគេហទំព័រខុសច្បាប់ ហើយបានរឹបអូសសម្ភារៈផ្សេងៗទៀត ដូចជាកុំព្យូទ័រជាដើម។
ក្រៅពីនេះ សារព័ត៌មាននេះបានស្រង់ប្រភពភ្នាក់ងារសម្ងាត់របស់កូរ៉េខាងត្បូង ដោយសង្ស័យថា កូរ៉េខាងជើងបានរកប្រាក់បរទេសខុសច្បាប់ថែមទៀត ខណៈដែលពួកគេអនុវត្តសង្គ្រាមបច្ចេកវិទ្យាប្រឆាំងកូរ៉េខាងត្បូង។
ទីភ្នាក់ងារនេះបន្តថា មានអ្នក ហេកគើ (Hacker) កូរ៉េខាងជើងជាង ១ពាន់នាក់ កំពុងអនុវត្តសង្គ្រាមបច្ចេកវិទ្យាប្រឆាំងកូរ៉េខាងត្បូង នៅប្រទេសចិន និងនៅក្នុងប្រទេសដទៃទៀតក្នុងតំបន់អាស៊ី។
ទាក់ទងរឿងកូរ៉េខាងជើង បើកគេហទំព័រល្បែងស៊ីសងខុសច្បាប់នៅកម្ពុជា ធ្វើជាខែលដើម្បីយកឱកាសនៃការប្រើប្រាស់ប្រព័ន្ធបច្ចេកវិជ្ជា ទំនើប ធ្វើសង្គ្រាមប្រឆាំងកូរ៉េខាងត្បូងនេះ អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោកឧត្ដមសេនីយ៍ ខៀវ សុភ័គ្រ អះអាងថា លោកមិនបានដឹងរឿងនេះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
