ពលរដ្ឋ​នៅ​កំពង់ឆ្នាំង៖ អាជ្ញាធរ​មិន​ឲ្យ​ស្ដាប់​មន្ត្រី​បក្ស​សង្គ្រោះ​ជាតិ

សមាជិក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ជា​ច្រើន​នាក់ នៅ​ខេត្ត​កំពង់ឆ្នាំង ​ប្រតិកម្ម​ចំពោះ​អាជ្ញាធរ​ភូមិ​ដែល​បាន​ហាម​ឃាត់​មិន​ឲ្យ​ពួក​គេ​ចូល​រួម​ស្ដាប់​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ មក​សំណេះសំណាល​ជាមួយ​សមាជិក​របស់​គណបក្ស​នេះ ព្រម​ទាំង​ដក​ហូត​យក​ខិត្តប័ណ្ណ​ស្ដីពី​គោលនយោបាយ ៧​ចំណុច​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ពី​ពួកគាត់។

0:00 / 0:00

ប្រធាន​ភូមិ​ដំណាក់កី ឃុំ​ជើងគ្រាវ ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង រង​ការ​ចោទ​ប្រកាន់​ពី​សមាជិក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ថា​បាន​គំរាម និង​ហាម​ឃាត់​ពួកគេ​មិន​ឲ្យ​ចូល​រួម​ស្ដាប់​ការ​ផ្សព្វផ្សាយ​ពី​គោលនយោបាយ ៧​ចំណុច​របស់​គណបក្ស​នេះ។

ស្ត្រី​អ្នក​ភូមិ​ឈ្មោះ យិន លី ជា​សកម្មជន​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ភូមិ​ដំណាក់កី។ គាត់​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែ​ឧសភា ថា មេភូមិ​ដំណាក់កី ឈ្មោះ កុយ បាន​មក​ដល់​គេហដ្ឋាន និង​បាន​ហាម​ឃាត់​គាត់​មិន​ឲ្យ​ចូល​រួម​ស្ដាប់​ការ​ចុះ​មក​សំណេះសំណាល និង​ផ្សព្វផ្សាយ​ពី​គោលនយោបាយ​របស់​គណបក្ស​ដែល​រៀបចំ​ឡើង​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ ប្រចាំ​ខេត្ត​កំពង់ឆ្នាំង នោះ​ទេ។

ស្ត្រី​រូប​នេះ​បន្ត​ថា ការ​ហាម​ឃាត់​របស់​អាជ្ញាធរ​ភូមិ ធ្វើ​ឲ្យ​សមាជិក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ជា​ច្រើន​នាក់​ក្នុង​ភូមិ​នេះ​មាន​ការ​ភ័យ​ខ្លាច មាន​អ្នក​ខ្លះ​មិន​ហ៊ាន​ទៅ​ចូល​រួម​កម្មវិធី​សំណេះសំណាល​នេះ​ឡើយ៖ «បាន​ជា​គាត់​ធ្វើ​អ៊ីចឹង និយាយ​រួម​គឺ​គាត់​អត់​ចង់​ឲ្យ​មាន​គណបក្ស​ណា​នៅ​ក្នុង​ភូមិ​នេះ​ក្រៅ​ពី​គណបក្ស​ប្រជាជន​កម្ពុជា នោះ​ទេ ហើយ​អ្នក​ភូមិ​ខ្ញុំ​អត់​ហ៊ាន​ទៅ​ចូល​រួម​ប្រជុំ​ព្រឹកមិញ​នេះ គឺ​ដោយសារ​ខ្លាច​គេ។ ចំណែក​ខ្ញុំ ខ្ញុំ​គិត​ថា បើ​គ្រាន់​តែ​ទៅ​ប្រជុំ​ហើយ​ត្រឡប់​មក​វិញ គេ​ចាប់​ដាក់​គុក​ក៏​ចាប់​ទៅ​ចុះ...»

មេ​ភូមិ​ដំណាក់កី ឈ្មោះ កុយ ទទួល​ស្គាល់​ថា លោក​ពិត​ជា​បាន​ហាមឃាត់ និង​ដក​ហូត​ខិត្តប័ណ្ណ​ពី​ប្រជាពលរដ្ឋ​ក្នុង​ភូមិ​លោក​ខ្លះ​មែន។ ដោយ​លោក​បញ្ជាក់​ថា ការ​ចុះ​សំណេះសំណាល​នេះ ពុំ​មាន​សុំ​ការ​អនុញ្ញាត​ពី​អាជ្ញាធរ​ដែន​ដី។

មេ​ភូមិ​រូប​នេះ​បន្ត​ថា ចំពោះ​ការ​ដក​យក​ខិត្តប័ណ្ណ​នោះ​គឺ​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រព្រឹត្ត​ខុស​ច្បាប់​បោះ​ឆ្នោត។ ពោល​គឺ​គណបក្ស​នេះ​បាន​ដើរ​ចែក​ខិត្តប័ណ្ណ​មុន​ដំណាក់កាល​ឃោសនា​បោះ​ឆ្នោត៖ «បើ​សិន​ជា​មាន​ការ​អនុញ្ញាត​ពី​មេ​ឃុំ ឬ​ពី​ថ្នាក់​លើ​នោះ ខ្ញុំ​ក៏​មិន​ដក​ហូត​ពី​ពួកគាត់​អ៊ីចឹង​ទេ។នេះ​គេ​ធ្វើ​ដោយ​មិន​មាន​ការ​អនុញ្ញាត​ហើយ ខ្ញុំ​មិន​ដែល​ស្គាល់​គណបក្ស​សង្គ្រោះ​ជាតិ​អី​នោះ​ដែរ។ ខ្ញុំ​ធ្លាប់​តែ​ស្គាល់​គណបក្ស​សិទ្ធិ​មនុស្ស និង​គណបក្ស សម រង្ស៊ី ដល់​ខ្ញុំ​អត់​ស្គាល់ ខ្ញុំ​ក៏​ហាម​មិន​ឲ្យ​អ្នក​ភូមិ​ចូល​រួម​ប្រជុំ​ដែរ...»

ប៉ុន្តែ​ជំទប់​ទី​២ ឃុំ​ជើងគ្រាវ មក​ពី​គណបក្ស​ប្រឆាំង អ្នកស្រី ទឹម ស៊ីឡាត់ មាន​ប្រសាសន៍​ថា កន្លង​ទៅ​ការ​ជួប​សំណេះសំណាល​របស់​មន្ត្រី​គណបក្ស​កាន់​អំណាច ពុំ​ដែល​មាន​ការ​ហាមឃាត់ និង​បំភិតបំភ័យ​អ្វី​ទេ។

អ្នកស្រី​ថា គណបក្ស​ប្រឆាំង​ចូល​រួម​ការ​បោះ​ឆ្នោត​ក្នុង​បរិយាកាស​ខ្វះ​ភាព​យុត្តិធម៌៖ «ខ្ញុំ​បាន​ដើរ​ចែក​ខិត្តប័ណ្ណ​តាម​ភូមិ​ចំនួន ៥ ឲ្យ​សមាជិក​បក្ស តែ​មេភូមិ​ដំណាក់កី គាត់​បែរ​ជា​ប្រមូល​ខិត្តប័ណ្ណ ហើយ​ហាម​មិន​ឲ្យ​សមាជិក​បក្ស​ខ្ញុំ​ចូល​រួម​ស្ដាប់​ឯកឧត្ដម គី វណ្ណារ៉ា ចុះ​មក​សំណេះ​សំណាល​ជាមួយ​សមាជិក​គណបក្ស​ទៀត​ដូច​ជា​មិន​ត្រឹមត្រូវ​សោះ...»

ទាក់ទង​ចំពោះ​បញ្ហា​នេះ នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា ហៅ​កាត់​ថា និចហ្វិក (NICFEC) បណ្ឌិត ហង្ស ពុទ្ធា មាន​ប្រសាសន៍​ថា គណបក្ស​នយោបាយ​នៅ​កម្ពុជា មិន​ថា​គណបក្ស​កាន់​អំណាច ឬ​គណបក្ស​ប្រឆាំង សុទ្ធតែ​បាន​រំលោភ​ច្បាប់​បោះ​ឆ្នោត​ដូច​គ្នា ដោយ​បាន​នាំ​គ្នា​ធ្វើ​ការ​ឃោសនា​មុន​ដំណាក់កាល​ដែល​ច្បាប់​អនុញ្ញាត។

ចំពោះ​ការ​ចែក​ខិត្តប័ណ្ណ​គោលនយោបាយ​គណបក្ស​វិញ ប្រសិន​បើ​ចែក​ក្នុង​រង្វង់​សមាជិក​គណបក្ស​នោះ គឺ​ពុំ​មាន​ការ​ខុស​ច្បាប់​ឡើយ។ យ៉ាង​នេះ​ក្ដី លោក​ថា ការ​គំរាម​កំហែង ឬ​ការ​ហាមឃាត់​របស់​អាជ្ញាធរ​ភូមិ​មិន​ឲ្យ​សមាជិក​គណបក្ស​ណា​មួយ​ទៅ​ចូល​រួម​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​មន្ត្រី​ថ្នាក់​លើ​របស់​គណបក្ស​នោះ គឺ​ជា​សកម្មភាព​ខុស​ច្បាប់​ហើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។