មូលហេតុ​បក្ស​នយោបាយ​ចូលរួម​បោះឆ្នោត​អាណត្តិ​ទី៥​មាន​ចំនួន​តិច

0:00 / 0:00

ការ​បោះឆ្នោត​រើស​សមាជិក​សភា​អាណត្តិ​ទី៥ ប្រព្រឹត្ត​ឡើង​នៅ​ថ្ងៃ​ទី២៨ កក្កដា ខាង​មុខ។ មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) បាន​និយាយ​ថា ការ​បោះឆ្នោត​រើស​សមាជិក​សភា​លើក​នេះ​អាច​មាន​ចំនួន​គណបក្ស​នយោបាយ​ចូលរួម​ប្រកួត​តិច​ជាង​មុន។

តើ​មាន​មូលហេតុ​អ្វី​ខ្លះ បាន​ជា​ចំនួន​គណបក្ស​នយោបាយ​ចូលរួម​បោះឆ្នោត​រើស​តំណាង​រាស្ត្រ​កាន់​តែ​តិច​ជាង​មុន?

អ្នក​ដឹកនាំ​សង្គម​ស៊ីវិល​ឃ្លាំ​មើល​ការ​បោះឆ្នោត​នៅ​កម្ពុជា បាន​វាយ​តម្លៃ​ថា ការ​បោះឆ្នោត​រើស​សមាជិក​សភា​មាន​គណបក្ស​នយោបាយ​ចូលរួម​ប្រកួត​តិច​ជាង​មុន ដោយសារ​ប្រព័ន្ធ​បោះឆ្នោត​នៅ​កម្ពុជា មិន​អំណោយ​ផល​ដល់​គណបក្ស​នយោបាយ​តូច ដែល​មាន​ធនធាន​តិច។

លោក គល់ បញ្ញា នាយក​ប្រតិបត្តិ​អង្គការ​សង្កេតការណ៍​បោះឆ្នោត​មួយ​ឈ្មោះ គណៈកម្មាធិការ​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ខុមហ្វ្រែល (COMFREL) មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី២៣ មេសា ថា ការ​ចុះ​ថយ​គណបក្ស​នយោបាយ​ចូលរួម​បោះឆ្នោត​នោះ មាន​កត្តា​ជាច្រើន ដូច​ជា ទី១ រដ្ឋ​បាន​ដាក់​កំណត់​ឲ្យ​គណបក្ស​នយោបាយ​ត្រូវ​មាន​ប្រាក់​តម្កល់ ដើម្បី​ចូលរួម​បោះឆ្នោត ហើយ​បើ​មិន​បាន​ទទួល​សំឡេង​គាំទ្រ​គ្រប់ ១​អាសនៈ​នៃ​សភា​ទេ ប្រាក់​តម្កល់​នេះ​មិន​បង្វិល​សង​គណបក្ស​នយោបាយ​វិញ​ទេ។ ទី២ ប្រព័ន្ធ​បោះឆ្នោត​រូបមន្ត​ចែក​សន្លឹក​ឆ្នោត មិន​អំណោយ​ផល​ដល់​គណបក្ស​នយោបាយ ដែល​បាន​ទទួល​សំឡេង​គាំទ្រ​តិច។ ទី៣ រដ្ឋ​មិន​បាន​ផ្តល់​ការ​លើក​ទឹក​ចិត្ត​ដល់​គណបក្ស​នយោបាយ​ដែល​ចង់​ចូលរួម​ប្រកួត។ ទី៤ គណបក្ស​នយោបាយ​ខ្លះ​ចូលរួម​ប្រកួត​គ្រប់​លើក តែ​មិន​បាន​ទទួល​ផល។ ទី៥ គណបក្ស​នយោបាយ​ខ្លួន​ឯង​មាន​ការ​លំបាក​ក្នុង​ការ​រៀបចំ​ខ្លួន​ចូលរួម​ប្រកួត​ជាដើម។

លោក គល់ បញ្ញា៖ «រដ្ឋ​យើង​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ទីលាន​ប្រកួត​មួយ​ស្មើភាព​គ្នា​ផង​ហ្នឹង។ ហើយ​គណបក្ស​តូចៗ គ្នា​ធ្វើ​ម៉េច​មាន​លទ្ធភាព បើ​មាន​ការ​រើសអើង មិន​មាន​ការ​ផ្សព្វផ្សាយ​មិន​មាន​ការ​គាំទ្រ​គ្នា អា​នេះ​ជា​បញ្ហា។ យើង​បង្កើត​ទីលាន​ប្រកួត​មួយ យើង​អត់ … គណបក្ស​មាន​អំណាច គាត់​ធ្វើ​អី​តែ​ឯង គាត់​មាន​លទ្ធភាព​យក​ធនធាន​ទៅ​ធ្វើ​តែ​ម្នាក់​ឯង អីចឹង​ទៅ ហើយ​មាន​ច្បាប់​ឯណា ដើម្បី​ត្រួត​ពិនិត្យ​ថា ទីលាន​ប្រកួត​នោះ​ស្មើភាព​គ្នា​បាន​នោះ។ បើ​ក្នុង​កីឡា​វិញ បើ​វាយ​បុក វា​មាន​ទម្ងន់​ស្មើ​គ្នា​អី​ទៅ យើង​អត់​អីចឹង​ទេ គេ​មាន​លក្ខខណ្ឌ​ប្រកួត។ យើង​អត់​អីចឹង​ទេ អ្នក​ណា​ធ្វើ​អី ធ្វើ​ទៅ​បាន​ម៉ា​សេរី ហើយ​អត់​មាន​អ្នក​ណា​គាំទ្រ អា​នេះ​ជា​បញ្ហា»

លោក គល់ បញ្ញា បាន​រិះគន់​ថា នៅ​ប្រទេស​កម្ពុជា តំណាង​រាស្ត្រ​ដែល​កើត​ចេញ​ពី​ការ​បោះឆ្នោត​តាម​ប្រព័ន្ធ​បច្ចុប្បន្ន​នេះ មិន​សូវ​បាន​បម្រើ​ផល​ប្រយោជន៍​ប្រជាពលរដ្ឋ​ជា​ម្ចាស់​មណ្ឌល និង​ម្ចាស់​ឆ្នោត​ទេ គឺ​អ្នក​តំណាង​រាស្ត្រ​ទាំង​នោះ​បម្រើ​ផល​ប្រយោជន៍​គណបក្ស​នយោបាយ​របស់​គាត់​ខ្លាំង​ជាង ពីព្រោះ​ពេល​បោះឆ្នោត​រើស គឺ​រើស​គណបក្ស​នយោបាយ ហើយ​គណបក្ស​នយោបាយ គឺ​ជា​អ្នក​តែង​តាំង​បេក្ខជន​តំណាង​រាស្ត្រ​ប្រចាំ​មណ្ឌល​និមួយៗ៖ «ព្រោះ​បុគ្គល​ម្នាក់ៗ​ដែល​ជាប់​នោះ គាត់​មិន​ហ៊ាន​ទៅ​ធ្វើ​អី​ឲ្យ​ខុស​ពី​គណបក្ស​ទេ។ បើ​ថា​គណបក្ស​កាន់​អំណាច គាត់​និយាយ​រឿង​ជោគជ័យ​គណបក្ស រដ្ឋាភិបាល គាត់​ទៅ​ហើយ​បើ​គណបក្ស​ប្រឆាំង គាត់​ទិតៀន​គណបក្ស​កាន់​អំណាច​អីចឹង​ទៅ គឺ​អត់​មាន​និយាយ​អំពី​គំនិត​ពហុភាព​ទេ ពីព្រោះ​ដោយសារ​បុគ្គល​ដែល​ជាប់​មួយៗ​នោះ គាត់​មិន​មែន​បាន​សន្លឹក​ឆ្នោត​ផ្ទាល់​ពី​រាស្ត្រ​ទេ។ គាត់​បោះ​តាម​រយៈ​គណបក្ស​ទេ»

ចំណែក​លោក ហង្ស ពុទ្ធា ជា​នាយក​គណៈកម្មាធិការ​អព្យាក្រឹត្យ និង​យុត្តិធម៌​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា និកហ្វិក (NICFEC) មាន​ប្រសាសន៍​ថា ចំនួន​គណបក្ស​នយោបាយ​ចូលរួម​តិច ដោយសារ​ការ​ចំណាយ​ជា​រឿង​សំខាន់​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​ចង់​ធ្វើ​នយោបាយ និង​បង្កើត​គណបក្ស​នយោបាយ​ខ្លះ មិន​មាន​លទ្ធភាព​ចូលរួម​បាន​ទេ៖ «តាម​ពិត អ្វីៗ​ទាំងអស់​ត្រូវ​អនុលោម​តាម​ច្បាប់។ ហើយ​ច្បាប់​នេះ បាន​កំណត់​ហើយ​ថា គណបក្ស​ត្រូវ​មាន​សមាជិក​ប៉ុន្មាន? ហើយ​ត្រូវ​បង់​ថវិកា​ប៉ុន្មាន​អីចឹង? នេះ​ក៏​ជា​ចំណុច​រារាំង​ដល់​គណបក្ស​ដែរ»

លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប បាន​និយាយ​កាល​ពី​ដើម​ខែ​មេសា ថា នៅ​ក្នុង​ការ​បោះឆ្នោត​រើស​សមាជិក​សភា​ឆ្នាំ​២០១៣ នេះ តាម​លោក​ប៉ាន់ស្មាន មាន​គណបក្ស​នយោបាយ​ចូលរួម​ប្រកួត​ប្រហែល​មិន​ដល់ ១០​ទេ។

លោក ទេព នីថា មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី២៣ មេសា ថា ចំនួន​គណបក្ស​នយោបាយ​ចូលរួម​ប្រកួត​មាន​ការ​ចុះ​ថយ។ តាម​លោក​យល់ មក​ពី​ការ​ចំណាយ​ក្នុង​ការ​ចូលរួម​ប្រកួត​ការ​បោះឆ្នោត​នេះ មាន​ចំនួន​ច្រើន និង​ថ្មីៗ​នេះ មាន​ការ​ប្រែប្រួល​ចំនួន​គណបក្ស​នយោបាយ៖ «តាម​ពិត​ទៅ ការ​ចូលរួម​របស់​គណបក្ស​នយោបាយ​ក្នុង​ការ​បោះឆ្នោត​នោះ វា​អាស្រ័យ​ទៅ​តាម​ប្រភេទ​នៃ​ការ​បោះឆ្នោត​ដែរ។ បើ​យើង​ប្រៀបធៀប​ជាមួយ​ការ​បោះឆ្នោត​មុនៗ ចំនួន​ធ្លាក់​ចុះ វា​អាច​ទាក់ទង​ជាមួយ​ស្ថានភាព​របស់​គណបក្ស។ ទី១ គឺ​មាន​គណបក្ស​មួយ​ចំនួន​បាន​ចូល​គ្នា។ ម៉្យាង​ទៀត ការ​ចូលរួម​បោះឆ្នោត​ថ្នាក់​ជាតិ​នេះ វា​ត្រូវ​ចំណាយ​ធំ ទាំង​ធនធាន​មនុស្ស ទាំង​ថវិកា។ នេះ​ជា​ទិដ្ឋភាព​រួម​ដែល​អាច​ធ្វើ​ឲ្យ​ចំនួន​ធ្លាក់​ចុះ​ដែរ»

លោក ខឹម វាសនា ប្រធាន​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា គណបក្ស​លោក​នឹង​ចូលរួម​ប្រកួត​នៅ​ក្នុង​ការ​បោះឆ្នោត​ខាង​មុខ ហើយ​ចំពោះ​ការ​ចុះ​ថយ​ចំនួន​គណបក្ស​នយោបាយ ក្នុង​ការ​ចូលរួម​ការ​បោះឆ្នោត​នោះ វា​ជា​រឿង​ធម្មតា​ទៅ​តាម​ក្រិត្យក្រម​ធម្មជាតិ ប៉ុន្តែ​ចំណុច​ដែល​គណបក្ស​នយោបាយ​មាន​ការ​ព្រួយ​បារម្ភ​នោះ គឺ​បរិយាកាស និង​ឯករាជ្យ​ភាព​របស់ គ.ជ.ប នោះ​ទៅ​វិញ​ទេ៖ «លក្ខខណ្ឌ​ដែល គ.ជ.ប ដាក់​មក ខ្ញុំ​ត្រួត​ពិនិត្យ​មើល​ទៅ មិន​មាន​អី​ជា​ការ​លំបាក​ផង។ ការ​លំបាក​នោះ គឺ​ក្រោយ​ពេល​យើង​ចុះ​ឈ្មោះ​ហើយ តើ​បរិយាកាស​នយោបាយ​នោះ​វា​អព្យាក្រឹត្យ វា​សេរី យុត្តិធម៌ តើ គ.ជ.ប នោះ វា​មាន​ភាព​លំអៀង​ឬ​អត់? ចំពោះ​លក្ខខណ្ឌ​នៃ​ការ​ចុះ​ឈ្មោះ​របស់ គ.ជ.ប នោះ មិន​ឃើញ​វា​ធ្វើ​ឲ្យ​មាន​ការ​ថយ​ចុះ​ចំនួន​គណបក្ស​ឡើយ»

នៅ​ក្នុង​ការ​បោះឆ្នោត​រើស​តំណាង​រាស្ត្រ​អាណត្តិ​ទី៥ នេះ គណបក្ស​ប្រឆាំង​ធំ​២ នៅ​កម្ពុជា គឺ​គណបក្ស សម រង្ស៊ី និង​គណបក្ស សិទ្ធិ​មនុស្ស បាន​សម្រេច​រួម​គ្នា​បង្កើត​គណបក្ស​នយោបាយ​មួយ​ឈ្មោះ គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ប្រមូល​សំឡេង​គាំទ្រ​ឲ្យ​បាន​ច្រើន ប្រកួត​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​កាន់​អំណាច​រដ្ឋាភិបាល។

ចំនួន​គណបក្ស​នយោបាយ​ដែល​ចូលរួម​បោះឆ្នោត​រើស​តំណាង​រាស្ត្រ គិត​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៨ មក មាន​ការ​ចុះ​ថយ​ជា​លំដាប់។ នៅ​ក្នុង​ឆ្នាំ​១៩៩៣ មាន​គណបក្ស​នយោបាយ​ចំនួន​២០ ចូលរួម។ មក​ដល់​១៩៩៨ មាន​គណបក្ស​នយោបាយ​ចំនួន​៣៩ ចូលរួម។ នៅ​ឆ្នាំ​២០០៣ មាន​គណបក្ស​នយោបាយ​ចំនួន​២៣ ចូលរួម និង​ឆ្នាំ​២០០៨ មាន​គណបក្ស​នយោបាយ​ចំនួន​១១ ចូលរួម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។