សមយុទ្ធ​បាញ់​គ្រាប់​ពិត​នៅ​កំពង់ស្ពឺ

ក្រសួង​ការពារ​ជាតិ នៅ​ថ្ងៃ​ទី​២ ខែ​មេសា បាន​បិទ​សមយុទ្ធ​បាញ់​គ្រាប់​ពិត​សាកល្បង​រយៈពេល ៤​ថ្ងៃ​កន្លង​មក​នេះ នៅ​ឯ​បន្ទាយ​រថក្រោះ អាសេអូ (ACO) នៅ​ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ។ នៅ​ក្នុង​ឱកាស​នោះ​មាន​កង​កម្លាំង​នៃ​កង​យោធពល​ខេមរភូមិន្ទ​កម្ពុជា ចំនួន​ប្រមាណ ១.៥០០​នាក់​បាន​ចូល​រួម​ក្នុង​សមយុទ្ធ។

0:00 / 0:00

រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ លោក​នាយ​ឧត្ដមសេនីយ៍ ទៀ បាញ់ និង​ជា​ឧបនាយករដ្ឋមន្ត្រី បាន​ប្រកាស​ថា ការ​បាញ់​គ្រាប់​ពិត​សាកល្បង​នៃ​កាំភ្លើង​ធុន​ធំ BM-21 និង ១៣០​មម​នោះ គឺ​បាន​បាញ់​ចំ​គោលដៅ ១០០% នៅ​ថ្ងៃ​ទី​២ ខែ​មេសា នៅ​ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ។ នេះ​បាន​បង្ហាញ​ថា កងទ័ព​កម្ពុជា និង​កាំភ្លើង​ធុន​ធំ​នោះ មាន​សមត្ថភាព​គ្រប់គ្រាន់ និង​ប្រសិទ្ធភាព​ក្នុង​ការ​ការពារ​បូរណភាព​ទឹក​ដី​កម្ពុជា។

នៅ​ក្នុង​ការ​ធ្វើ​សមយុទ្ធ​បាញ់​គ្រាប់​ពិត​នោះ គេ​បាន​ដាក់​ពង្រាយ​កាំភ្លើង​ធុន​ធំ BM-21 ឬ​កាំភ្លើង​ប្រតិកម្ម​ចំនួន ១០​គ្រឿង រថក្រោះ​ប្រយុទ្ធ​ចំនួន ១៥​គ្រឿង និង​កាំភ្លើង ១៣០​មម ចំនួន ១០​គ្រឿង​ដែរ។

ក្រៅ​ពី​នេះ ក្រសួង​ការពារ​ជាតិ​ក៏​បាន​បាញ់​គ្រាប់​ពិត​នៃ​កាំភ្លើង ៨០​កាណុង​ដ៏​ទំនើប​មួយ​គ្រឿង ដែល​មាន​សមត្ថភាព​បញ្ជូន​គ្រាប់​ដោយ​ស្វ័យប្រវត្ត តម្រង់​ទិស​ដោយ​ស្វ័យប្រវត្ត និង​បាញ់​ដោយ​ស្វ័យប្រវត្ត ក្រោម​ការ​ត្រួត​ពិនិត្យ​តាម​ប្រព័ន្ធ​កុំព្យូទ័រ (Computer System)។

ប្រភព​ពី​មន្ត្រី​យោធា​បាន​ឲ្យ​ដឹង​ថា គ្រាប់​កាំភ្លើង​ធុន​ធំ​ទាំង​នោះ គឺ​បាញ់​បាន​ចម្ងាយ​រវាង ១៦​គីឡូម៉ែត្រ ទៅ ២០​គីឡូម៉ែត្រ និង​ឆ្ងាយ​ជាង​នេះ​ទៀត​ក៏​មាន។ កាំភ្លើង​ធុន​ធំ BM-21 ឬ​កាំភ្លើង​ប្រតិកម្ម​នោះ គេ​អាច​បាញ់​ម្ដង ១​គ្រាប់ៗ ឬ​បាញ់​ផ្គុំ​គ្នា​ដើម្បី​បំផ្លាញ​បន្ទាយ​យោធា ឬ​បំផ្លាញ​ឃ្លាំង​របស់​ខ្មាំង​សត្រូវ​ជាដើម។

លោក​នាយ​ឧត្ដមសេនីយ៍ ទៀ បាញ់ បាន​មាន​ប្រសាសន៍​ប្រាប់​អ្នក​កាសែត​ក្រោយ​ពី​ការ​បាញ់​គ្រាប់​ពិត​នោះ​ថា យើង​ធ្វើ​នេះ​មិន​មែន​ជា​ការ​គំរាម​ចំពោះ​ប្រទេស​ណា​មួយ​ទេ ប៉ុន្តែ​មាន​សមត្ថភាព​គ្រប់គ្រាន់ ដើម្បី​ការពារ​បូរណភាព​ទឹក​ដី​កម្ពុជា នៅ​គ្រា​ដែល​មាន​ការ​ឈ្លាន​ពាន​ណា​មួយ៖ «នេះ​គឺ​យើង​បកស្រាយ​តែ​រឿង​បច្ចេកវិទ្យា​នៃ​ផ្នែក​អនុភាព​អាវុធ​របស់​យើង​ទេ ដូច្នេះ​យើង​អត់​មាន​បញ្ជាក់​ទៅ​វែង​ឆ្ងាយ​រឿង​ហ្នឹង រឿង​ហ្នឹង​ផ្លូវ​ច្បាប់ រឿង​តុលាការ គឺ​យើង​អត់​ពាក់ព័ន្ធ​ទៅ​ជាមួយ​ផ្លូវ​ច្បាប់​ទេ គឺ​ភារកិច្ច​របស់​យើង​ហ្នឹង គឺ​បន្ទាប់​ពី​ការ​ហ្វឹកហ្វឺន គឺ​យើង​បញ្ជាក់​អំពី​ប្រសិទ្ធភាព​របស់​វា តាម​បច្ចេកវិទ្យា​ដែល​បាន​ហ្វឹកហ្វឺន​ហ្នឹង​ឲ្យ​បាន​មើល​ឃើញ​ថា ប្រសិទ្ធភាព​របស់​វា​ហ្នឹង គឺ​ឆ្លើយ​តប​តាម​តម្រូវការ​យើង​ចង់​បាន»

សមយុទ្ធ​បាញ់​គ្រាប់​ពិត​នៅ​ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ កាល​ពី​ព្រឹក​ថ្ងៃ​២ មេសា ឆ្នាំ​២០១៣។
សមយុទ្ធ​បាញ់​គ្រាប់​ពិត​នៅ​ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ កាល​ពី​ព្រឹក​ថ្ងៃ​២ មេសា ឆ្នាំ​២០១៣។ (RFA/Sok Serey)

ជាមួយ​គ្នា​នេះ អគ្គបញ្ជាការ​រង​នៃ​កង​យោធពល​ខេមរភូមិន្ទ​កម្ពុជា លោក​ឧត្ដមសេនីយ៍ឯក អ៊ិត សារ៉ាត់ បាន​ប្រកាស​ថា សមយុទ្ធ​បាញ់​គ្រាប់​ពិត BM-21 និង ១៣០​មម នៅ​ពេល​នេះ ទទួល​បាន​ជោគជ័យ ១០០%៖ «ដោយ​បាន​ការ​អនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​ពី​សម្ដេច​អគ្គសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ ឲ្យ​កង​យោធពល​ខេមរភូមិន្ទ ចាត់​តាំង​បាញ់​គ្រាប់​ពិត​កាំភ្លើង​ប្រតិកម្ម BM-21និង​កាំភ្លើង ១៣០​មម ព្រម​ទាំង​លំហាត់​វរសេនាតូច​រថក្រោះ រថពាស់ដែក សហការ​ជាមួយ​កង​ចម្រុះ​បាញ់​គ្រាប់​ពិត ថ្ងៃ​នេះ​យើង​បាន​អនុវត្ត​ជាក់ស្ដែង​ប្រកប​ដោយ​ជោគជ័យ និង​ជា​មោទនភាព​យ៉ាង​ក្រៃលែង​សម្រាប់​កង​យោធពល​ខេមរភូមិន្ទ ក្នុង​បុព្វហេតុ​ការពារ​ជាតិ មាតុភូមិ​អង្គរ​បវរ​នៃ​យើង»

សមយុទ្ធ​បាញ់​គ្រាប់​ពិត​នេះ គឺ​ជា​ការ​ពង្រឹង​សមត្ថភាព និង​ប្រសិទ្ធភាព​នៃ​កាំភ្លើង​ធុន​ធំ ព្រម​ទាំង​កង​យោធពល​ខេមរភូមិន្ទ​កម្ពុជា នៅ​មុន​ពេល​ដែល​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) គ្រោង​បកស្រាយ​សាលក្រម​នៃ​សំណុំ​រឿង​ប្រាសាទ​ព្រះវិហារ ឆ្នាំ​១៩៦២ នៅ​ថ្ងៃ​១៩ និង​ថ្ងៃ​២០ ខែ​មេសា ខាង​មុខ​នេះ។

ក្រសួង​ការពារ​កម្ពុជា ធ្លាប់​បាន​បាញ់​គ្រាប់​ពិត​សាកល្បង​រួច​ម្ដង​ហើយ កាល​ពី​ខែ​មេសា ឆ្នាំ​២០១០ កន្លង​ទៅ នៅ​ខេត្ត​កំពង់ឆ្នាំង នៅ​គ្រា​ដែល​កងទ័ព​ថៃ ព្យាយាម​ឈ្លាន​ពាន​ដណ្ដើម​កាន់​កាប់​តំបន់​ប្រាសាទ​ព្រះវិហារ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។